ជាបាតុភូតដ៏ចម្លែកដែល Hubble ប្រទះឃើញចៃដន្យ! Supermassive Black Hole ត្រូវបានធាក់ចេញពីកាឡាក់ស៊ី… (មានវីដេអូ)

3,553

(បរទេស)៖ តេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA ទើបតែបានប្រទះឃើញ ប្រហោងខ្មៅ (Black Hole) ចម្លែកថ្មីមួយ ដោយវាហាក់បីដូចជាកំពុងរត់កាត់ទីអវកាសក្នុងល្បឿនយ៉ាងលឿន ហើយមានតារាក្មេងៗជាច្រើនរត់ប្រដេញតាមពីក្រោយ។ ប្រសិនបើលោកអ្នក នឹកមិនឃើញអំពីទិដ្ឋភាពនោះ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការប្រៀបធៀបទិដ្ឋភាព ទាំងមូលទៅនឹងនាវាមួយគ្រឿងដែលកំពុងបើកបរលើផ្ទៃសមុទ្រ ហើយនៅកន្ទុយនាវានោះមាន ដានលើផ្ទៃទឹកដែលវាបានបើកកាត់ បណ្តាក់តាមពីក្រោយយ៉ាងវែងអន្លាយនោះឯង ។

ប៉ុន្តែ, តើកត្តាអ្វីដែលជំរុញឲ្យទិដ្ឋភាពដូចខាងលើនេះកើតឡើង? ជុំវិញសំណួរនេះ ក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា Black Hole ខាងលើនេះ ប្រហែលជាត្រូវបានធាក់ចេញពីកាឡាក់ស៊ីរបស់វា នៅក្នុងព្រឹត្តិការណ៍នៃការរួមបញ្ចូលគ្នារបស់កាឡាក់ស៊ី កាលពី ៥០លានឆ្នាំមុន ហើយក្រោយពីការខ្ទាតចេញនោះ វាក៏ចល័តទៅកាន់ទីអវកាស អមដោយតារាក្មេងៗជាច្រើនស្ថិតពីក្រោយវា ប្រៀបបីដូចកន្ទុយដ៏វែងអន្លាយ ដែលមានប្រវែងរហូតដល់ទៅ ២០០,០០០ឆ្នាំពន្លឺឯណោះ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ឬស្មើនឹងជិត ២ដង នៃប្រវែងអង្កត់ផ្ចិតកាឡាក់ស៊ី Milk Way យើង។

រូបភាព Supermassive Black Hole ដែលខ្ទាតចេញពីកាឡាក់ស៊ី អមដោយកន្ទុយសុទ្ធសឹងជាតារាក្មេងៗ (រូបភាពី NASA/Hubble)

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ ទិដ្ឋភាពអវកាសប្រភេទនេះ គឺជាភាពវិសេសវិសាលបំផុត ដែលពួកគេមិនធ្លាប់បានឃើញពីមុនមកឡើយ ហើយតេឡេស្កូបអវកាស Hubble ក៏បានប្រទះឃើញវាដោយចៃដន្យ និងគួរឲ្យរីករាយបំផុតផងដែរ។ សម្រាប់ Black Hole ចម្លែកខាងលើនេះ មានម៉ាស់ស្មើនឹងព្រះអាទិត្យយើងចំនួន ២០លានដង ហើយតាមរយៈម៉ាស់កម្រិតនេះ លោកអ្នកប្រាកដជាដឹងថា វាជាប្រភេទប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) យ៉ាងពិតប្រាកដ។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺ Black Hole ខាងលើនេះ កំពុងចល័តក្នុងទីអវកាសក្នុងល្បឿនលឿនមែនទែន ឬយើងប្រៀបធៀបបែបនេះវិញថា វាអាចចល័តពីព្រះចន្ទមកកាន់តែផែនដី នៅក្នុងរយៈពេលតែ ១៤នាទីប៉ុណ្ណោះ។ វាប្រៀបបីដូចជាប្រហោងខ្មៅយក្សដ៏តែលតោល ដែលកំពុងរត់យ៉ាងលឿន ហើយបុកទម្លុះបណ្តុំឧស្ម័នអវកាសជាច្រើន ដែលស្ថិតនៅតាមផ្លូវពីមុខវា។ ជាធម្មតា Black Hole តែងតែស្រូបវត្ថុធាតុនានា ចូលទៅបំពេញខ្លួនវាយ៉ាងសន្សឹមៗនៅតាមគន្លងផ្លូវដំណើរ ប៉ុន្តែដោយសារតែអាមួយនេះ វាចល័តលឿនពេកដូច្នេះទើបមិនឱកាស សូម្បីតែស្រូបយកបណ្តុំពពកឧស្ម័នទាំងនោះអស់។

