ចិននៅតែសង្ឃឹមថា Zhurong អាចដឹងខ្លួនឡើងវិញនៅលើភពអង្គារ…

2,041

(ម៉ាកាវ)៖ ក្រោយពីមានការចេញផ្សាយព័ត៌មានយ៉ាងព្រោងព្រាត និងរូបភាពចុងក្រោយពីអង្គការ NASA កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានបង្ហាញយ៉ាងច្បាស់ថា រ៉ូបូតស្រាវជ្រាវ ជូយ៉ុង (Zhurong) នៃបេសកកម្ម ធានវិន១ (Tianwen-1) របស់ចិនលើភពអង្គារ បានជាប់គាំងតាំងតែពីខែឧសភា ឬខែកញ្ញា ឆ្នាំ២០២២ មកនោះ អង្គការអវកាសចិននៅមិនទាន់ចេញមុខ បកស្រាយអំពីរឿងនេះនៅឡើយទេ។

(រូបភាពពី MRO របស់ NASA)

រ៉ូបូត Zhurong បានចុះទៅដល់តំបន់ Utopia Planitia នៃអឌ្ឍគោលខាងជើង ភពអង្គារតាមរយៈជើងទម្រ (Lander) នៃបេសកកម្ម Tianwen-1 កាលពីខែឧសភា ឆ្នាំ២០២១។ Zhurong ត្រូវបានបញ្ជាឲ្យដាក់ខ្លួនឯងនៅក្នុងមុខងារការពារសុវត្ថិភាព (hibernation mode) កាលពីខែឧសភា ឆ្នាំ២០២២ ដើម្បីទប់ទល់នឹងរដូវរងានៅតំបន់នេះ។ ដើមឡើយ Zhurong ត្រូវងើបឡើងវិញដោយខ្លួនឯង នៅខែធ្នូ ឆ្នាំ២០២២ ក្រោយសីតុណ្ហភាពត្រជាក់លើភពអង្គារធូរស្រាលវិញ ប៉ុន្តែវាមិនអាចនោះឡើយ។

ជុំវិញបញ្ហានេះលោក Yi Xu សាស្ត្រាចារ្យនៅឯវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសទីក្រុង ម៉ាកាវ (Macau) ប្រទេសចិន បានប្រាប់សារព័ត៌មាន VICE World News ថា «ក្តីសង្ឃឹមនៅតែមានសម្រាប់ Zhurong។ រូបភាពពី MRO (ផ្កាយរណបអង្គការ NASA នៅជុំវិញភពអង្គារ) បង្ហាញថា វា (Zhurong) កំពុងគ្របដណ្តប់ដោយខ្សាច់ និងធូលី, ដូច្នេះវាពិតជាកំពុងរារាំងរ៉ូបូតនេះ មិនឲ្យមានសមត្ថភាពបំលែងថាមពលពន្លឺព្រះអាទិត្យ ទៅជាថាមពលអគ្គិសនីបានឡើយ»។

ចិននៅតែសង្ឃឹមថា Zhurong អាចដឹងខ្លួនឡើងវិញនៅលើភពអង្គារ…
យាន Zhurong និងជើងទម្រ Tianwen-1 (រូបភាពពី CNSA)

លោក Xu បានប្រាប់គ្រប់គ្នាឲ្យរងចាំដល់រដូវក្តៅសិន (summer អាចមានកម្តៅដល់ ២០អង្សាសេនៅលើភពអង្គារ) ព្រោះឥលូវនេះភពអង្គារនៅស្ថិតក្នុងរដូវត្រជាក់នៅឡើយ ហើយពេលរដូវក្តៅមកដល់ ទើប Zhurong អាចស្រូបយកថាមពលគ្រប់គ្រាន់។

គួរបញ្ជាក់ថា រ៉ូបូត Spirit របស់អង្គការ NASA លើភពអង្គារ ក៏បានរំដោះខ្លួនឯងចេញពីធូលីមរណៈផងដែរ កាលពីឆ្នាំ២០០៥ ដោយសារតែព្យុះធូលីភពអង្គារបានបោកបក់ចំវា និងសម្អាតកម្ទេចដីចេញពីបន្ទះសូឡាស្រូបថាមពលព្រះអាទិត្យ។ ហេតុដូច្នេះ Zhurong ក៏នឹងអាចជាជួបភាពអស្ចារ្យនេះដូចគ្នា ហើយក្តីសង្ឃឹមនៃការដាស់រ៉ូបូតនេះឡើងវិញក៏នៅតែមាន៕ ទស្សនាវីដេអូខាងក្រោមដែលផ្កាយរណប NASA ថតបានយាន Zhurong គាំង៖

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE / VICE World News (ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣)

480×240 Banner