កូនឧទ្ធម្ភាគចក្រភពអង្គារ Ingenuity ហោះហើរលើកទី «៥០» ដោយជោគជ័យ, តើ NASA គ្រោងធ្វើអ្វីបន្តទៀត? (មានវីដេអូ)
(បរទេស)៖ ការបង្កើតឧបករណ៍ដែលអាចហោះហើរ នៅក្នុងបរិយាកាសដ៏ស្តើង និងទំនាញដ៏ខ្សោយនៅលើទីឋានផ្សេងទៀតក្រៅពីភពផែនដី គឺជាភាពប្រកួតប្រជែងធំបំផុតមួយសម្រាប់អង្គការ NASA រួចជាស្រេចទៅហើយ ប៉ុន្តែកិច្ចការទាំងមូលនៅតែអាចសម្រេចទៅបាន ហើយលើសពីការរំពឹងទុកឆ្ងាយមែនទែនតែម្តង។ ចំណុចនេះ យើងចង់និយាយទៅដល់ កូនឧទ្ធម្ភាគចក្រ Ingenuity ដែលទើបសម្រេចបានការហោះហើរជាលើកទី ៥០ និងក្នុងរយៈកម្ពស់ខ្ពស់ជាងពេលណាៗទាំងអស់ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ (ពេលវេលានៅសហរដ្ឋអាមេរិក)។
ក្រោយការអភិវឌ្ឍ Ingenuity ទម្ងន់ ១.៨គីឡូក្រាម ដែលអាចចល័តក្នុងល្បឿនជាអតិបរមា ៣៦គីឡូម៉ែត្រ ក្នុង១ម៉ោង ដែលត្រូវបានចំណាយទឹកប្រាក់ ៨០លានដុល្លារអាមេរិក (ដាច់ដោយឡែកពីយានមេគឺ Perseverance) នេះឡើងមក វាត្រូវបានពាំនាំទៅដល់ភពអង្គារជាមួយយានស្រាវជ្រាវ Perseverance និងចុះចតទៅដល់ភពក្រហមនោះកាលពីខែកុម្ភៈ ឆ្នាំ២០២១។ Ingenuity ត្រូវបានបញ្ជាឲ្យហោះហើរលើកទី១ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ហើយក៏បានបង្កើតកំណត់ត្រាថ្មីៗ សម្រាប់ខ្លួនឯងជាបន្តបន្ទាប់ដូចជា គ្រឿងយន្តដំបូងដែលអាចហោះហើរលើភពអង្គារបានកម្ពស់ ៣ម៉ែត្រ និងរយៈពេល ៤០វិនាទី (សម្រាប់លើកទី១)។ ហើយសម្រាប់លើកទី ៥០ នេះ Ingenuity បានហោះឡើងទៅដល់រយៈកម្ពស់ ១៨ម៉ែត្រ ពីលើផ្ទៃនៃបាតរណ្តៅ Jezero ដែលវាកំពុងតាំងនៅជាមួយយាន Perseverance នោះ។
មន្ទីរពិសោធន៍ការហោះហើរយាន JPL (Jet Propulsion Laboratory) របស់អង្គការ NASA បានបង្ហាញនូវក្តីរីករាយក្រៃលែងជុំវិញសមិទ្ធផលដែល Ingenuity សម្រេចបានលើកនេះ ហើយក៏បាននិងកំពុងគិតគូរទៅលើ គោលដៅបន្ទាប់ដែលត្រូវធ្វើផងដែរ។ លោក Theodore Tzanetos ប្រធានក្រុមគ្រប់គ្រងបេសកកម្ម Ingenuity នៅឯ JPL បានប្រាប់សារព័ត៌មាន SPACE ថា «វាមិនត្រឹមតែបង្ហាញអំពីការរចនាឡើង ដ៏គួរឲ្យជឿជាក់ (នៃ Ingenuity) ប៉ុណ្ណោះទេ តែក៏ជាការផ្គុំឡើងប្រកបដោយបច្ចេកទេស ដែលអាចទៅរួចផងដែរ…។ ក្រុមការងារ Ingenuity ពិតជាកំពុងបំពេញកិច្ចការងារដ៏អស្ចារ្យ ដែលនឹងជួយពួកគេឲ្យឈានទៅអភិវឌ្ឍ កូនឧទ្ធម្ភាគចក្របន្ថែមទៀត ដើម្បីជួយដល់បេសកកម្មនាំយកគំរូតាង (sample return mission) នៅលើភពអង្គារនាប៉ុន្មានឆ្នាំខាងមុខទៀត…»។

