ប្រទេស២នៅអាស៊ីអាគ្នេយ៍នឹងមើលឃើញ «បាតុភូតសូរ្យគ្រាសកម្រ» នៅថ្ងៃទី ២០ មេសា ២០២៣
(បរទេស)៖ ប្រទេសចំនួន ២ នៅតំបន់អាស៊ីអាគ្នេយ៍ នោះគឺឥណ្ឌូណេស៊ី និងទីម័រលែសត៍ (ទីម័រខាងកើត) នឹងមានឱកាសពិសេសមួយសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ (ស្អែកនេះ) ដើម្បីទស្សនាបាតុភូតសូរ្យគ្រាសដ៏កម្រនោះ Hybrid Solar Eclipse ឬ សូរ្យគ្រាសកូនកាត់ ហើយតំបន់ឆ្នេរភាគពាយ័ព្យអូស្ត្រាលី ក៏នឹងមើលឃើញសូរ្យគ្រាសបែបកម្រនេះដូចគ្នា។
យោងតាមផែនទីដែលត្រូវបានបង្ហាញ ដែនកោះមួយចំនួនរបស់ឥណ្ឌូណេស៊ី ដែលស្ថិតនៅក្បែរៗដែនកោះទីម័រ នឹងមើលឃើញសូរ្យគ្រាស Hybrid នោះជិតពេញលេញ (ក្បែរតំបន់មានឆ្នូតពណ៌ក្រហមដិត) ខណៈតំបន់មួយនៃខេត្តប៉ាពួរនឹងមើញពេញលេញ (ស្ថិតនៅចំបន្ទាត់ពណ៌ក្រហមដិត)។
ដោយឡែកប្រទេសទីម័រខាងកើត តំបន់ភាគខាងកើតប្រទេសនេះនឹងមើញពេញលេញ។ សម្រាប់ប្រទេសអូស្ត្រាលីវិញ ដែនដីភាគខាងលិច (Western Australia) ដូចជា តំបន់ជ្រោយឧទ្យានជាតិ Cape Range ជាប់ដែនមហាសមុទ្រឥណ្ឌានោះ នឹងមានឱកាសមើលឃើញ សូរ្យគ្រាស Hybrid នោះពេញលេញដូចគ្នា។
គួរបញ្ជាក់ថា តំបន់មានពណ៌ក្រហមពីដិតខ្លាំងទៅដិតស្រាល គឺបង្ហាញពីការមើលឃើញ សូរ្យគ្រាសពីកម្រិតពេញលេញទៅដោយផ្នែក។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង បើទោះបីជាភាគរយក្នុងក្រដាសមានបន្តិចមែន តែជាក់ស្តែងយើងប្រាកដជាមិនអាចមើលឃើញអ្វីឡើយ ឬពិបាកនឹងមើលឃើញ ទោះបីជាមេឃស្រឡះល្អយ៉ាងណាក៏ដោយ។ (អាចមើលបន្ថែមតាមរយៈផែនទីខាងក្រោម)
- តើអ្វីទៅជា Hybrid Solar Eclipse?
សូរ្យគ្រាសកូនកាត់ (Hybrid Solar Eclipse) ជាបាតុភូតកម្រមួយនៃសូរ្យគ្រាស ដែលអាចកើតមានឡើងច្រើនកន្លែង នាកំលុងពេលតែមួយ។ ដោយសារតែផ្ទៃផែនដីមានរាងកោង ដូច្នេះពេលខ្លះសូរ្យគ្រាសមួយ អាចប្រែកាយពី Annular Eclipse (សូរ្យគ្រាកងភ្លើង) ទៅជា Total Eclipse (សូរ្យគ្រាសពេញបរិបូណ៍) វិញ នៅពេលដែលស្រមោលព្រះចន្ទ ដាលឆ្លងកាត់ភពផែនដី និងភាពស៊ីសង្វាក់គ្នាដំណើរគោចរនៃផែនដី ព្រះចន្ទ និងព្រះអាទិត្យនោះ។ ហេតុដូច្នេះទើបគេហៅព្រឹត្តិការណ៍នោះថា Hybrid Solar Eclipse ឬ សូរ្យគ្រាសកូនកាត់។ (តាមដានរូបភាពដើម្បីយល់ដឹងបន្ថែម)
សម្រាប់សូរ្យគ្រាសកម្រនៅទីម័រខាងកើត និងឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣នោះ នឹងចាប់ផ្តើមនៅវេលាម៉ោង ១១៖៤៣នាទីព្រឹក, ពេញលេញនៅម៉ោង ១៖១៣នាទីរសៀល និងបញ្ចប់ទៅវិញទាំងស្រុងនៅម៉ោង ២៖៥៣នាទីរសៀល (គិតតាមម៉ោងនៅទីក្រុងឌីលី ប្រទេសទីម័រខាងកើត)។
ដោយឡែកនៅទីក្រុងភ្នំពេញយើងវិញ គឺភាគរយៈបន្តិចនៃសូរ្យគ្រាស ដែលជះមកលើយើងនោះនឹងចាប់ផ្តើមនៅវេលាម៉ោង ១០៖៤៥នាទីព្រឹក, ដល់កម្រិតអតិបរមានៅម៉ោង ១១៖១៩នាទីព្រឹក និងបញ្ចប់ទៅវិញនៅវេលាម៉ោង ១១៖៥៣នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ៕
- យល់ដឹងពីសូរ្យគ្រាសនៅកម្ពុជាឆ្នាំ ២០៧០ និងប្រភេទនៃសូរ្យគ្រាស៖
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CNA (ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣)