កុំភ្លេច! ក្នុងខែមេសានេះ ភពសុក្រគឺជាតួឯកលើផ្ទៃមេឃ ខណៈភពពុធ និងផ្កាយកូនមាន់ នឹងចូលមកអមឆាក
(ភ្នំពេញ)៖ ទិដ្ឋភាពពេលរាត្រីសម្រាប់ដើមរហូតដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ នេះ មិនមានភាពស្មុគស្មាញច្រើន ដែលធ្វើឲ្យលោកអ្នកពិបាកតាមដាននោះឡើយ ព្រោះប្អូនស្រីបង្កើតរបស់ភពផែនដី នោះគឺភពសុក្រ (Venus) នឹងបង្ហាញវត្តមានរៀងរាល់ល្ងាចតែម្តង បន្ទាប់ពីព្រះអាទិត្យលិច ហើយនៅពេលមេឃរាងព្រលប់បន្តិចនោះ ទិដ្ឋភាពនឹងកាន់តែភ្លឺច្បាស់។ ប៉ុន្តែមិនមែនវត្តមានភពសុក្រឡើយ ដែលយើងអាចមើលឃើញនោះ។
នៅក្នុងខែមេសានេះភពសុក្រត្រូវបានចាត់ទុកជា «ម្ចាស់ក្សត្រិយ៍នៃស្បៃអន្ធិកា» ប៉ុន្តែកញ្ចុំផ្កាយកូនមាន់ ឬបងប្អូនស្រីទាំង ៧ (The Seven Sisters ឬ the Pleiades star cluster) ក៏នឹងបង្ហាញវត្តមាននៅក្នុងពេលរាត្រីយ៉ាងច្បាស់ផងដែរ។ គ្រប់គ្នាពិតជាស្គាល់ និងងាយស្រួលចំណាំបំផុតចំពោះរូបរាង ព្រមទាំងទីតាំងរបស់ផ្កាយកូនមាន់នោះ។
ចាប់ពីល្ងាចថ្ងៃទី ៤ – ១៣ ខែមេសា ឆ្នាំ២០២៣ ភពសុក្រនឹងបង្ហាញវត្តមានជាប្រចាំ នៅតំបន់ផ្ទៃមេឃភាគខាងលិច ដែលយើងអាចមើលឃើញបានចាប់ពីរយៈពេល ៣០ – ៤៥នាទី ក្រោយព្រះអាទិត្យលិច។ ទោះបីជាស្ថិតនៅចម្ងាយរហូតដល់ទៅជាង ១៥០លានគីឡូម៉ែត្រពីផែនដី តែភពសុក្រនៅតែអាចបង្ហាញពន្លឺភ្លឺខ្លាំងដដែល ព្រោះតែរដូវកាលនេះផ្ទៃមេឃផែនដីមានភាពស្រឡះល្អ ដែលអំណោយផលបំផុតសម្រាប់ក្រុមអ្នកតារាសាស្ត្រសកល។

មិនទាន់ចប់នោះទេ នៅល្ងាចថ្ងៃទី ៨ – ៩ ខែមេសា ឆ្នាំ២០២៣ គឺជាពេលដែលភពសុក្រ (Venus) និងភពពុធ (Mercury) គោចរមកដល់ចំណុចត្រសងគ្នា លើផ្ទៃមេឃភពផែនដី ដែលអាចឲ្យយើងកត់សម្គាល់បាន នៅក្រោយព្រះអាទិត្យលិច និងមេឃងងឹតបន្តិច ហើយភពសុក្របង្ហាញពន្លឺភ្លឺខ្លាំង និងភពពុធរាងខ្សោយ។
អ្វីដែលកាន់តែពិសេសនោះ នៅល្ងាចថ្ងៃទី ៩ – ១០ ខែមេសា ឆ្នាំ២០២៣ កញ្ចុំផ្កាយកូនមាន់ និងភពសុក្រ នឹងមានឱកាសរំកិលមកកៀកគ្នាលើផ្ទៃមេឃភពផែនដី នៅពេលយប់ងងឹតខ្លាំង។ ទិដ្ឋភាពដូចបានរៀបរាប់ទាំងអស់នេះ សុទ្ធតែអាចឲ្យយើងមើលឃើញដោយភ្នែកទទេបាន ហើយបើមានកាមេរ៉ាល្អចាំផ្តិតយករូបភាពទៀតនោះ នឹងកាន់តែប្រសើរបំផុត។ ខាងក្រោមនេះជារូបភាពរបស់វែបសាយ StarWalk ដែលបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗបន្ថែម សម្រាប់ខែមេសា ឆ្នាំ២០២៣នេះ៖

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣)