ក្រុមការងារគ្រប់គ្រងបេសកកម្មនាំយកគំរូតាង (Sample Return) ពីភពអង្គារត្រលប់មកផែនដីវិញរបស់អង្គការ NASA បានព្រមព្រៀងរួចហើយក្នុងការផលិត កូនឧទ្ធម្ភាគចក្រចំនួន ២ គ្រឿងទៀត ដើម្បីបញ្ជូនទៅភពក្រហមនោះនៅឆ្នាំ ២០២៨។ ឧទ្ធម្ភាគចក្រទាំង ២ នឹងត្រូវដើរតួនាទីជាគ្រឿងយន្តបម្រុងសម្រាប់ជួយ Perseverance ក្នុងករណីដែលយានកង់់ ៦ មួយនេះ មិនអាចប្រមូលយកបំពង់ស្តុក sample ដែលខ្លួនបានច្រកទុក និងដាក់ពង្រាយជាបន្តបន្ទាប់លើផ្ទៃបាតបឹង Jezero ទៅកាន់ជើងទម្រ (lander) ដើម្បីបាញ់បញ្ជូនចេញពីផ្ទៃភពអង្គារនោះបាន។

គួរបញ្ជាក់ថា ការអភិវឌ្ឍគ្រឿងយន្ត ដែលអាចហោះលើផ្ទៃភពអង្គារនោះ គឺមិនមែនជារឿងងាយៗនោះឡើយ។ ក្រៅពីបរិយាកាសដ៏ស្តើង និងកម្លាំងទំនាញខ្សោយជាងផែនដី (កម្លាំងទំនាញភពអង្គារស្មើតែ ០.៣៧ដង នៃកម្លាំងទំនាញផែនដីប៉ុណ្ណោះ) រណ្តៅ Jezero របស់ភពអង្គារ ក៏ពោពេញដោយទីទួល និងជ្រលងភ្នំលំបាកៗ ដែលតម្រូវឲ្យកូនឧទ្ធម្ភាគចក្រថ្មីៗនោះ ត្រូវមាននូវប្រព័ន្ធអង្អុលទិសដៅថ្មី ប្រសើរជាងមុន (navigation system) ដើម្បីទប់ទល់នឹងតំបន់ទីទួលលំបាក ព្រមទាំងការធានាថា ទោះបីហោះទៅឆ្ងាយរាប់គីឡូម៉ែត្រពីកន្លែងដើម ក៏វានៅតែអាចមករកកន្លែងដើមឃើញវិញ និងប្រព័ន្ធបញ្ជាការចុះចតដោយខ្លួនឯងថ្មី (mitigation capability) ប្រសិនបើវាដឹងខ្លួនថា កំពុងស្ថិតនៅតំបន់មានហានិភ័យខ្ពស់។

គួរបញ្ជាក់ថា ក្រុមការងារគ្រប់គ្រង Ingenuity ដែលពីដំបូងឡើយគ្រោងបំពេញការងារតែ ៣០ថ្ងៃ (ស្មើនឹងការហោះហើរ ៥លើក) នោះ ត្រូវបានអូសបន្លាយពេលរហូតដល់ ២ឆ្នាំមកទល់នឹងពេលនេះ។ គិតត្រឹមការហោះហើរលើកទី ៥០ របស់ Ingenuity ប្រកបដោយជោគជ័យនោះ សុខភាពរបស់ដ្រូនមួយនេះនៅតែល្អប្រសើរ ទាំងទៅលើគុណភាពថ្មប្រភេទ lithium-ion និងប្រព័ន្ធសូឡាស្រូបថាមពលពីព្រះអាទិត្យ ហើយក៏ត្រូវអរគុណដល់ការហោះហើរ ជាប្រចាំរបស់វាផងដែរ ដែលធ្វើឲ្យស្លាបបំពាក់បន្ទះសូឡានោះ រក្សាភាពស្អាតគ្មានធូលី។ យ៉ាងណាក៏ដោយ ក្រុមការងារ NASA នៅតែបន្តគ្រប់គ្រងលើបេសកកម្មនេះដដែល គ្រាន់តែដូរទៅជាបំពេញការងារបែប part time ប៉ុណ្ណោះ ដើម្បីទុកពេលទៅធ្វើការងារសំខាន់ៗផ្សេងទៀត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣)
