Breaking៖ ទីបំផុតចន្លោះប្រហោងនៃការវិភាគរក «ប្រភពដើមទឹកលើផែនដី» ត្រូវបានបំពេញ! (លទ្ធផលសិក្សាថ្មី) (មានវីដេអូ)
(បរទេស)៖ ផ្កាយទារកមួយដួងដែលស្ថិតនៅម្តុំតារានិករ Orion បានក្លាយជាទីចាប់អារម្មណ៍ខ្លាំង សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ខណៈនៅជុំវិញតារានោះ ត្រូវបានគេរកឃើញថា «មានវត្តមានទឹក» ដែលជាតំរុយដ៏សំខាន់សម្រាប់ការវិភាគអំពី «ប្រភពដើមនៃវត្តមានទឹកលើភពផែនដី» ដែលកន្លងមកមានចន្លោះប្រហោងមួយយ៉ាងធំ ទៅលើទ្រឹស្តីនេះ។ តើក្រុមអ្នកវិទ្យាសាស្ត្រអាចសន្មត់បែបនេះ បានយ៉ាងដូចម្តេច?
ផ្កាយទារកកំពុងស្ថិតនៅក្នុង តំណាក់កាលប្រមូលផ្តុំរូបរាងនោះមានឈ្មោះថា V883 Orionis ស្ថិតនៅចម្ងាយ ១,៣០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ គន្លឹះសំខាន់បំផុតដែលក្រុមតារាវិទូ បានរកឃើញពីតារាក្មេងមួយនេះ ត្រូវបានគេហៅ «Missing Link» ឬ «តំណភ្ជាប់ដែលបានដាច់» ហើយចំណុចនេះ បានក្លាយជាតំរុយសំខាន់សម្រាប់ឲ្យពួកគេ គាំទ្រយ៉ាងពេញលេញទៅ ទ្រឹស្តីអំពីប្រភពដើមនៃ «ទឹក» នៅលើភពផែនដី ដែលកំពុងស្ថិតនៅជាប្រធានបទ ប្រទាញប្រទង់គ្នានៅឡើយនោះ។

តាមរយៈតេឡេស្កូបចាប់រលកសញ្ញាវិទ្យុមានឈ្មោះថា ALMA ក្រុមតារាវិទូបានរកឃើញ វត្តមានទឹកក្នុងទម្រង់ជាឧស្ម័ន (gaseous water) ដែលមានធាតុគីមីផ្សំស្រដៀងនឹង អ្វីដែលគេបានរកឃើញនៅក្នុងផ្កាយដុះកន្ទុយ (comets) នានា ដែលធ្លាប់ហោះមកកៀកភពផែនដីផងដែរ។ នេះជា «ភស្តុតាងដ៏សំខាន់» ដែលបង្ហាញថា ទឹកត្រូវបានបញ្ជូនមកកាន់ភពផែនដីតាំងពីបុរាណ តាមរយៈផ្កាយដុះកន្ទុយនានាមកពីតំបន់ពពកឧស្ម័ន (gas clouds) ទាំងឡាយ ដែលមានអាយុកាលចាស់ជាងព្រះអាទិត្យយើងទៅទៀត។
យោងតាមលទ្ធផលនៃការអង្កេតខាងលើនេះ ក្រុមតារាវិទូបានប្រទះឃើញ «ទឹក» ចល័តពីបណ្តុំពពកឧស្ម័នទៅកាន់បន្ទះឌីស (disks) នៃភពនានាកំពុងចាប់កំណើត (protoplanetary disks) នៅជុំវិញផ្កាយ V883 Orionis នោះ ហើយបន្ទាប់មកទៀត ទឹកត្រូវបានដឹកនាំតាមរយៈផ្កាយដុះកន្ទុយ ទៅកាន់ភពទាំងនោះ។ ប៉ុន្តែ, អ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រអះអាងថាជា «Missing Link» ឬ «តំណភ្ជាប់ដែលបានដាច់ ឬការបាត់ដាន និងតំរុយ» នោះគឺការបញ្ជូនទឹកពីផ្កាយក្មេង ទៅកាន់ផ្កាយដុះកន្ទុយនានា ដែលចំណុចចន្លោះប្រហោងនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់។

នៅទីបំផុត ឈានចូលមកដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នេះ ក្រុមអ្នកវិទ្យាសាស្ត្របានចេញមុខ មកបំពេញចន្លោះប្រហោងខាងលើនេះហើយ។ អ្នកដឹកនាំការស្រាវជ្រាវឈ្មោះ ចន ថូប៊ីន (John J. Tobin) មកពីមន្ទីរអង្កេតរលកវិទ្យុសញ្ញា នៅទីក្រុង Charlottesville រដ្ឋ West Virginia សហរដ្ឋអាមេរិក បានពន្យល់ថា «V883 Orionis គឺជាអ្វីមួយដែលបានបាត់ដានសំខាន់…។ សមាសភាពនៃទឹកនៅក្នុងឌីស គឺស្រដៀងទៅនឹងអ្វីដែលមានក្នុងផ្កាយដុះកន្ទុយ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងផ្ទាល់។ នេះជាការបញ្ជាក់ពីគំនិតដែលថា ទឹកដែលប្រព័ន្ធភពនានាមាននោះ បានកកើតឡើងរាប់ពាន់លានឆ្នាំមុន (មុនព្រះអាទិត្យកកើតទៅទៀត) នៅក្នុងតំបន់អន្តរអវកាស (Interstellar Space) ហើយក្រោយមកទើប ផ្កាយដុះកន្ទុយ និងផែនដីទទួលបានទឹកទាំងនោះ។ ដូច្នេះទ្រឹស្តីនេះពិតជាពេញលេញ និងមិនត្រូវបានផ្លាស់ប្តូរឡើយ»។

តាមដំណើរការខាងលើនេះថា ផ្កាយជាទូទៅចាប់កំណើតនៅក្នុង បណ្តុំពពកធូលី និងឧស្ម័នដ៏ធំសម្បើម ដែលដួលរលំបន្តិចម្តងៗ និងកាន់តែក្តៅគគុកឡើង នៅក្នុងដំណើរការរួមផ្សំគ្នានោះ។ នៅពេលដែលផ្កាយទារក (protostar) មួយកំពុងប្រសូត្រចេញរូបរាងទៅហើយនោះ កម្ទេចធូលី និងឧស្ម័នដែលបន្សល់ទុក ពីការបង្កើតផ្កាយនោះ ក៏ក្លាយទៅជាបន្ទះឌីស (disks) ធូលី និងឧស្ម័នព័ទ្ធជុំវិញផ្កាយនោះ ដោយខ្លះនៅជិតៗក៏បន្តត្រូវផ្កាយស្រូបចូល ដើម្បីបង្កើនមាឌបន្តិចម្តងៗ និងខ្លះទៀតស្ថិតនៅឆ្ងាយ ក៏ប្រមូលផ្តុំក្លាយជាភព ផ្កាយដុះកន្ទុយ និងអាចម៍ផ្កាយជាដើម។ នៅពេលដែលភពមួយត្រូវបានបង្កើតឡើង ទឹកមកពីបន្ទះឌីសនៅជុំវិញភពនោះ (ដែលកំពុងកកក្នុងផ្កាយដុះកន្ទុយរាប់លានដុំ) ក៏ធ្លាក់ស្រោចទៅលើភពនោះតែម្តង។

គួរបញ្ជាក់ថា ដើម្បីបង្កើតរបកគំហើញខាងលើនេះឡើង ក្រុមតារាវិទូបានប្រើប្រាស់ ការអង្កេតរលកវិទ្យុសញ្ញាដោយចានតេឡេស្កូប ៦៦គ្រឿងរបស់ ALMA ស្ថិតនៅលើតំបន់ភ្នំភាគខាងជើងប្រទេសឈីលី។ ពួកគេបានអង្កេតឃើញវត្តមានទឹក នៅក្នុងបន្ទះឌីសធូលី និងឧស្ម័នជុំវិញផ្កាយក្មេង V883 Orionis ដែលបរិមាណទឹកទាំងនោះ អាចស្មើនឹង ១,២០០ដង នៃទឹកសមុទ្រទាំងអស់លើភពផែនដី។ ឥឡូវនេះចន្លោះប្រហោងនៃការគាំទ្រទ្រឹស្តី ដែលវិភាគអំពីប្រភពដើមនៃវត្តមានទឹក លើផ្ទៃភពនានានោះ ត្រូវបានបំពេញទាំងស្រុងហើយ។ ក្រុមតារាវិទូនឹងអង្កេតប្រព័ន្ធនេះបន្ថែមទៀត ដោយប្រើប្រាស់តេឡេស្កូប Extremely Large Telescope (ELT) របស់អង្គការអឺរ៉ុប ESO ដែលនឹងត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៨៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science (ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣)
