ចិនត្រៀមតេស្តបច្ចេកវិទ្យាព្រីន 3D ដើម្បីកសាងអគារលើព្រះចន្ទ (មានវីដេអូ)
(បរទេស)៖ ប្រទេសចិននឹងធ្វើការស្រាវជ្រាវ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាព្រីនជាលក្ខណៈ 3D (3D Printing) ដើម្បីឲ្យខ្លួនអាចសាងសង់អគារ និងលំនៅឋាននៅលើផ្ទៃព្រះចន្ទ, នេះបើតាមការចេញផ្សាយដោយកាសែតរដ្ឋចិន China Daily នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ ខណៈទីក្រុងប៉េកាំងត្រូវបានគេមើលឃើញថា កំពុងបង្ហាញពីភាពរឹងមាំរបស់ខ្លួនក្នុងការស្រាវជ្រាវ ក៏ដូចជាត្រៀមបោះមូលដ្ឋានលើឋានព្រះចន្ទ នៅក្នុងរយៈពេលវែង។
កាលពីចុងឆ្នាំ ២០២០ បេសកកម្ម Chang’e 5 (ឆាងអឺទី ៥) របស់ប្រទេសចិន បានដឹកនាំគំរូតាង (sample) ជាកម្ទេចដី និងថ្មពីឋានព្រះចន្ទវិញ ដែលជាលើកដំបូងបំផុតសម្រាប់ទីក្រុងប៉េកាំង បន្ទាប់ពីខ្លួនបានធ្វើការចុះចតយានជាលើកដំបូងលើព្រះចន្ទកាលពីឆ្នាំ ២០១៣ នោះ។ ប្រទេសចិនក៏គ្រោងបញ្ជូនអវកាសយានិកដំបូង ឲ្យទៅជាន់ដីព្រះចន្ទផងដែរនៅឆ្នាំ ២០៣០។

ចាប់ពីពេលនេះតទៅ ប្រទេសចិននឹងរៀបចំខ្លួនដើម្បីចេញបេសកកម្ម Chang’e 6, 7 និង 8 ជាបន្តបន្ទាប់ទៅកាន់ព្រះចន្ទ ដើម្បីបង្កើនវត្តមាននៃបេសកកម្មរបស់ខ្លួននៅទីនោះ ហើយចិនក៏ចង់ស្រាវជ្រាវរកមើល ធនធានអាចប្រើប្រាស់ឡើងវិញ (reusable resources) នៅលើព្រះចន្ទផងដែរ ដើម្បីបម្រើមហិច្ឆតាកសាងមូលដ្ឋានមនុស្ស នៅលើផ្ទៃព្រះចន្ទក្នុងរយៈពេលវែង។
បើតាមកាសែត China Daily បានដកស្រង់សម្តីពីអ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Wu Weiren មកពីរដ្ឋបាលអវកាសចិន (CNSA) យ៉ាងដូច្នេះថា «បេសកកម្ម Chang’e 8 នឹងក្លាយជាអ្នកស្រាវជ្រាវផ្នែកបរិស្ថាន និងរុករកសារធាតុរ៉ែនានានៅលើព្រះចន្ទ ហើយក៏នឹងកំណត់ថា តើបច្ចេកវិទ្យាដូចជាការព្រីន 3D (3D Printing) នោះ សក្តិសមនឹងឲ្យប្រើប្រាស់លើព្រះចន្ទឬមួយក៏អត់»។

អ្នកវិទ្យាសាស្ត្រខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា «ប្រសិនបើយើងចង់ស្នាក់នៅលើព្រះចន្ទ នៅក្នុងរយៈពេលយូរនោះ យើងត្រូវការការកសាងស្ថានីយ ដោយប្រើប្រាស់វត្ថុធាតុដែលមាននៅលើព្រះចន្ទផ្ទាល់»។ កាសែតចិនក៏ធ្លាប់បានចុះផ្សាយកាលពីដើមឆ្នាំ ២០២៣ នេះដែរថា ប្រទេសចិននឹងចាប់សាងសង់ មូលដ្ឋានលើឋានព្រះចន្ទនៅឆ្នាំ២០២៨ ហើយការដឹកនាំអវកាសយានិកទៅកាន់ទីនោះ នឹងកើតឡើងនៅឆ្នាំ២០៣០។

ដូច្នេះមានន័យថា គ្រឿងយន្ត (robot) នឹងដើរតួនាទីក្នុងការសាងសង់មូលដ្ឋានស្នាក់នៅ និងស្រាវជ្រាវរបស់អវកាសយានិកចិនជាមុន ដោយចាប់ផ្តើមនៅឆ្នាំ២០២៨ នៅលើផ្ទៃព្រះចន្ទ ហើយនៅពេលដំណើរការទាំងមូល សម្រេចបានតាមការគ្រោងទុកហើយ ទើបក្រុមអវកាសយានិកអាចជិះយានទៅកាន់ទីនោះ ដោយមានកន្លែងសម្រាប់ស្នាក់នៅ និងធ្វើការងារស្រាប់តែម្តងនៅឆ្នាំ២០៣០៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ China Daily (ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣)
