តើព្យុះព្រះអាទិត្យ (Solar Storm) ពិតជាធ្វើឲ្យផ្ទៃផែនដីកើនកម្តៅ? (មានវីដេអូបកស្រាយ)

3,867

(ភ្នំពេញ)៖ ដោយសារតែមួយរយៈនេះ មានការភ្ញាក់ផ្អើល និងសរសេរព័ត៌មានបែបបំប៉ោងជាច្រើន អំពីឥទ្ធិពលនៃព្យុះព្រះអាទិត្យ មកលើភពផែនដីនោះ ទើប Cambo Space សម្រេចស្រាវជ្រាវ និងចងក្រងអត្ថបទខ្លីមួយនេះឡើង ដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់អំពីការជាប់ទាក់ទងគ្នារវាង ព្យុះព្រះអាទិត្យ (Solar Storm) ដែលកើតចេញពីការជះចេញនូវ អណ្តាតភ្លើង (Flare) ក្នុងកម្រិតខ្ពស់ចេញពី ស្រទាប់ខូរ៉ូណាផ្នែកខាងលើនៃព្រះអាទិត្យ (ជាព្រឹត្តិការណ៍ដែលត្រូវបានគេហៅថា Coronal Mass Ejection ឬ CME) ទៅនឹងការកើនឡើងកម្តៅនៃបរិយាកាសភពផែនដីនោះតែម្តង។

(Video From: Cambo Space Edu’s YouTube Channel)

ជុំវិញសំណួរថា តើព្យុះព្រះអាទិត្យ (Solar Storm) ធ្វើឲ្យផ្ទៃភពផែនដីកើនកម្តៅមែន ឬមួយក៏អត់នោះ, អង្គការ NASA ធ្លាប់បានចងក្រងទិន្នន័យ និងបញ្ជាក់រួចហើយថា «កត្តាទាំង ២ នេះ មិនពាក់ព័ន្ធគ្នាឡើយ»។ ក្រុមអ្នកវិទ្យាសាស្ត្រ NASA ដែលបានធ្វើការសិក្សា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ (Global Climate Change) បានប្រៀបធៀបទិន្នន័យ ដែលត្រូវបានកត់ត្រាចាប់ពីទសវត្សរ៍ ១៨៨០ មកដល់់ទសវត្សរ៍ ២០២០ អំពីកម្រិតនៃការកើនឡើងកម្តៅនៅលើភពផែនដី ធៀបនឹងកម្រិតនៃការជះចេញរបស់ព្យុះព្រះអាទិត្យ ក្នុងអំលុងពេលជាមួយគ្នា។

ព្យុះព្រះអាទិត្យ និងដែនម៉ាញេទិចផែនដី (រូបភាពពី NASA)

ចូរតាមដានតារាងខាងក្រោមនេះ ដែលបង្ហាញអំពីខ្សែក្រាប ២ ដោយមួយខាងលើមានពណ៌ក្រហម និងមួយខាងក្រោមមានពណ៌លឿង។ ក្រាបខ្សែទាំង គឺជាការប្រៀបធៀបរវាងការប្រែប្រួលចុះឡើង របស់ថាមពលកម្តៅនៃធាតុវិទ្យុសកម្មជះពីព្រះអាទិត្យ (Solar Irradiance មានខ្សែពណ៌លឿង) និង ការប្រែប្រួលសីតុណ្ហភាព (កម្តៅ) នៅលើផ្ទៃភពផែនដីផ្ទាល់ (Temperature មានខ្សែពណ៌ក្រហម)

(រូបភាពពី NASA)

បើយើងពិនិត្យក្រាបពណ៌លឿងគឺបង្ហាញថា សកម្មភាពព្រះអាទិត្យមានភាពនឹងនរ លើកលែងតែពេលឈានចូលវដ្ត ១១ឆ្នាំម្តងប៉ុណ្ណោះ ទើបសកម្មភាពព្យុះព្រះអាទិត្យ (Solar Storm) បង្កឡើងដោយការជះចេញនូវ Flare មានភាពកញ្ជ្រោលខ្លាំង ហើយក្នុងនោះនៅអំលុងទសវត្សរ៍ ១៩៥០ គឺជាពេលដែល Solar Flare មានសភាពខ្លាំងក្លាជាងគេបំផុត។ ប៉ុន្តែងាកទៅលើក្រាបពណ៌ក្រហម ដែលបង្ហាញពីការប្រែប្រួលកម្តៅលើផ្ទៃផែនដីវិញ គឺមានកម្រិតកើនឡើងរហូត ជាពិសេសគឺចាប់តាំងពីអំលុងទសវត្សរ៍ ១៩៨០ មកទល់នឹងទសវត្សរ៍ ២០២០ នេះតែម្តង។

យោងតាមអង្គការ NASA ថា បរិមាណថាមពលដែលភពផែនដី ទទួលបានពីព្រះអាទិត្យ ដោយបូករួមទាំងនៅពេលកើតមាន ព្រឹត្តិការណ៍កញ្ជ្រោលអំលុងវដ្តព្រះអាទិត្យ ១១ឆ្នាំម្តងនោះផងដែរ គឺមិនមានការកើនឡើង ឬថយចុះនោះឡើយគិតចាប់តាំងពីទសវត្សរ៍ ១៩៥០។ ប៉ុន្តែក្នុងអំលុងពេលដូចគ្នានេះ ផ្ទៃផែនដីបានកើនឡើងកម្តៅ គួរឲ្យព្រួយបារម្ភជាទីបំផុត «ហើយសម្រាប់កត្តាចម្បងៗ ដែលបាននិងកំពុងបង្កឲ្យមាន ការកើនឡើងកម្តៅសកលនេះ អស់លោកអ្នកនាងពិតជាបានយល់ដឹងរួចទៅហើយ…»

