ចូលរួមសោកស្តាយ! យានជប៉ុន Hakuto-R ធ្លាក់លើផ្ទៃព្រះចន្ទហើយ និងបន្សល់ទុករូប «សូរ្យគ្រាស» ១សន្លឹក
(តូក្យូ)៖ ក្រុមហ៊ុនអវកាសឯកជនជប៉ុន ដែលទើបលេចចេញពន្លកត្រួយនោះគឺ iSpace inc បានប្រកាសថា គ្រឿងយន្ត (lander) ឈ្មោះ Hakuto-R របស់ខ្លួន ដែលបានទៅដល់គន្លងគោចរជុំវិញព្រះចន្ទកាលពីខែមីនា និងបានព្យាយាមចុះចតលើផ្ទៃព្រះចន្ទកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះបានទទួលបរាជ័យ ឬអាចធ្លាក់បុកផ្ទៃព្រះចន្ទបាត់ទៅហើយ។

បេសកកម្ម Mission 1 (M1) ដោយប្រើប្រាស់គ្រឿងយន្ត Hakuto-R គឺជាមហិច្ឆតាដំបូងរបស់ iSpace ក្នុងការបញ្ជូនយានទៅចុះចតលើផ្ទៃព្រះចន្ទ តាមរយៈកម្មវិធីសិក្សាស្រាវជ្រាវទីអវកាស ដោយការចំណាយថវិកាតិច។ នាយកប្រតិបត្តិរបស់ iSpace លោក Takeshi Hakamada បានថ្លែងថា «យើងបានបាត់បង់ការទាក់ទង ជាមួយនឹង Hakuto-R ទៅហើយ… ដូច្នេះយើងសន្មត់ថា យើងមិនអាចសម្រេចការចុះចត នៅលើផ្ទៃព្រះចន្ទបានទេ»។ តែយ៉ាងណា ក្រុមហ៊ុននេះនៅតែអះអាងថា ខ្លួននឹងព្យាយាមបន្តទៀតនៅថ្ងៃមុខ។

សម្រាប់ក្រុមហ៊ុនអវកាសឯកជន iSpace ក៏ទើបតែបានធ្វើឲ្យមនុស្សស្គាល់បន្ថែមទៀត តាមរយៈការបង្ហោះរូបភាពគុណភាពខ្ពស់ នៃព្រឹត្តិការណ៍សូរ្យគ្រាស (Solar Eclipse) ទៅលើប្រទេសអូស្ត្រាលី និងតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដែលកាមេរ៉ាលើគ្រឿងយន្ត Hakuto-R បានផ្តិតយកខណៈវាកំពុងស្ថិតនៅលើរយៈកម្ពស់ ១០០គីឡូម៉ែត្រពីផ្ទៃព្រះចន្ទ និងចម្ងាយជាង ៣៩៥,០០០គីឡូម៉ែត្រពីផែនដីនោះផងដែរ។

ក្រៅពីសហរដ្ឋអាមេរិក, អតីតសហភាពសូវៀត និងប្រទេសចិននោះ មិនមានប្រទេសណាផ្សេង ឬសូម្បីក្រុមហ៊ុនឯកជន អាចចុះចតយានលើផ្ទៃព្រះចន្ទបាននៅឡើយទេ។ ប្រទេសអ៊ីស្រាអែល និងឥណ្ឌាក៏ធ្លាប់បានសាកល្បងចុះចតយានលើផ្ទៃព្រះចន្ទផងដែរ តែបានទទួលបរាជ័យ នោះគឺយាន Beresheet របស់អ៊ីស្រាអែលកាលពីខែមេសា ឆ្នាំ២០១៩ និងយាន Chandrayaan-2 របស់ឥណ្ឌាកាលពីខែកញ្ញា ឆ្នាំ២០១៩។

ក្រុមហ៊ុនអវកាសឯកជន iSpace ទើបតែត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១០ ប៉ុណ្ណោះ ហើយមានគោលដៅក្នុងការផលិត និងបញ្ជូនគ្រឿងយន្តនានាទៅកាន់ទីអវកាស ដោយការចំណាយថវិកាតិច។ សម្រាប់គ្រឿងយន្ត Hakuto-R ដែលមានទម្ងន់ ១,០៥០គីឡូក្រាម និងកម្ពស់ ២.៣ម៉ែត្រ (អាចផ្ទុកទំនិញបន្ថែមបាន ៣០គីឡូក្រាម) នោះគឺជាបេសកកម្មធំដំបូងហើយរបស់ iSpace ទៅកាន់ព្រះចន្ទ។

Hakuto-R ត្រូវបានគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX បាញ់បញ្ជូនចេញពីផែនដីកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ និងបានចល័តក្នុងគន្លងគោចរជារង្វង់ៗ រហូតដល់គន្លងគោចរជុំវិញព្រះចន្ទ នៅអំលុងខែមីនា ឆ្នាំ២០២៣។ នៅក្នុងខ្លួនរបស់ Hakuto-R lander មានភ្ញៀវចំនួន ២ ដែលទទួលបរាជ័យនៅក្នុងនោះដែរដូចជា គ្រឿងយន្តខ្នាតតូច (Rover) មួយគ្រឿងរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) និងរ៉ូបូតមួយគ្រឿងទៀតរបស់ទីភ្នាក់ងារអវកាសជប៉ុន (JAXA)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Reuters/iSpace (ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣)
