(១៨ មីនា ១៩៨០)៖ រ៉ុក្កែតសម្ងាត់សូវៀតផ្ទុះ និងផ្តាច់ជីវិតមនុស្ស ៤៨នាក់ (មានវីដេអូ)
(ម៉ូស្គូ)៖ រ៉ុក្កែត Vostok-2M របស់អតីតសហភាពសូវៀត ដែលបានគ្រោងដឹក ផ្កាយរណបស៊ើបការណ៍សម្ងាត់មួយគ្រឿងឈ្មោះ Tselina-D របស់យោធាទៅកាន់ទីអវកាសនោះ បានផ្ទុះឆេះនៅឯមូលដ្ឋានបាញ់បង្ហោះដ៏សម្ងាត់មួយឈ្មោះ Plesetsk Cosmodrome ស្ថិតនៅរាប់រយគីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីម៉ូស្គូ (Moscow)។
ហេតុការណ៍ផ្ទុះនោះបានកើតឡើងនៅពេលក្រុមជំនាញយោធា កំពុងតែបំពេញការងារដើម្បីត្រៀមដុតបញ្ឆេះរុក្កែតខាងលើនេះ ឲ្យហោះឡើងទៅកាន់ទីអវកាសនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨០ ហើយជាលទ្ធផលមនុស្សសរុប ៤៨នាក់បានស្លាប់។ ខណៈពេលដំបូងៗអាជ្ញាធរបានអះអាងថា ជាកំហុសរបស់មនុស្ស (មិនមែនបច្ចេកទេស) ប៉ុន្តែក្រោយការស៊ើបអង្កេតអស់មួយរយៈមកទើបគេបានរកឃើញថា កំហុសកើតចេញពីការច្នៃរ៉ុក្កែតខុសបច្ចេកទេស។

គួរបញ្ជាក់ថា សូវៀតមិនដែលទទួលស្គាល់អំពីវត្តមាន មូលដ្ឋានបាញ់បង្ហោះរ៉ុក្កែតសម្ងាត់ Plesetsk Cosmodrome នោះឡើយ បើទោះជាមានករណីផ្ទុះខាងលើនេះកើតឡើងក៏ដោយ។ តែក្រោយហេតុការណ៍នោះកើតឡើងបានរយៈពេល ៣ឆ្នាំ ទើបការពិតត្រូវបានទម្លាយចេញ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣)