តើ James Webb ឆ្លុះឃើញអ្វីពិសេសខ្លះពីភពអ៊ុយរ៉ានុស? (លម្អិត)

555

(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានបញ្ចេញរូបភាពថ្មីៗ ដែលខ្លួនផ្តិតបានទៅលើប្រព័ន្ធភពអ៊ុយរ៉ានុស (Uranus) ដែលជាភពស្ថិតនៅលេខរៀងទី ៧ បន្ទាប់ពីព្រះអាទិត្យយើង។ តាមរយៈកាមេរ៉ាផ្តិតយកពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) របស់ James Webb គ្រប់គ្នាអាចមើលឃើញទិដ្ឋភាពភពអ៊ុយរ៉ានុស និងព្រះចន្ទធំៗទាំងឡាយរបស់វា ក្នុងលក្ខណៈច្បាស់លាស់ជាងតេឡេស្កូបមុនៗដូចជា Hubble និង Keck Observatory នោះទៅទៀត។

រូបភាពថ្មីរបស់អ៊ុយរ៉ានុសថតដោយ James Webb (រូបភាពពី NASA ESA CSA)

យើងចាំបានថា បេសកកម្មយាន Voyager 2 របស់អង្គការ NASA ធ្លាប់បានហោះឆ្វែល និងផ្តិតរូបភាពភពអ៊ុយរ៉ានុស ព្រមទាំងបានរកឃើញព្រះចន្ទមួយចំនួនទៀត របស់ភពឧស្ម័នយក្សនេះ។ កាលពីអំលុងទសវត្សរ៍ ១៩៨៦ នោះ Voyager 2 ក៏បានផ្តិតយកទិដ្ឋភាពរង្វង់ខ្សែក្រវាត់ដុំថ្ម និងទឹកកក (Rings) ដែលព័ទ្ធជុំវិញភពអ៊ុយរ៉ានុស ជាលើកដំបូង និងបានបង្កឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ភ្ញាក់ផ្អើលខ្លាំងផងដែរ។ ការសម្លឹងមើលដោយកាមេរ៉ា NIRCam របស់ James Webb វិញ យើងអាចឃើញ Rings ជាច្រើនស្រទាប់របស់ Uranus ដែលមើលទៅមានលក្ខណៈស្រអាប់ ហាក់បីដូចជាកំពុងពោពេញដោយធូលី។

Rings របស់អ៊ុយរ៉ានុសថតដោយ Voyager 2 (រូបភាពពី NASA)

ភពអ៊ុយរ៉ានុសត្រូវបានគេស្គាល់ច្បាស់ ចំពោះភាពប្លែកពីគេរបស់វា នោះគឺការគោចរក្នុងទម្រង់ទ្រេតខ្លាំង នៅក្នុងគន្លងជុំវិញព្រះអាទិត្យ ហើយការទ្រេតនោះអាចឈានដល់កម្រិតមុំ ៩៨ដឺក្រេឯណោះ ដោយពេលខ្លះយើងអាចចាត់ទុកថា អ៊ុយរ៉ានុសកំពុងរមៀលជុំវិញព្រះអាទិត្យទៀតផង។ ដោយហេតុនេះហើយ ទើបធ្វើឲ្យអំលុងរយៈពេលមួយឆ្នាំរបស់វា ក្នុងការគោចរបានមួយជុំព្រះអាទិត្យ (ស្មើនឹង ៨៤ឆ្នាំលើផែនដី) ភពនេះកើតមានការផ្លាស់ប្តូររដូវយ៉ាងខ្លាំង ជាពិសេសនៅលើតំបន់ប៉ូល ដែលរយៈពេល ២១ឆ្នាំ (នៃពេលវេលាលើផែនដី) ប៉ូលរបស់វាមួយទទួលពន្លឺព្រះអាទិត្យរហូត ខណៈរបស់វាមួយទៀតងងឹតរហូត។

(រូបភាពពី NASA ESA CSA)

នៅពេល James Webb ផ្តិតរូបភាពនេះ គឺចំពេលនៃរដូវក្តៅ (Summer) លើអឌ្ឍគោលខាងជើង ភពអ៊ុយរ៉ានុស ហើយក៏ជាពេលដែលប៉ូលខាងត្បូង បែរទៅរកភាពងងឹតនៃទីអវកាសផងដែរ ដោយវាពិតជាត្រជាក់ខ្លាំងណាស់ ហើយរដូវក្តៅនៅប៉ូលខាងជើងនេះ នឹងបញ្ចប់នៅឆ្នាំ ២០២៨។ រំលឹកកាលពី Voyager 2 ហោះឆ្វែលភពអ៊ុយរ៉ានុសនោះ គឺចំពេលដែលប៉ូលខាងត្បូងរបស់វា ស្ថិតក្នុងរដូវក្តៅ។

ភពអ៊ុយរ៉ានុស សម្រាំងចេញពីរូបភាពថតដោយ Voyager 2 (រូបភាពពី NASA)

ការផ្តិតរូបភាពដោយ NIRCam របស់ Webb នាំឲ្យយើងមើលឃើញភពអ៊ុយរ៉ានុស និងបរិស្ថានជុំវិញវាមានពណ៌ខៀវស្រាល និងពណ៌ទឹកក្រូច ក្រោយពីការរួមបញ្ចូលទិន្នន័យបានមកពី filter ចំនួន កម្រិតនោះគឺ ១.៤ និង ៣.០ មីក្រុង (microns)។ ការធ្វើបែបនេះ គឺដើម្បីរក្សាទម្រង់ពណ៌ដើមរបស់ភពផង និងដើម្បីយល់ដឹងអំពីបរិយាកាស នៅជុំវិញភព ក៏ដូចជា Ring និងព្រះចន្ទទាំងឡាយរបស់វាងផង។ ងាកទៅកាន់រូបភាពរបស់ Voyager 2 យើងអាចមើលឃើញអ៊ុយរ៉ានុស ដូចនឹងភ្នែកយើងអាចមើលឃើញធម្មតាប៉ុណ្ណោះ ប៉ុន្តែជាមួយជាមួយនឹងរូបភាពបូកបន្ថែមនឹងពន្លឺក្រហមអាំងហ្វ្រារបស់ James Webb ទិន្នន័យផ្នែកវិទ្យាសាស្ត្រជាច្រើនរបស់ភពនេះត្រូវបានបង្ហាញ ជាពិសេសនោះ គឺចរន្តក្នុងពពកបរិយាកាសរបស់ភព ដែលមានព្រះចន្ទសរុបចំនួន ២៧ នេះតែម្តង។

(រូបភាពពី NASA/ESA/CSA)

នៅផ្នែកខាងស្តាំនៃតំបន់បញ្ចេញពន្លឺជាងគេលើផ្ទៃភពអ៊ុយរ៉ានុស គឺជាប៉ូលខាងជើងដែលប្រឈមមុខនឹងពន្លឺព្រះអាទិត្យ និងត្រូវបានគេស្គាល់ថាជា កាតឹបប៉ូល (pole cap)។ កាតឹបប៉ូលនេះជាភាពវិសេសប្លែកគេមួយសម្រាប់អ៊ុយរ៉ានុស ព្រោះវាហាក់ដូចជាលេចឡើងនៅរដូវក្តៅ ហើយបាត់ទៅវិញនៅពេលផុតរដូវក្តៅ។ ដោយឡែកតំបន់ភ្លឺជាងគេលើខ្លួនអ៊ុយរ៉ានុសនោះ (ផ្នែកខាងឆ្វេងនៃប៉ូល) គឺអាចជាព្យុះដែលកំពុងបោកបក់ទើបនាំឲ្យវាបញ្ចេញនូវពន្លឺមានពណ៌ទឹកក្រូច ដែលស្តែងចេញពីភាពកញ្ជ្រោលនៅទីនោះ។ ទិន្នន័យ James Webb ទាំងនេះ នឹងជួយអ្នកវិទ្យាសាស្ត្រឲ្យស្វែងយល់បន្ថែមពីចរន្តបរិយាកាស ដ៏អាថ៌កំបាំងទាំងអស់នេះ។

(រូបភាពពី NASA/ESA/CSA)

គួរបញ្ជាក់ថា អ៊ុយរ៉ានុសក៏ធ្លាប់ត្រូវបានចាត់ទុកថា ភព Ice ដ៏ធំ (Ice Giant) និងត្រជាក់បំផុតផងដែរ ដោយសារតែវត្តមាននៃធាតុគីមីមួយចំនួន ស្ថិតនៅផ្ទៃខាងក្នុងរបស់វា។ ភាគច្រើននៃម៉ាស់របស់អ៊ុយរ៉ានុស ត្រូវបានគេគិតថា ផ្សំឡើងដោយវត្ថុរាវក្តៅ ព្រមទាំងបណ្តុំនៃសារធាតុមេតាន ទឹក និងអាម៉ូញាក់ក្នុងទម្រង់កកជាស្រទាប់ៗស្រោបជុំវិញស្នូលរឹងដ៏តូចមួយ។ បន្ថែមពីនេះ Uranus មាន Ring ចំនួន ១៣រង្វង់ ហើយ ១១ ក្នុងចំណោមនោះ អាចមើលឃើញនៅក្នុងរូបភាពថ្មីរបស់ James Webb នេះ។ ក្នុងចំណោម Ring ទាំងនេះ ខ្លះមានភាពសភាពភ្លឺខ្លាំងជាមួយការផ្តិតយកដោយ NIRCam ហើយមើលទៅយើងអាចច្រលំថា ជា Ring តែមួយដែលព័ទ្ធជុំវិញ Uranus នោះបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA/James Webb (ថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣)

480×240 Banner