តើព្យុះព្រះអាទិត្យ (Solar Storm) ពិតជាធ្វើឲ្យផ្ទៃផែនដីកើនកម្តៅ? (យល់ដឹង)
ឥទ្ធិពលម៉ាញេទិចផែនដី តទល់នឹងព្យុះភាគល្អិតវិទ្យុសកម្មពីព្រះអាទិត្យ (រូបភាពពីបរទេស)

ដូច្នេះសរុបសេចក្តីមក វាមិនត្រឹមត្រូវទាល់តែសោះដែលថា ព្រះអាទិត្យ ឬព្យុះព្រះអាទិត្យ (Solar Storm) ជាកត្តាដែលបង្កឲ្យភពផែនដីកើនឡើងកម្តៅខ្លាំងឡើងៗ នៅក្នុងរយៈពេលជាងកន្លះសតវត្សរ៍ចុងក្រោយនេះ។ ប៉ុន្តែសកម្មភាពរបស់មនុស្សលោក គិតចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មកើតឡើងនោះហើយ ទើបជាកត្តាចម្បងបំផុតនៃការកើនឡើងកម្តៅផែនដី ក្នុងនោះមានដូចជា ការដុះចំហេះឥន្ធនៈរួមមាន ធ្យូងថ្ម, ប្រេង និងឧស្ម័ននានា ជាដើមដែលធ្វើឲ្យបរិយាកាសផែនដីអាប់អួ ដោយសារកំណើននៃឧស្ម័នពុល ដែលអាចបង្ខាំងទុកកម្តៅកាន់តែច្រើនឡើងៗនៅក្នុងបរិយាកាសផែនដី។

ហេតុដូច្នេះ ទោះបីជាបរិមាណថាមពលកម្តៅពីព្រះអាទិត្យមិនប្រែប្រួល តែសមត្ថភាពទប់កម្តៅរបស់ផែនដីបានថយចុះ ព្រោះទង្វើមនុស្ស, ដូច្នេះកម្តៅលើផ្ទៃផែនដីក៏នៅតែកើនឡើង។ តែបើនិយាយថា មកពីព្រះអាទិត្យកើនកម្តៅ ទើបផែនដីកើនកម្តៅដែរនោះ គឺជាចំណុចដែលមិនត្រឹមត្រូវឡើយ ព្រោះបរិមាណកម្តៅ និងថាមពល ដែលព្រះអាទិត្យបញ្ចេញទៅកាន់ប្រព័ន្ធទាំងមូល រួមទាំងផែនដីមិនប្រែប្រួលនោះទេ ជាងកន្លះសតវត្សរ៍មកនេះ។

(រូបភាពពី NASA)

សំណួរមួយទៀត, តើមនុស្សលើផែនដីគួរត្រៀមខ្លួន ឬការពារខ្លួន ពេលមានព្យុះព្រះអាទិត្យកើតឡើងដែរឬទេ? ក្រុមអ្នកវិទ្យាសាស្ត្របានឆ្លើយតបយ៉ាងខ្លីថា «មិនបាច់ត្រូវមានការត្រៀមខ្លួន ឬព្រួយបារម្ភអ្វីឡើយ» ចំពោះមនុស្សម្នាលើផែនដី នៅពេលមានសេចក្តីរាយការណ៍ អំពីការកើតមានព្យុះព្រះអាទិត្យ ឬសូម្បីតែនៅពេល Solar Storm នោះជះតម្រង់មកផែនដីនោះក៏ដោយ ព្រោះផែនដីមានបរិយាកាសក្រាស់ និងខែលម៉ាញេទិចដ៏ខ្លាំងក្លា ដែលអាចទប់ទល់រលកធាតុវិទ្យុសកម្ម និងកម្តៅទាំងនោះបាន ដោយអាចឲ្យវាត្រឹមបង្កទៅជាពន្លឺ Aurora ដ៏ស្រស់ស្អាតលើប៉ូលផែនដីប៉ុណ្ណោះ ខណៈបណ្តាញផ្គត់ផ្គង់អគ្គិសនី, ប្រព័ន្ធផ្គត់ផ្គង់ Internet និងបណ្តាញទូរគមនាគមន៍ភាគច្រើន ក៏ត្រូវបានតម្លើងគុណភាព (upgrade) ឲ្យអាចទប់ទល់ព្រឹត្តិការណ៍ទាំងនោះរួចមកហើយដែរ។

ដោយឡែកសម្រាប់នៅប្រទេសកម្ពុជាយើង កំលុងខែមីនា មេសា និងឧសភា រាល់ឆ្នាំ គឺជាអំលុងពេលនៃរដូវក្តៅ ហេតុដូច្នេះចូរបងប្អូនរក្សាសុវត្ថិភាពរូបរាងកាយទាំងអស់គ្នា និងចៀសវាងការប៉ះត្រូវផ្ទាល់នឹងកម្តៅថ្ងៃ ក្នុងរយៈពេលយូរ ហើយត្រូវទទួលទានទឹកឲ្យបានយ៉ាងហោចណាស់ ២.៥លីត្រក្នុង១ថ្ងៃសម្រាប់ប្រធានបទថ្មីមួយទៀតនៅពេលឆាប់ៗខាងមុខនេះ គឺយើងនឹងនិយាយអំពី Heat Wave

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/EarthSky.org (ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣)

480×240 Banner