នេះជាលើកដំបូងហើយ ដែលយើងមានតំរុយពិតពី «ស្នូល» ភពអង្គារ! អរគុណ InSight (មានវីដេអូ)

1,606

(បរទេស)៖ ជាច្រើនទសវត្សរ៍មកនេះ ក្រុមអ្នកវិទ្យាសាស្ត្របានត្រឹមប៉ាន់ស្មានថា ផ្ទៃក្នុងរបស់ភពអង្គារ (Mars) មានលក្ខណៈខុសប្លែកពីភពផែនដីយើងប៉ុណ្ណោះ ប៉ុន្តែសម្រាប់ចម្លើយពិតប្រាកដ គឺត្រូវការការស្រាវជ្រាវរកភស្តុតាងជាក់ស្តែង ដើម្បីគាំទ្រដល់ការអះអាងបែបនេះ។ ហេតុដូច្នេះទើបបេសកកម្ម InSight បានទៅដល់ភពអង្គារកាលពីចុងឆ្នាំ ២០១៨

ឈានចូលមកដល់ខែមេសា ឆ្នាំ២០២៣ នេះក្រុមអ្នកវិទ្យាសាស្ត្រ NASA បានឲ្យដឹងថា ទិន្នន័យអំពីគ្រោះរញ្ជួយដីលើភពអង្គារ ដែលត្រូវបានប្រមូលដោយគ្រឿងយន្ត InSight អស់រយៈពេល ៤ឆ្នាំមកនេះ (គិតតាមពេលវេលាលើផែនដី) បាននាំឲ្យពួកគេកំណត់យ៉ាងច្បាស់លាស់ថា «ចំណុចកណ្តាលនៃភពអង្គារ គឺជាសារធាតុដែករាវក្តៅគគុក ហើយក៏មាននូវសារធាតុស្ពាន់ធ័រ ឬ ស៊ុលផួ (Sulfur) និងអុកស៊ីហ្សែន (Oxygen) លាយឡំជាមួយគ្នាដែរ ហើយនៅក្នុងចំនួនដ៏ច្រើនស្ទើរមិនគួរឲ្យជឿថែមទៀត»

ការចាប់រលកសញ្ញារញ្ជួយដីឆ្លងកាត់ស្នូលភពអង្គារ (រូបភាពពី NASA)

លទ្ធផលស្រាវជ្រាវទាំងនេះ នឹងជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងកាន់តែច្បាស់ អំពីអតីតកាលរបស់ភពអង្គារ និងថាតើហេតុបានជាភពមួយបានប្រែជាស្ងួតហួតហែង, គ្មានជីវិត និងពោរពេញដោយធូលី ខណៈភពមួយទៀត គឺកំពុងមានភាពខៀវស្រងាត់ និងអ៊ូអរដោយជីវិតគ្រប់ទម្រង់នោះ។

ងាកមកកាន់ផែនដីវិញ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញវត្តមាន នៃស្នូលរបស់ភពយើងនេះ (ដែក និងនីកែលរឹងដ៏ក្តៅគគុក) ជាលើកដំបូងកាលពីឆ្នាំ ១៩០៦ តាមរយៈការអង្កេត «ទម្រង់នៃការប្រែប្រួលរលកសញ្ញានៃគ្រោះរញ្ជួយដី» ដែលចល័តពីផ្នែកម្ខាង ទៅកាន់ផ្នែកខាងទៀតរបស់ភពផែនដី ដោយឆ្លងកាត់ស្នូលកណ្តាល។ រយៈពេល ១០០ឆ្នាំក្រោយមកទៀត ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA បានយកវិធីសាស្ត្រមួយនេះ បំពាក់ឲ្យគ្រឿងយន្ត InSight ដើម្បីបញ្ជូនទៅស្រាវជ្រាវភពអង្គារ។

ឧបករណ៍តាមការរលកសញ្ញារញ្ជួយដីនៃយាន InSight លើភពអង្គារ (រូបភាពពី NASA)

