មានវីធី២ក្នុងពេលតែ១ អាចដាស់រ៉ូបូតចិន Zhurong លើភពអង្គារឲ្យងើបឡើងវិញ (មានវីដេអូ)
(ប៉េកាំង)៖ អ្នកវិទ្យាសាស្ត្រចិនបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយក្រុមហ៊ុន China Media Group (CMG) កាលពីពេលថ្មីៗនេះថា គ្រឿងយន្តចល័ត (Rover) ដំបូងរបស់ចិនលើភពព្រះអង្គារ ជូយ៉ុង (Zhurong) នៅតែស្ថិតក្នុងសភាពស្ងប់ស្ងាត់ (ជាប់គាំង) ចាប់តាំងពីវាបានជួបប្រទះព្យុះធូលី លើផ្ទៃភពអង្គារកាលពីខែឧសភា ឆ្នាំ២០២២។
ជុំវិញបញ្ហាខាងលើនេះ លោក ចាង យ៉ុងឆាវ (Zhang Rongqiao) ប្រធានអ្នករចនាកម្មវិធីរុករកភពអង្គាររបស់ចិនបានប្រាប់ CMG ថា «Zhurong នឹងបើកថាមពល ដើម្បីដំណើរការឡើងវិញដោយស្វ័យប្រវត្តិ នៅពេលដែលលក្ខខណ្ឌចំនួន ២ ត្រូវបានបំពេញក្នុងពេលតែមួយនោះគឺ ទី១៖ សីតុណ្ហភាពក្នុងកាប៊ីន (ប្រអប់ម៉ាស៊ីន) ត្រូវតែខ្ពស់ជាងកម្រិត -១៥ អង្សារសេ និង ទី២៖ ការផលិតថាមពលពន្លឺព្រះអាទិត្យ ត្រូវនឹងកម្រិតថាមពលប្រើប្រាស់ប្រចាំថ្ងៃរបស់ Zhurong ដែលទាបបំផុតគឺ ១៤០វ៉ាត់»។

ជុំវិញចម្ងល់ដែលថា ឈានចូលរដូវក្តៅទៅហើយលើភពអង្គារ តែរ៉ូបូត Zhurong នៅតែតែមិនទាន់អាចងើបឡើងវិញ ដោយខ្លួនឯងបាននោះ លោក Zhang បានពន្យល់ថា «ផ្អែកលើការវិភាគរបស់យើង លទ្ធភាពដែលទំនងបំផុតនោះ គឺភាពកកកុញនៃធូលីដីភពអង្គារ (លើបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ) ដែលលើសពីការព្យាករណ៍ បាននាំឱ្យមានការថយចុះនៃសមត្ថភាពផលិតថាមពល ដែលមិនគ្រប់គ្រាន់ដើម្បីដាស់រ៉ូបូតកង់ ៦ នោះឡើង»។

បើតាមលោក ចាង បានលើកឡើងទៀតថា បញ្ហាធូលីដីលើភពអង្គារនេះ គឺត្រូវបានគិតគូរទុកជាមុនរួចទៅហើយ នៅពេលក្រុមវិស្វករចិនធ្វើការផលិត Zhurong ឡើងមកនោះ ប៉ុន្តែធាតុពិតជាក់ស្តែងពេលទៅដល់ភពអង្គារ ធូលីដីដែលរ៉ូបូតនេះបានទទួលរង គឺលើសពីការព្យាករណ៍ទុកមុន ប្រមាណពី ៣០-៤០% ឯណោះ ហើយការជាប់គាំងរបស់ Zhurong ក៏ស្ថិតនៅក្នុងការរំពឹងទុកមុខរួចទៅដែរ។ លោក ចាង បានសង្កត់ធ្ងន់ថា Zhurong ត្រូវបានរចនាឡើង ដើម្បីធ្វើការងារតែ ៩០ថ្ងៃប៉ុណ្ណោះ (នៃពេលវេលាលើភពអង្គារ) ប៉ុន្តែវាអាចបន្តចល័ត និងបំពេញភារកិច្ចបានរហូតដល់ ៣៥៨ថ្ងៃ (នៃពេលវេលាលើភពអង្គារ) មុននឹងត្រូវបានដាក់ឲ្យស្ថិតក្នុងមុខងារ safe mode។ កន្លងមក ក្រុមអ្នកវិទ្យាសាស្ត្រចិនបានចាត់ទុកថា នេះជាការកសាងស្នាដៃលើសពីការរំពឹងទុករួចជាស្រេចទៅហើយ។

គួរបញ្ជាក់ថា បេសកកម្មស្រាវជ្រាវភពអង្គារដំបូងរបស់ចិន ធានវិន ១ (Tianwen-1) បានទៅដល់ភពអង្គារកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដំណាលៗគ្នានឹងផ្កាយរណបដំបូងរបស់ អេមីរ៉ាត់អារ៉ាប់រួមឈ្មោះ Amal និងយានស្រាវជ្រាវភពអង្គារចុងក្រោយរបស់ NASA ឈ្មោះ Perseverance ដែរ។ ប៉ុន្តែយានមេ Tianwen-1 មិនទាន់ទម្លាក់រ៉ូបូត Zhurong ចុះទៅភពអង្គារភ្លាមៗដូច NASA បានធ្វើចំពោះ Perseverance នោះឡើយ ដោយទីភ្នាក់ងារអវកាសចិនត្រូវការពេលសិក្សា និងកំណត់ទិន្នន័យអំពីទីតាំងចុះចតយ៉ាងច្បាស់លាស់ជាមុន ទើបធ្វើការទម្លាក់ Lander ស្តុក Zhurong ទៅលើតំបន់ យូថូភា ផ្លេនីធា (Utopia Planitia) នៃអឌ្ឍគោលខាងជើងភពអង្គារ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CGTN/CMG (ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣)
