BREAKING៖ តេឡេស្កូប James Webb ប្រទះឃើញ «ចំហាយទឹក» នៅប្រព័ន្ធផ្កាយ១ចម្ងាយ ២៦.៣ឆ្នាំពន្លឺពីផែនដី
(បរទេស)៖ នៅថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA បានប្រកាសពីការរកឃើញវត្តមាន ចំហាយទឹក (Water Vapor) នៅក្នុងប្រព័ន្ធផ្កាយ GJ 486 ប៉ុន្តែគេនៅមិនទាន់អាចប្រាកដច្បាស់ថា តើចំហាយទឹកទាំងនោះជារបស់ផ្កាយ GJ 486 ឬក៏ភព GJ 486 b ដែលគោចរជុំវិញផ្កាយនោះឡើយ។
មូលហេតុដែលក្រុមតារាវិទូមានភាពស្ទាក់ស្ទើរ ចំពោះការសន្មត់លើអ្វីដែល James Webb ទើបបានប្រទះឃើញនោះ ក៏ព្រោះតែផ្កាយ GJ 486 មានចំណុចខ្មៅ (starspots) លេចឡើង ឬមួយក៏ចំហាយទឹកទាំងនោះ គឺជាចំហាយនៃបរិយាកាស ដែលអាចជាបរិយាកាសរបស់ភពថ្ម (rocky exoplanet) ដែលគោចរនៅកៀកផ្កាយវាខ្លាំងនោះផង ក៏អាចថាបាន។

គួរបញ្ជាក់ថា ភព GJ 486 b គោចរកៀកនឹងផ្កាយមេវាណាស់ (ស្ថិតនៅចម្ងាយ ២៦.៣ឆ្នាំពន្លឺពីផែនដី) ដែលនាំឲ្យវាគោចរជុំវិញផ្កាយវាបានមួយជុំ (ស្មើនឹងមួយឆ្នាំលើភពនោះ) ចំណាយពេលតែ ១.៥ថ្ងៃ នៃពេលវេលាលើផែនដីប៉ុណ្ណោះ ខណៈសីតុណ្ហភាពលើផ្ទៃវាវិញ គឺក្តៅរហូតដល់ ៤២៦.៧ អង្សាសេ ប្រហាក់ប្រហែលនឹងសីតុណ្ហភាពលើភពសុក្រ (Venus) របស់យើងទៅហើយ។

James Webb នឹងត្រូវប្រើប្រាស់ឧបករណ៍យ៉ាងហោចណាស់ ២បន្ថែមទៀត ដើម្បីឲ្យដឹងថា ចំហាយទឹកទាំងនោះ មានប្រភពមកពីផ្កាយ ឬភពខាងលើនេះ។ ប៉ុន្តែដំណើរការតាមធម្មតាមួយ ដែលក្រុមអ្នកវិទ្យាសាស្ត្រអាចពន្យល់បាន នោះប្រសិនបើចំណាយទឹកទាំងនោះ មានប្រភពពីភព GJ 486 b លុះត្រាណាតែភពនោះមានសមត្ថភាព អាចផលិតបរិយាកាសចេញមកជាលំដាប់ ដើម្បីទប់ទល់នឹងរលកធាតុវិទ្យុសកម្មដ៏កំណាចជះពីផ្កាយរបស់វា៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣)