ដោយសារតែការចល័តយ៉ាងលឿននោះនៃ Supermassive Black Hole ខាងលើនេះ វាក៏ក្លាយជាឱកាសឲ្យតារាក្មេងៗពណ៌ខៀវយ៉ាងច្រើនមកប្រមូលម្តុំបណ្តាក់គ្នានៅតាមបណ្តោយកន្ទុយរបស់វា ហើយយើងអាចឃើញយ៉ាងច្បាស់អំពីចុងកន្ទុយដែលចោលទៅរកកាឡាក់ស៊ីដើមរបស់ Supermassive Black Hole នោះវិញ។ នេះបើតាមការអះអាងដោយក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក ហើយពួកគេក៏បានសង្កត់ធ្ងន់ផងដែរថា កន្ទុយរបស់ប្រហោងខ្មៅមហាយក្សនេះ គឺពិតជាភ្លឺខ្លាំងណាស់ ដែលស្មើនឹងកម្រិតពន្លឺពាក់កណ្តាល នៃកាឡាក់ស៊ីដើមរបស់វាទៅហើយ, ដូច្នេះប្រាកដណាស់ វាពិតជាពោពេញដោយផ្កាយក្មេងៗកំពុងកកើតនៅកន្ទុយនោះ ប៉ុន្តែដំណើរការដូចបានរៀបរាប់ទាំងនេះ គឺមិនទាន់មានភាពប្រាកដនៅឡើយទេ។

ជាបាតុភូតដ៏ចម្លែកដែល Hubble ប្រទះឃើញចៃដន្យ! Supermassive Black Hole ត្រូវបានធាក់ចេញពីកាឡាក់ស៊ី…
រូបតំណាង Supermassive Black Hole ដែលខ្ទាតចេញពីកាឡាក់ស៊ី (រូបភាពពី NASA)

សរុបសេចក្តីមក យោងតាមដំណើរការខាងលើនេះ ប្រហោងខ្មៅមហាយក្សអាចកំពុងវិលវល់ជុំវិញគ្នាទៅវិញទៅមកស្រាប់ទៅហើយ នៅចំកណ្តាលកាឡាក់ស៊ីមួយ តែនៅពេលកាឡាក់ស៊ីមួយទៀតមករួមបញ្ចូលនោះ ក៏បាននាំ Supermassive Black Hole ផ្សេងមួយទៀតមកជាមួយដែរ ហើយនៅពេល Supermassive Black Hole ទាំងអស់នេះពើបប្រទះគ្នា ចលនាប្រឆាំងគ្នាក៏កើតឡើង ហើយនៅទីបំផុត Supermassive Black Hole មួយក៏ខ្ទាតចេញពីកាឡាក់ស៊ី ដែលកំពុងរួមបញ្ចូលគ្នាដ៏ចលាចលបំផុតនោះតែម្តង។ យ៉ាងណាក៏ដោយ ដំណើរការដូចបានរៀបរាប់កន្លងមកនេះ គឺត្រូវស្ថិតក្នុងពាក្យ «ប្រហែល» ប៉ុណ្ណោះ ខណៈក្រុមអ្នកវិទ្យាសាស្ត្រត្រូវការតេឡេស្កូប James Webb និង Chandra X-ray ដើម្បីអង្កេតបាតុភូតខាងលើនេះបន្ថែមទៀតនៅថ្ងៃមុខ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣)

480×240 Banner