ចាំបានទេ? នេះជា «រូបថតដំបូងនៃប្រហោងខ្មៅ» ហើយវាកាន់តែច្បាស់ពេលឆ្លងកាត់ AI (មានវីដេអូ)
(បរទេស)៖ បច្ចុប្បន្ននេះការប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិមិត្ត (AI ឬ Artificial Intelligent) ដើម្បីបង្កើតអ្វីៗឲ្យចេញជាទិដ្ឋភាពជាក់ស្តែងតាមការប្រាថ្នាចង់បាននោះ កាន់តែផុសផុលក្នុងគ្រប់ទម្រង់ទាំងអស់ ហើយវិស័យអវកាស និងវិទ្យាសាស្ត្រ ក៏កំពុងទទួលផលប្រយោជន៍ពីកម្មវិធី AI ទាំងនោះផងដែរ។
លោកអ្នកប្រហែលជានៅចងចាំមិនភ្លេចនោះទេ ចំពោះរូបថតប្រហោងខ្មៅដំបូង (First Image of Black Hole) ដែលត្រូវបានបញ្ចេញកាលពីឆ្នាំ ២០១៩ នោះ។ ថ្វីត្បិតតែវា បានបង្ហាញពីភាពអស្ចារ្យមិនធ្លាប់មានពីមុនមក នៃទិដ្ឋភាពប្រហោងខ្មៅក៏ពិតមែន តែស្ថានភាពជារួមរូបភាពនោះ ក៏មិនសូវជាច្បាស់ប៉ុន្មានដែរ ឬអាចថា មានលក្ខណៈស្រអាប់ៗ ព្រោះតែការផ្តិតរូបភាពនៅក្នុងរយៈចម្ងាយឆ្ងាយបែបនេះ គឺពិតជាភាពលំបាក និងត្រូវចំណាយពេលវេលាច្រើន។

ប៉ុន្តែពន្លឺថ្មីនៃការកែច្នៃ បានលេចចេញជារូបរាងហើយ ព្រោះនំដូណាត់ពណ៌ទឹកក្រូចឈ្មោះ M87* នោះ បានប្រែក្លាយជាច្បាស់ និងលម្អិតជាងមុនខ្លាំង តាមរយៈការប្រើប្រាស់កម្មវិធី machine learning មួយ ដែលត្រូវបានក្រុមអ្នកជំនាញបង្វឹកសម្រាប់តែការសិក្សា និងវិភាគលើទិន្នន័យពាក់ព័ន្ធនឹង Black Hole ប៉ុណ្ណោះ តាមរយៈទិន្នន័យពិតរបស់ M87* ដែលត្រូវបានដាក់បញ្ចូលទៅឲ្យកម្មវិធីនោះវិភាគ។

M87* ជាប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ដែលស្ថិតនៅជាបេះដូង នៃកាឡាក់ស៊ី Messier 87 (ឬ M87 នោះឯង) ដែលមានចម្ងាយ ៥៣.៤៩លានឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ ការសម្រិតសម្រាំងបន្ថែមលើរូបភាព M87* តាមរយៈ AI ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា អាចនាំឲ្យពួកគេយល់់ដឹងបន្ថែម អំពីឥរិយាបថរបស់ Black Hole មហាយក្សមួយនេះ ហើយក៏ពង្រីកការយល់ដឹងនេះ មកលើប្រហោងខ្មៅ នៅចំកណ្តាលកាឡាក់ស៊ី Milky Way យើងផងដែរ។

គួរបញ្ជាក់ថា រូបភាពដំបូងរបស់ M87* ដែលមានម៉ាស់ស្មើនឹងម៉ាស់ព្រះអាទិត្យយើង ៦.៥ពាន់លានដងនោះ ត្រូវបានបញ្ចេញកាលពីឆ្នាំ ២០១៩ ក្រោយពីក្រុមការងារគ្រប់គ្រង បណ្តា្តញតេឡេស្កូប Event Horizon Telescope (EHT) ដែលមានវិសាលភាពគ្របដណ្តប់ពាសពេញផែនដី បានចំណាយពេលជាច្រើនថ្ងៃ កាលពីអំលុងឆ្នាំ ២០១៧ ដើម្បីប្រមូលផ្តុំទិន្នន័យសរុប ៥,០០០ T ឬ តេរ៉ាបៃត៍ (terabyte) ដើម្បីបង្កើតចេញជារូបភាព Black Hole ដំបូងមិនធ្លាប់មានមួយសន្លឹកនេះ។ អ្វីដែលកាន់តែពិសេសនោះ ទិដ្ឋភាពពិតរបស់ប្រហោងខ្មៅនេះ គឺដូចទៅនឹងអ្វីដែលបិតារូបវិទ្យា លោក Albert Einstein បានព្យាករណ៍ក្នុងទ្រឹស្តី General Theory of Relativity កាលពីឆ្នាំ១៩១៥ យ៉ាងច្បាស់លាស់តែម្តង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣)
