លោក Musk ថា ការធ្វើតេស្ត Starship ជាថ្មីនឹងកើតឡើង ២-៣ខែទៀត ក្រោយការធ្វើតេស្តលើកនេះជោគជ័យ១ជំហាន (មានវីដេអូ)

688

(បរទេស)៖ ការធ្វើតេស្តនាវាអវកាស Starship ដោយគ្មានមនុស្សជិះ ទៅកាន់គន្លងគោចរភពផែនដី ត្រូវបានប្រព្រឹត្តទៅតាមការគ្រោងទុក កាលពីវេលាម៉ោងជាង ៨៖៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ត្រូវនឹងម៉ោងជាង ៨៖៣០នាទីយប់ថ្ងៃដដែលម៉ោងនៅប្រទេសកម្ពុជា ក្រោយការប៉ុនប៉ងធ្វើតេស្តលើកទី ១ ត្រូវបានពន្យារពេលកាលពី ៣ថ្ងៃមុន ព្រោះតែប្រព័ន្ធគ្រប់គ្រងសម្ពាធរបស់រ៉ុក្កែត Booster 7 ជួយភាពមិនប្រក្រតី។

ចំពោះមុខមនុស្សម្នា ដែលបានកំពុងឈរទស្សនាពីចម្ងាយ ទៅកាន់មូលដ្ឋានបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ស្ថិតនៅតំបន់ឆ្នេរ Boca Chica នៃរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិកនោះ ការរាប់ countdown លើកទី ២ ត្រូវបានធ្វើឡើងចាប់ពីវិនាទីជាង ៤០ ចុងក្រោយ ដែលត្រូវបានបង្អាក់ទុក កាលពីការប៉ុនប៉ងធ្វើតេស្តលើកទី ១ ដែលត្រូវបានពន្យារពេល កាលពីថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ ចុះមកវិញ។

(រូបភាពពី SpaceX)

រ៉ុក្កែត Booster 7 (Super Heavy) ដែលមាននាវាអវកាស Starship (Ship 24) ដាក់បន្តុបពីលើ (បូកចូលគ្នាមានកម្ពស់ ១២០ម៉ែត្រ) ត្រូវបានបញ្ឆេះ និងពាំនាំ Starship ឡើងទៅទីអវកាសយ៉ាងសន្សឹមៗ នៅវេលាម៉ោងជាង ៨៖៣០នាទីយប់ (ម៉ោងនៅភ្នំពេញ) ហើយវាបានឡើងទៅដល់រយៈកម្ពស់ខ្ពស់បំផុត ៣៩គីឡូម៉ែត្រពីផ្ទៃដី នៅក្នុងរយៈពេលតែ ៣នាទី និង ៣០វិនាទីប៉ុណ្ណោះ។

(រូបភាពពី SpaceX)

ប៉ុន្តែបញ្ហាមិនប្រក្រតីបានកើតឡើង ហើយរ៉ុក្កែត Booster 7 ព្រមទាំង Starship បានធ្លាក់ចុះមកវិញសន្សឹមៗ ហើយក៏បានផ្ទុះឆេះភ្លាមៗនៅលើផ្ទៃអាកាស ក្នុងរយៈកម្ពស់ប្រមាណ ២៩គីឡូម៉ែត្រពីផ្ទៃដីតែម្តង។ មិនទាន់មានការបញ្ជាក់អំពីបញ្ហាស្នូល ដែលបង្កការបរាជ័យនេះឡើងឡើយ តែតាមភាពជាក់ស្តែង យើងឃើញម៉ាស៊ីនមួយចំនួនមិនដំណើរ (គ្រាន់តែពេលបញ្ឆេះឡើងភ្លាម ម៉ាស៊ីន ៣គ្រឿងមិនដំណើរការ ហើយក្រោយមកក៏កើនដល់ចំនួន ៤ ទៅ ៥) ក្នុងចំណោមម៉ាស៊ីន (Raptors) សរុបទាំង ៣៣គ្រឿង របស់ Booster 7

(រូបភាពពី SpaceX)

តាមរយៈការស្តាប់សំឡេងរបស់ក្រុមបច្ចេកទេសនៃការ Live ផ្ទាល់របស់ SpaceX ទោះបីជា Booster 7 និង Starship បានផ្ទុះឆេះព្រមគ្នាពិតមែន តែវាបានកើតឡើងនៅក្រោយពេលដែលនាវាអវកាសនោះ ឡើងទៅដល់រយៈកម្ពស់ (ត្រូវជាដំណាក់កាលទី១) ដែលតម្រូវឲ្យមានការផ្តាច់ខ្លួនវាចេញពីរ៉ុក្កែត គ្រាន់តែពេលត្រូវផ្តាច់ខ្លួន (ត្រូវជាដំណាក់កាលទី២) នោះ មិនអាចកើតមានឡើងប៉ុណ្ណោះ ទើបទាំងរ៉ុក្កែត និង Starship ត្រូវធ្លាក់ចុះមកវិញ ហើយក៏ផ្ទុះនៅកណ្តាលអាកាសតែម្តង។ ក្រុមជំនាញ SpaceX បានអះអាងថា «មិនមានការបង្កគ្រោះថ្នាក់អ្វីឡើយ ក្នុងការហេតុការណ៍នោះ»

(រូបភាពពី SpaceX)

គួរបញ្ជាក់ថា ទាំងក្រុមហ៊ុន SpaceX និងលោក Elon Musk ដែលជាស្ថាបនិក នៅមិនទាន់ចេញមុខបញ្ជាក់ អំពីមូលហេតុស្នូលដែលបានបង្កជាបញ្ហាខាងលើនេះនៅឡើយទេ ដោយអះអាងថា នឹងប្រាប់នៅពេលការស៊ើបអង្កេតរួចរាល់។

BREAKING៖ លោក Musk ថា ការធ្វើតេស្ត Starship ជាថ្មីនឹងកើតឡើង ២-៣ខែទៀត ក្រោយការធ្វើតេស្តលើកនេះជោគជ័យ១ជំហានដែរ
(រូបភាពពី SpaceX)

លោក Elon Musk បានត្រឹមបង្ហោះ Twitter ថា «ការធ្វើតេស្តលើកក្រោយអាចកើតឡើងនៅរយៈពេល ២ ទៅ ៣ខែទៀត» ហើយ SpaceX វិញបានធ្វើការលើកទឹកចិត្តក្រុមការងាររបស់ខ្លួនទាំងអស់ និងក្រុម fans កំពុងតាមដានយ៉ាងដូច្នេះថា «នេះជាការធ្វើតេស្តដ៏គួរឲ្យរំភើបបំផុតដែលបានកើតឡើង… ជោគជ័យតែងកើតចេញពីអ្វីដែលយើងរៀនសូត្រ ហើយតេស្តថ្ងៃនេះនឹងជួយយើងធ្វើឲ្យ Starship កាន់តែប្រសើរឡើងប្រកបដោយការជឿជាក់…»។

(រូបភាពពី SpaceX)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SpaceX

480×240 Banner