គ្រោះរញ្ជួយដីមិនមែនគ្រាន់តែជាភាពរំញ័រ ដែលប្រាប់យើងពីសកម្មភាពនៅខាងក្នុង នៃវត្ថុណាមួយដែលបានបង្កើតវាឡើងនោះទេ។ ឥឡូវនេះយើងមានបច្ចេកវិទ្យា ដើម្បីបំប្លែងពួកវាឲ្យទៅជារលកនៃកាំរស្មី X (X-ray) មួយប្រភេទបាន។ ការញ័ររញ្ជួយទាំងនោះ តែងជះពីចំណុចចាប់ផ្តើមរបស់វាចេញមកក្រៅ ហើយរំសាយជុំវិញផ្ទៃក្នុងភព ឬព្រះចន្ទ ឬក៏ផ្កាយ មុនពេលឈានទៅរកភាពស្ងប់ស្ងាត់វិញ។ វិធីដែលរំញ័រធ្វើដំណើរឆ្លងកាត់ និងជះឥទ្ធិពលពាសពេញតំបន់ផ្ទៃក្នុងរបស់វត្ថុអវកាសណាមួយនោះហើយ អាចធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្របង្កើតចេញជាផែនទីអំពីសណ្ឋានផ្ទៃក្នុងរបស់វត្ថុអវកាសនោះដូចជា ស្រទាប់ក្នុងៗ និងស្នូលជាដើម។

ទោះបីជាមានរយៈពេលខ្លី ដើម្បីតាមដានផ្នែកខាងក្នុងនៃភពព្រះអង្គារ ក៏យាន InSight បានពើបប្រទះគ្រោះរញ្ជួយដីរាប់រយលើក ដែលផ្តល់ឱ្យយើងនូវព័ត៌មានលម្អិត អំពីផ្ទៃខាងក្នុងរបស់ភពក្រហមនោះ។ ដោយហេតុនេះហើយទើបក្រុមអ្នកវិទ្យាសាស្ត្រ អាចចងក្រងផែនទីលម្អិតដំបូង នៃភពព្រះអង្គារ និងស្វែងយល់បន្ថែមអំពីស្ថានភាព នៃសកម្មភាពខាងក្នុងរបស់ភពនោះបាន។ ក្រុមអ្នកវិទ្យាសាស្ត្របានលាន់មាត់ថា «ផ្ទៃក្នុងភពអង្គារមិនទាន់ស្លាប់ ដូចដែលយើងធ្លាប់បានគិតនោះទេ»

គួរបញ្ជាក់ថា ការពិតនៃស្នូលក្នុងភពអង្គារ មិនដែលទទួលបានការអង្កេតនោះឡើយ រហូតដល់ឆ្នាំ ២០២១ ដែលយាន InSight របស់អង្គការ NASA បានចាប់បានសកម្មភាពញ័ររញ្ជួយនៅលើផ្ទៃភពអង្គារ ត្រង់ផ្នែកម្ខាងទៀតដែលផ្ទុយពីកន្លែងដែល InSight ឈរជើង។ ទាំងនោះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុត ដែល InSight មិនធ្លាប់ជួបប្រទះលើភពអង្គារនោះឡើយ ហើយវាក៏ជាឱកាសពិសេសបំផុត ដែលគ្រឿងយន្តនៅស្ងៀមមួយនេះចាប់យក រលកចេញពីការញ័ររញ្ជួយ (Seismic Wave) ឆ្លងកាត់ស្រទាប់ក្នុងៗ រួមទាំងស្នូលភពអង្គារនោះបាន។

នេះជាលើកដំបូងហើយ ដែលយើងមានតំរុយពិតពី «ស្នូល» ភពអង្គារ! អរគុណ InSight…
(រូបភាពពី NASA)

ដោយសារតែការវិភាគលើទម្រង់នៃការប្រែប្រួល Seismic Wave ទម្រាំមកដល់ឧបករណ៍ចាប់សញ្ញារបស់ InSight នោះហើយ ទើបក្រុមអ្នកវិទ្យាសាស្ត្រអាចដឹងច្បាស់អំពីសមាសធាតុផ្សំ នៃស្នូលក្នុងភពអង្គារបាន នោះគឺជាសារធាតុដែករាវក្តៅគគុក ហើយក៏មាននូវសារធាតុស្ពាន់ធ័រ ឬ ស៊ុលផួ (Sulfur) និងអុកស៊ីហ្សែន (Oxygen) លាយឡំជាមួយគ្នាដែរ ហើយនៅក្នុងចំនួនដ៏ច្រើនស្ទើរមិនគួរឲ្យជឿថែមទៀត។ យ៉ាងណាក៏ដោយ នេះអាចត្រឹមចាត់ទុកជាតំរុយដំបូង អំពីការពិតនៃស្នូលភពអង្គារប៉ុណ្ណោះ ហើយក្រុមអ្នកវិទ្យាសាស្ត្រត្រូវការការសិក្សា ឬក៏ឧបករណ៍ស្រាវជ្រាវបន្ថែមទៀតទៅកាន់ភពក្រហមនោះ ដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយជាងនេះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣)

480×240 Banner