James Webb ឆ្លុះមើលភពឧស្ម័នយក្សមួយ ដែលចម្លែកខុសគេខុសឯង (មានវីដេអូ)
(បរទេស)៖ ភពឧស្ម័នយក្សទាំងឡាយនៅក្នុងកាឡាក់ស៊ី Milky Way អាចខុសប្លែកពីភពឧស្ម័នយក្ស នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ហើយពេលនេះតេឡេស្កូបអវកាស James Webb បានឆ្លុះមើលភពឧស្ម័នយក្សក្តៅ (Gas Giant ឬ Hot Jupiter) មួយទៀតស្ថិតនៅចម្ងាយ ២៥០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដែលកាន់តែចម្លែក ឬមិនធ្លាប់ត្រូវបានជួបប្រទះសោះតែម្តង។

ភពខាងលើនេះមានឈ្មោះសម្គាល់ថា HD149026b ឬយើងអាចហៅវាមួយបែបទៀតថា ស្មឺរទ្រីយ៉ូស (Smertrios)។ ខណៈភពឧស្ម័នយក្សភាគច្រើន តែងសំបូរទៅដោយសមាសធាតុ អ៊ីដ្រូសែន (hydrogen) និង អេល្យូម (Helium) នៅក្នុងបរិយាកាសនោះ ភព Smertrios វិញ មានពោពេញទៅដោយ កាបូន (Carbon) និង អុកស៊ីហ្សែន (Oxygen) ប្រកបដោយកំហាប់ខ្ពស់ នៅក្នុងបរិយាកាសរបស់វាទៅវិញ។
សម្រាប់ចំណុចដែលក្រុមអ្នកវិទ្យាសាស្ត្រនឹកស្មានមិនដល់នោះ គឺភព Smertrios ហាក់មានភាពផ្ទុយស្រទះពីភព ភពព្រហស្បតិ៍ (Jupiter), សៅរ៍ (Saturn), អ៊ុយរ៉ានុស (Uranus) និង ណិបទូន (Neptune) ដែលសុទ្ធសឹងជាភពឧស្ម័នយក្សនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ហើយភពទាំង ៤ នេះសុទ្ធតែមានការជាប់ទាក់ទង ឬសមាមាត្រគ្នាយ៉ាងច្បាស់លាស់រវាង ម៉ាស (mass) របស់ភពទាំងនេះ ទៅនឹងបរិមាណនៃ សមាសធាតុធ្ងន់ៗ (heavy elements) នៅក្នុងបរិយាកាសរបស់ពួកវា។ ប្រការនេះមានន័យថា ភពកាន់តែមានម៉ាសធ្ងន់ កំហាប់នៃសមាសធាតុក្នុងបរិយាកាសភពទាំងនោះ ក៏កាន់តែស្រាលទៅតាមនោះដែរ។

បើតាមសាស្ត្រាចារ្យ Jacob Bean អ្នកជំនាញផ្នែករូបវិទ្យា និងតារាសាស្ត្រ មកពីសាកលវិទ្យាល័យ Chicago សហរដ្ឋអាមេរិក បានពន្យល់ថា «ក្រុមតារាវិទូបានប្រទះឃើញភាពសំបូរបែបច្រើនមកហើយ ចំពោះបរិយាកាសនៃភពឧស្ម័នយក្សនៅប្រព័ន្ធផ្កាយដទៃ ប៉ុន្តែសម្រាប់សមាសធាតុដែលមាននៅក្នុងបរិយាកាសភព HD149026b គឺប្លែកដាច់ចេញពីគេឯងតែម្តង»។
ភព Smertrios មានម៉ាសស្មើនឹងម៉ាសភពសៅរ៍ (Saturn) ប៉ុន្តែនៅក្នុងបរិយាកាសរបស់វា ពោពេញទៅដោយសមាធាតុផ្សំធ្ងន់ៗ ច្រើនជាងអ្វីដែលមាននៅក្នុងបរិយាកាសភពសៅរ៍ រហូតដល់ទៅ ២៧ដង។ យ៉ាងណាក៏ដោយ ភព HD149026b នេះ ជាជំពូកភព Hot Jupiter ហើយវាគោចរកៀកនឹងផ្កាយមេវាខ្លាំង ដោយមួយឆ្នាំរបស់វាក៏លឿនខ្លាំងណាស់ដែរ ដោយស្មើតែ ៣ថ្ងៃប៉ុណ្ណោះ នៃពេលវេលាលើភពផែនដី ខណៈកម្តៅលើផ្ទៃវាវិញគឺ ១,៤២៥អង្សាសេ (ក្តៅលើសភពសុក្រជាង ៣ដង)។

គួរបញ្ជាក់ថា លទ្ធផលអង្កេតខាងលើនេះ ពិតជាបង្ហាញប្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ឲ្យបានដឹងកាន់តែច្បាស់ថា ភពឧស្ម័នយក្សនានាពិតជាមានភាពខុសប្លែកគ្នា ហើយយើងត្រូវអរគុណទៅដល់សមត្ថភាពរបស់ James Webb ក្នុងការអង្កេតរកឃើញសមាសធាតុផ្សំនៅក្នុងបរិយាកាសភព exoplanet ទាំងនោះ។ យ៉ាងណាក៏ដោយ កត្តាចម្បងដែលជំរុញឲ្យមានភាពសំបូរបែប នៃបរិយាកាសរបស់ភពទាំងនោះ ក៏នៅតែកំពុងស្ថិតក្នុងភាពអាថ៌កំបាំងដដែល ដែលតម្រូវឲ្យក្រុមអ្នកវិទ្យាសាស្ត្រព្យាយាមសិក្សា អំពីប្រធានបទនេះបន្តទៅមុខទៀត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព NASA/ESA/CSA (ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣)
