នេះជាកាឡាក់ស៊ីភ្នែកខ្មៅ (Black Eye) ឬ Evil Eye Galaxy ថតដោយ Hubble (មានរូបភាព)
(បរទេស)៖ ជារហស្សនាមដែលត្រូវដាក់ឲ្យកាឡាក់ស៊ីមួយ ស្ថិតនៅចម្ងាយ ១៧លានឆ្នាំពន្លឺពីភពផែនដី។ រូបភាពស្អាតប្លែកនៃកាឡាក់ស៊ី NGC 4826 មួយនេះត្រូវបានផ្តិតយកដោយ តេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA។

វាត្រូវបានដាក់រហស្សនាមឲ្យថា Black Eye ឬ Evil Eye ព្រោះតែទិដ្ឋភាពជាក់ស្តែងគេឃើញមានវត្តមានបណ្តុំពពកធូលី និងឧស្ម័នមានពណ៌ខ្មៅងងឹត នៅត្រង់ផ្នែកម្ខាងនៃចំណុចកណ្តាលដ៏ភ្លឺចិញ្ចាចរបស់ NGC 4826 នោះ។
ភាពចម្លែកមួយរបស់កាឡាក់ស៊ី NGC 4826 គឺរង្វង់ពពកធូលី និងឧស្ម័នដែលស្ថិតនៅតំបន់ក្រៅ (Outer) របស់វា វិលជុំវិញចំណុចកណ្តាលកាឡាក់ស៊ី នៅក្នុងទិសដៅបញ្ច្រាសជាមួយតំបន់វង្វង់ពពកធូលី និងឧស្ម័ននៅតំបន់ក្នុង (Inner)។

ប្រការនេះត្រូវបានគេសន្និដ្ឋានថា អាចបណ្តាលមកពី NGC 4826 ជាកាឡាក់ស៊ីដែលធ្លាប់កើតមានបាតុភូតរួមបញ្ចូលគ្នា (merging) នៃកាឡាក់ស៊ីចំនួន ២។ កាឡាក់ស៊ីនេះត្រូវបានអង្កេតរកឃើញដំបូងដោយ តារាវិទូអង់គ្លេសឈ្មោះ Edward Pigott កាលពីឆ្នាំ១៧៧៩៕
ប្រែសម្រួល៖ Cambo Space , ប្រភព និង Image Credit៖ NASA/ESA
