ពពកចម្លែករាងដូច UFO បង្ហាញវត្តមានលើតំបន់ភ្នំភ្លើងរដ្ឋ Hawaii របស់អាមេរិក (មានរូបភាព+វីដេអូ)
(បរទេស)៖ ក្រុមអ្នកតាមដានបានប្រទះឃើញ ពពកដែលមានរូបរាងស្រដៀងនឹង UFO (ពាក្យកាត់របស់ Unidentified Flying Object ឬ វត្ថុហោះហើរមិនត្រូវបានកំណត់អត្តសញ្ញាណ) នៅផ្ទៃមេឃពីលើតំបន់ភ្នំភ្លើង ម៉ណា គា (Mauna Kea) និង ម៉ណា ឡូអា (Mauna Loa) នៃរដ្ឋហាវ៉ៃ (Hawaii) សហរដ្ឋអាមេរិក ដែលស្ថិតនៅកណ្តាលមហាសាគរប៉ាស៊ីហ្វិកនោះ។
រូបថតទាំងនោះត្រូវបានថតកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ពីចំណុចអង្កេតទិដ្ឋភាពនៃមន្ទីរអង្កេតតារា ខិកក៍ (Keck Observatory) ដែលមានទីតាំងនៅជិតកំពូលភ្នំភ្លើង Mauna Kea ក្នុងរដ្ឋ Hawaii។ រូបថតនេះបង្ហាញឲ្យយើងឃើញនូវ បណ្តុំពពកបែបជារង្វង់កួចរាងពងក្រពើ (ភាសាបរទេសហៅថា lenticular clouds) ដែលជាធម្មតាត្រូវបានបង្កើតឡើងនៅពីលើតំបន់ខ្ពង់រាប ឬកំពូលភ្នំ ខណៈដែលខ្យល់បានបក់បោកនៅជុំវិញទីខ្ពង់រាប ឬភ្នំខ្ពស់ៗទាំងនោះ។

ក្រុមអ្នកតាមដាននៃមន្ទីរ Keck បានបង្ហោះសារ និងរូបភាពលើគណនី Twitter របស់ខ្លួនយ៉ាងដូច្នេះថា «យើងបានរកឃើញ UFOs មួយចំនួននៅថ្ងៃនេះ! ឬផ្ទុយទៅវិញ វាអាចជាបងប្អូនភ្លោះរបស់ពួកគេផងក៏ថាបាន (ការនិយាយបែបកំប្លែង)។ ចូរពិនិត្យមើលរូបថតដ៏គួរឱ្យភ្ញាក់ផ្អើលទាំងនេះ! ក្រុមការងារ Keck មួយចំនួនបានថតពពករាងពងក្រពើ ដែលរសាត់មកក្បែរភ្នំ Mauna kea និង Mauna Loa។ តើអ្នកបានឃើញវាដែរទេ?»។

គួរបញ្ជាក់ថា ពពក ឡង់ទិគូឡា (lenticular clouds) តែងតែកកើតឡើងនៅក្នុងស្រទាប់ទី១ (troposphere) នៃបរិយាកាសផែនដី នៅក្នុងរយៈកម្ពស់ចាប់ពី ៦-១២គីឡូម៉ែត្រពីផ្ទៃដី ដោយស្របទៅនឹងទិសខ្យល់បក់ ហេតុដូច្នេះទើបវាអាចប្រមូលផ្តុំចេញជារូបរាងដូចក្នុងរូបភាពនេះ។ ពពកប្រភេទនេះ ត្រូវបានគេសង្កេតឃើញភាគច្រើន នៅភាគខាងលិចសហរដ្ឋអាមេរិក ដែលសំបូរទៅដោយភ្នំថ្ម ប៉ុន្តែការប្រទះឃើញពីលើរដ្ឋ Hawaii បែបនេះ គឺជារឿងកម្រ។

ដោយឡែកកន្លងមកនេះ ក៏មានការភាន់ច្រលំ ឬបំផុសថា ពពកទាំងនោះជា UFO ផងដែរ ព្រោះតែពេលខ្លះការកកើតរូបរាងរបស់ពពក lenticular ទាំងនោះ គឺមានភាពប្រណិតដូចនឹងរូបភាពរបស់ UFO ឬថាសហោះរបស់ Alien ដែលត្រូវបានផ្សព្វផ្សាយអស់រាប់ទសវត្សរ៍មកហើយនោះឯង។ ពពកដូចក្នុងរូបខាងលើនេះ បានកកើតឡើងនៅជិតភ្នំ Mauna Loa និង Mauna Kea ដែលស្ថិតនៅកម្ពស់ជិត ៤គីឡូម៉ែត្រ ដោយសារតែចរន្តខ្យល់បក់បោក នៅតំបន់ជុំវិញភ្នំទាំងពីរនេះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣)