BREAKING: ទីបំផុតយាន JUICE របស់ ESA ត្រូវបានបាញ់បង្ហោះ! «៨ឆ្នាំ» ទើបទៅដល់ភពព្រហស្បតិ៍ (មានវីដេអូ)

1,190

(អាមេរិកខាងត្បូង)៖ នៅទីបំផុតយានអវកាស JUICE (Jupiter Icy Moons Explorer) របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ត្រូវបានបាញ់បញ្ចូនចេញពីផ្ទៃផែនដីហើយ នៅវេលាម៉ោង ៨៖១៤នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ (ម៉ោងនៅដែនដីបារាំង Guiana ស្ថិតនៅតំបន់អាមេរិកខាងត្បូង) ត្រូវនឹងម៉ោង ៧៖១៤នាទីយប់ថ្ងៃដដែល (ម៉ោងនៅប្រទេសកម្ពុជា) តាមរយៈគ្រាប់រ៉ុក្កែត Ariane 5

រ៉ុក្កែត Ariane 5 ស្តុកយាន JUICE (រូបភាពពី ESA)

ក្រោយការចាកចេញពីភពផែនដី យាន JUICE នឹងទៅដល់ប្រព័ន្ធភពព្រហស្បតិ៍ (Jupiter) នៅខែកក្កដា ឆ្នាំ២០៣១ ឬអាចយូរជាងនេះរហូតដល់ដើមឆ្នាំ ២០៣២ (ស្មើនឹងរយៈពេលហោះហើរជាង ៨ឆ្នាំ)។ វានឹងធ្វើទស្សនកិច្ចនៅ Jupiter រួចបន្ទាប់មកទើបបន្តទៅអង្កេត ព្រះចន្ទធំៗរបស់ភពយក្សនេះដូចជា ហ្គេនីមីដ (Ganymede), កាលីស្តូ (Callisto) និង យូរ៉ូប៉ា (Europa) ហើយជាចុងក្រោយ វានឹងបកមកជ្រៀតចូលក្នុងគន្លងគោចរនៃព្រះចន្ទយក្ស Ganymede ដើម្បីស្វែងយល់ថា តើទីឋានទាំងអស់នេះ អាចឲ្យមនុស្សបោះមូលដ្ឋានណាមួយនៅថ្ងៃអនាគតដែរ ឬក៏យ៉ាងណា។

BREAKING: ទីបំផុតយាន JUICE របស់ ESA ត្រូវបានបាញ់បង្ហោះ! វាត្រូវការពេល «៨ឆ្នាំ» ដើម្បីចល័តទៅរកភពព្រហស្បតិ៍
រ៉ុក្កែត Ariane និងរូបតំណាងបេសកកម្ម JUICE (រូបភាពពី ESA)

មូលហេតុដែលត្រូវធ្វើដំណើរយូរបែបនេះ ព្រោះមុននឹងឈានទៅរក គោលដៅដែលជាភពព្រហស្បតិ៍នោះ យានរបស់ ESA មួយនេះ នឹងធ្វើទស្សនកិច្ចនៅទីឋានមួយចំនួន នៅក្នុងប្រព័ន្ធព្រះអាទិត្យសិន ដូចជាការហោះឆ្វែលភពសុក្រ (Venus) រួចក៏បន្តមកអង្កេតភពផែនដី និងព្រះចន្ទបន្តិចសិន ទើបបោះពួយបន្តទៅរកភពព្រហស្បតិ៍ និងជ្រៀតចូលគន្លងគោចរភពឧស្ម័នយក្សនោះតែម្តង មិនខុសពីយានអវកាស Juno របស់អង្គការ NASA ធ្លាប់បានធ្វើកាលពីឆ្នាំ២០១៦ នោះឡើយ។

ក្រុមការងារគ្រប់គ្រងការបាញ់បង្ហោះ JUICE នៅថ្ងៃនេះ (រូបភាពពី ESA)

គួរបញ្ជាក់ថា បេសកកម្ម JUICE នៅភពព្រហស្បតិ៍នឹងត្រូវចែកជា ២ ដោយ ៨ឆ្នាំជាដំណាក់កាលហោះហើរពាសពេញប្រព័ន្ធ Jupiter និង ៣.៥ឆ្នាំ ជាដំណាក់កាលសិក្សាផ្នែកវិទ្យាសាស្ត្រ។ វានឹងមិនមែនជាបេសកកម្មសម្រាប់ស្វែងរក ជីវិតដែលអាចកើតមាននៅលើព្រះចន្ទ Europa, Callisto ឬមួយក៏ Ganymede នោះឡើយ តែគឺដើម្បីស្វែងយល់ថា តើទីឋានទឹកកកទាំងអស់នេះដែលកំពុងគោចរជុំវិញភពឧស្ម័នយក្សដូចជា Jupiter នោះ អាចមានតំបន់អំណោយផលឲ្យមនុស្សលោកបោះមូលដ្ឋានស្រាវជ្រាវ ស្នាក់នៅក្នុងថ្ងៃអនាគតដែរឬមួយក៏អត់៕

(រូបភាពពី ESA)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣)

480×240 Banner