ឆ្នាំ២០៣០ ប្រទេសចិននឹងបញ្ជូនអវកាសយានិក ទៅជាន់ដីឋានព្រះចន្ទ (មានវីដេអូ)
(ប៉េកាំង)៖ គិតចាប់តាំងពីការបង្ហាញភាពលេចធ្លោខ្លាំងបំផុត នៅក្នុងវិស័យអវកាសជាងមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា តែងតែបំពេញទៅតាមមហិច្ឆតារបស់ខ្លួន ស្រមតាមកាលវិភាគដែលត្រូវបានកំណត់ជានិច្ច ក្នុងនោះមានដូចជា ការដឹកគំរូតាង (Sample) ដំបូងរបស់ខ្លួនពីព្រះចន្ទតាមរយៈបេសកកម្ម ឆាងអឺទី ៥ (Chang’e 5) កាលពីចុងឆ្នាំ ២០២០, ការបញ្ជូនយានស្រាវជ្រាវដំបូងទៅដល់ភពអង្គារនៅដើមឆ្នាំ ២០២១ និងការចាប់ផ្តើមដំឡើងស្ថានីយអវកាសផ្ទាល់ខ្លួនជាប្រវត្តិសាស្ត្រកាលពីឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។

មហិច្ឆតារបស់ប្រទេសចិន ក៏មិនសូវខុសពីសហរដ្ឋអាមេរិកដែរ នោះគឺការពង្រីកការស្រាវជ្រាវទៅកាន់ទីអវកាស ឲ្យបានកាន់តែឆ្ងាយ និងប្រកបដោយប្រសិទ្ធភាព។ បេសកកម្ម ឆាងអឺ (Chang’e) ជាបន្តបន្ទាប់របស់ចិននៅថ្ងៃអនាគត នឹងក្លាយជាការដឹកនាំអវកាសយានិក ទៅបោះមូលដ្ឋានដោយផ្ទាល់លើផ្ទៃព្រះចន្ទនៅឆ្នាំ២០៣០ ប៉ុន្តែមុននឹងឈានដល់ដំណាក់កាលនោះ ទីភ្នាក់ងារអវកាសជាតិចិន ក៏ត្រូវការបំពេញកិច្ចការងារជាច្រើនទៀតដែរ។
បើតាមកាសែត China Daily បានដកស្រង់សម្តីពីអ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Wu Weiren មកពីរដ្ឋបាលអវកាសចិន (CNSA) យ៉ាងដូច្នេះថា «បេសកកម្ម Chang’e 8 នឹងក្លាយជាអ្នកស្រាវជ្រាវផ្នែកបរិស្ថាន និងរុករកសារធាតុរ៉ែនានានៅលើព្រះចន្ទ ហើយក៏នឹងកំណត់ថា តើបច្ចេកវិទ្យាដូចជាការព្រីន 3D (3D Printing) នោះ សក្តិសមនឹងឲ្យប្រើប្រាស់លើព្រះចន្ទឬមួយក៏អត់»។

អ្នកវិទ្យាសាស្ត្រខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា «ប្រសិនបើយើងចង់ស្នាក់នៅលើព្រះចន្ទ នៅក្នុងរយៈពេលយូរនោះ យើងត្រូវការការកសាងស្ថានីយ ដោយប្រើប្រាស់វត្ថុធាតុដែលមាននៅលើព្រះចន្ទផ្ទាល់»។ កាសែតចិនក៏ធ្លាប់បានចុះផ្សាយកាលពីដើមឆ្នាំ ២០២៣ នេះដែរថា ប្រទេសចិននឹងចាប់សាងសង់ មូលដ្ឋានលើឋានព្រះចន្ទនៅឆ្នាំ២០២៨ ហើយការដឹកនាំអវកាសយានិកទៅកាន់ទីនោះ នឹងកើតឡើងនៅឆ្នាំ២០៣០។
ដោយឡែកបេសកកម្ម Artemis របស់អង្គការ NASA សហរដ្ឋអាមេរិក ក៏នឹងបញ្ជូនអវកាសយានិកដំបូង ទៅបោះមូលដ្ឋានស្រាវជ្រាវ និងស្នាក់នៅអចិន្ត្រៃយ៍តែម្តងលើព្រះចន្ទនៅឆ្នាំ ២០២៥ ឬ ២០២៦ ខាងមុខនេះផងដែរ៕
ទស្សនាវីដេអូខាងក្រោមនេះ ដើម្បីយល់ដឹងបន្ថែម៖
ប្រែសម្រួល៖ Cambo Space
ប្រភព៖ CGTN/Space (ថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣)
