Breaking៖ រកឃើញប្រហោងខ្មៅ (Black Hole) ថ្មីៗចំនួន ២ ស្ថិតកៀកយើង និងមានស្ថានភាពស្ទើរមិនគួរឲ្យជឿ!

834

(បរទេស)៖ តាមរយៈការត្រួតពិនិត្យទិន្នន័យពី តេឡេស្កូបអវកាស ហ្គៃយ៉ា (Gaia) របស់អង្គការអវកាសអឺរ៉ុប ESA ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញប្រហោងខ្មៅ (Black Hole) ថ្មីៗចំនួន ២ ទៀត ដែលអាចចាត់ទុកថា ស្ថិតនៅកៀកៗផែនដីយើងបាន ដោយយោងទៅលើភាពធំធេងឥតព្រំដែននៃទីអវកាស។ ដោយសារតែតេឡេស្កូប Gaia ជាអ្នកអង្កេតរកឃើញ ដូច្នេះ Black Hole ថ្មីៗទាំងពីរនេះត្រូវបានដាក់សម្គាល់ឲ្យថា Gaia BH1 និង Gaia BH2 តែម្តង។ ប៉ុន្តែវត្តមាននៃ Black Hole ទាំង គឺជារឿងដែលស្ទើរមិនគួរឲ្យជឿ

Black Hole ទី ១ គឺ Gaia BH1 មានចម្ងាយប្រមាណ ១,៥៦០ឆ្នាំពន្លឺពីភពផែនដី ដោយមានទីតាំងស្ថិតនៅម្តុំតារានិករ Ophiuchus បើមើលទៅលើផ្ទៃមេឃផែនដី និង Black Hole ២ គឺ Gaia BH2 ស្ថិតនៅចម្ងាយ ៣,៨០០ឆ្នាំពន្លឺពីផែនដី ដោយស្ថិតនៅម្តុំតារានិករ Centaurus។ ការបង្ហាញវត្តមាននៅកៀកប្រព័ន្ធព្រះអាទិត្យយើងនោះ គឺជារឿងនឹកស្មានមិនដល់មួយទៅហើយ ប៉ុន្តែបរិស្ថានរបស់ Black Hole ទាំង ២ នេះក៏ចម្លែកខុសពី Black Hole ដែលត្រូវបានរកឃើញពីមុនៗផងដែរ ព្រោះពួកវានិមួយៗសុទ្ធតែមានផ្កាយកំពុងគោចរជុំវិញ ហើយស្ថិតនៅក្នុងគម្លាតយ៉ាងឆ្ងាយពីខ្លួន Black Hole ទាំង ២ ថែមទៀត, នេះបើតាមការអះអាងពីក្រុមតារាវិទូនៃវិទ្យាស្ថាន Harvard-Smithsonian របស់សហរដ្ឋអាមេរិក និង Max-Planck របស់អាល្លឺម៉ង់។

ទីតាំងនៃ Black Hole ថ្មីទាំង ២ ក្នុងកាឡាក់ស៊ី Milky Way (រូបភាពពី ESA)

ក្រុមតារាវិទូបានពន្យល់ទៀតថា សម្រាប់ប្រហោងខ្មៅជាទូទៅ ប្រសិនបើមានតារាជាដៃគូ គោចរជុំវិញពួកវានោះ នឹងត្រូវគេហៅថា ប្រព័ន្ធផ្សាភ្ជាប់គ្នា X-ray binaries ដែលតែងតែជះចេញនូវកាំរស្មីអ៊ិច (X-ray) ប្រកបដោយថាមពលខ្ពស់ និងរលកវិទ្យុផងដែរ។ បាតុភាពទាំងអស់នេះហើយ ដែលធ្វើឲ្យក្រុមតារាវិទូងាយអង្កេតរកប្រហោងខ្មៅទាំងនោះ តាមរយៈការតាមដាននូវសកម្មភាពស្រូបកម្ទេចវត្ថុអវកាសនានា និងការផ្ទុះដែលបញ្ចេញថាមពលដ៏ខ្លាំងអស្ចារ្យ។

តេឡេស្កូបអវកាស Gaia (រូបភាពពី ESA)

ដោយឡែកងាកមកមើល ប្រហោងខ្មៅ Gaia BH1 និង Gaia BH2 នេះ គឺពិតជា Black Hole ដែល «ងងឹតទាំងស្រុង» តែម្តង ហើយតេឡេស្កូបអាចរកឃើញ តាមរយៈវិធីសាស្ត្រតែមួយគត់ នោះគឺទៅលើការអង្កេតរកការជះឥទ្ធិពលនៃទំនាញ (gravitational effect) ដែល Black Hole ទាំង ២ មានទៅលើតារាទាំង ២ ជាដៃគូរបស់ពួកវា។ ការរកឃើញនេះពិតជាមិនធម្មតា និងស្ទើរតែមិនគួរឲ្យជឿ ព្រោះតែតារាជាដៃគូរបស់ពួកវាគោចរនៅឆ្ងាយមែនទែនពី Black Hole ទាំងពីរនេះ។ ក្រុមអ្នកវិទ្យាសាស្ត្រក៏កំពុងចោទជាសំនួរ ចំពោះរបៀបនៃការកកើតប្រហោងខ្មៅទាំង ២ នេះផងដែរ។

Breaking៖ រកឃើញប្រហោងខ្មៅ (Black Hole) ថ្មីៗចំនួន ២ ស្ថិតកៀកយើង និងមានស្ថានភាពស្ទើរមិនគួរឲ្យជឿ!
រូបតំណាង Black Hole មិនសូវសកម្ម (រូបភាពពីបរទេស)

គួរបញ្ជាក់ថា តេឡេស្កូបអវកាស Gaia ក៏មិនមែនធ្វើការងារតែឯងនោះដែរ ដោយដៃគូរបស់ខ្លួនពីរទៀត គឺតេឡេស្កូបឆ្លុះពន្លឺ X-Ray Chandra របស់អង្គការ NASA និងបណ្តាញតេឡេស្កូបរលកវិទ្យុ MeerKAT នៅប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើការអង្កេតបន្ថែមទៅលើ Gaia BH1 និង Gaia BH2 ហើយបានរកឃើញថា គ្មានការជះនូវពន្លឺ ចេញពីប្រហោងខ្មៅទាំង ២ នេះទេ។ ក្រុមអ្នកវិទ្យាសាស្ត្រពិតជាមិនទាន់ដឹងថា មូលហេតុអ្វីទើបប្រហោងខ្មៅទាំង ២ មានស្ថានភាពបែបនេះឡើយ ប៉ុន្តែតារានៅជុំវិញ Black Hole ១ ក្នុងចំណោម ២ នេះ បានជះចេញនូវភាគល្អិតយ៉ាងច្រើនក្នុងទម្រង់ជាខ្យល់របស់ផ្កាយ (Stellar Wind) ខណៈគេមិនឃើញមានពន្លឺនៃរលកសញ្ញាវិទ្យុ ជះចេញពី Black Hole នោះឡើយ ហើយក៏មិនមានភាគល្អិតឆ្លងកាត់មាត់ច្រកនៃពេលវេលា (Event Horizon) របស់វាច្រើននោះដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រត្រូវការពេលវេលា ដើម្បីសិក្សាបន្តទៅមុខទៀត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ESA (ថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣)

480×240 Banner