អង់តែនផ្តល់សេវាទូរស័ព្ទ អាចធ្វើឲ្យពួកអេលៀន (Alien) រកឃើញផែនដី? (លទ្ធផលសិក្សាថ្មី) (មានវីដេអូ)
(បរទេស)៖ ប្រសិនបើមានជីវិតក្រៅភពដ៏ឆ្លាតវៃ ឬអេលៀន (Alien) កំពុងតែស្វែងរកជីវិតឆ្លាតវៃ ឬភពអាចមានជីវិតរស់នៅផ្សេងទៀតនៅក្នុងកាឡាក់ស៊ី Milky Way នេះ ប៉ម ឬអង់តែនទូរស័ព្ទ (towers) ដ៏ច្រូងច្រាងពាសពេញលើផ្ទៃផែនដីយើងនេះ អាចក្លាយជាឧបករណ៍ផ្តល់ជាសញ្ញាដោយអចេតនា ដល់ពួកអេលៀនស្ថិតនៅភពដទៃឲ្យរកឃើញភពយើងបាន។ ប៉ុន្តែតើរឿងនេះអាចកើតឡើងតាមរបៀបណា?
លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីប្រចាំឆ្នាំ ២០២៣ នេះបានបង្ហាញថា ជីវិតអេលៀននៅលើភពដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយក្បែរៗប្រព័ន្ធព្រះអាទិត្យយើងនោះ ទំនងជាអាចរកឃើញរលកសញ្ញាវិទ្យុ (radio signals) ជះចេញពីអង់តែនផ្តល់សេវាទូរស័ព្ទ ដែលមានពាសពេញផ្ទៃផែនដីយើងនេះរួចហើយ។ ជាងនេះទៅទៀត នៅពេលដែលរលកសញ្ញាទាំងនេះកាន់តែមានឥទ្ធិពលខ្លាំង នោះការហៅទូរស័ព្ទទៅមករវាងមនុស្សលើភពផែនដី នឹងក្លាយជាការជះតំរុយនៃវត្តមានរបស់យើង កាន់តែច្រើនទៅកាន់កាឡាក់ស៊ី។

ជុំវិញលទ្ធផលសិក្សាថ្មីនេះ លោក ម៉ៃក៍ ហ្គារ៉េត (Mike Garrett) នាយកមជ្ឈមណ្ឌលតារាសាស្ត្រ Jodrell Bank នៃសាកលវិទ្យាល័យ Manchester ចក្រភពអង់គ្លេស បានពន្យល់ថា «ផែនដីពិតជាបានបង្ហាញពន្លឺមិនធម្មតារួចទៅហើយ នៅក្នុងផ្នែករលកវិទ្យុនៃវិសាលគម (Radio Spectrum)។ ប្រសិនបើនិន្នាការនេះនៅតែបន្តទៅមុខ នោះវត្តមានរបស់យើង អាចនឹងត្រូវបានរកឃើញយ៉ាងងាយៗ ដោយអារ្យធម៌រីកចម្រើនកម្រិតខ្ពស់ណាមួយ ដែលមានបច្ចេកវិទ្យាចាប់បានរលកសញ្ញាជះចេញដោយយើង…»។

បើតាមលទ្ធផលសិក្សាដឹកនាំដោយលោក Garrett ដែលត្រូវបានចេញផ្សាយលើកាសែត The Royal Astronomical Society នោះ ក្រុមការងាររបស់លោកបង្កើតជា «សំណុំទិន្នន័យដ៏ស្មុគស្មាញ» នៃរលកសញ្ញាវិទ្យុ (radio signals) សិប្បនិមិត្ត ហើយធ្វើឲ្យរលកសញ្ញាទាំងនោះលេចធ្លាយ តាមរយៈការហៅទូរស័ព្ទ ដោយឆ្លងកាត់អង់តែន ឬប៉មផ្តល់សេវាទូរស័ព្ទ ស្ថិតនៅក្នុងន័យយល់ដឹងថា តើជីវិតនៅលើភពនៅប្រព័ន្ធផ្កាយដទៃ មានភាពលំបាកកម្រិតណា ក្នុងការស្វែងរករលកសញ្ញាជះចេញពីផែនដីទាំងអស់នេះ។

នៅទីបំផុតក្រុមអ្នកស្រាវជ្រាវបានរកឃើញថា «ផែនដីពិតជាផ្តល់សញ្ញាជាច្រើន ពាក់ព័ន្ធនឹងជីវិតមានបច្ចេកវិទ្យាជឿនលឿនលើភពខ្លួនឯងនេះ តាមរយៈការជះរលកសញ្ញាវិទ្យុចេញពីប៉មផ្តល់សេវាទូរស័ព្ទ, ការទាក់ទងគ្នាតាមផ្កាយរណប និងរលកសញ្ញាអ៊ីនធើណិតផងដែរ»។ ក្រុមអ្នកស្រាវជ្រាវបានគូសបញ្ជាក់ទៀតថា «រលកសញ្ញាទាំងនោះថែមទាំងអាច ជះទៅដល់ភពនានានៅតាមប្រព័ន្ធផ្កាយក្បែរៗយើង ក្នុងនោះរួមទាំងប្រព័ន្ធផ្កាយ Barnard ដែលជាផ្កាយក្រហមទំហំតូច (Red Dwarf) ស្ថិតនៅចម្ងាយតែ ៦ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដែលមានភពធំមួយស្រដៀងនឹងផែនដីយើង កំពុងគោចរជុំវិញផ្កាយនោះផងដែរ»។

ក្រុមការងាររបស់លោក Garrette បានបញ្ជាក់បន្ថែមទៀតថា «រលកសញ្ញាទាំងនេះ នឹងអាចត្រូវបានរកឃើញបាន ចំពោះតែជីវិត Alien ណាដែលមានឧបករណ៍ស៊ើប និងចាប់យករលកសញ្ញា ដូចដែលមនុស្សយើងមាននៅលើផែនដីនេះប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលរលកសញ្ញាអាចជះបានកាន់តែខ្លាំង នោះជីវិតនៅភពដទៃដែលត្រឹមមានកម្រិតបច្ចេកវិទ្យាទាបនៅឡើយ ក៏ទំនងជាអាចរកឃើញ និងចាប់បានដែរ…»។
លោក Garrett បានថ្លែងបែបនេះទៀតថា «ខ្ញុំបានឮមិត្តរួមការងារជាច្រើនលើកឡើងថា រលកវិទ្យុលើផែនដីកាន់តែស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ… វាជាការលើកឡើង ដែលខ្ញុំតែងតែមានមន្ទិល។ ទោះបីជាអង់តែនទូរទស្សន៍ និងវិទ្យុមានចំនួនកាន់តែតិចទៅៗក៏ដោយ ប៉ុន្តែការរីកចម្រើននៃប្រព័ន្ធទាក់ទងចល័តនៅជុំវិញពិភពលោក គឺមានភាពរីកចម្រើនណាស់។ ខណៈប្រព័ន្ធនីមួយៗបញ្ចេញថាមពលរលកវិទ្យុកម្រិតទាប តែបើចេញពីឧបករណ៍រាប់ពាន់លានគ្រឿងរួមបញ្ចូលគ្នានោះ គឺពិតជាធំធេង…»។

គួរបញ្ជាក់តាមក្រុមអ្នកវិទ្យាសាស្ត្រថា ជារៀងរាល់ថ្ងៃពួកគេតែងតែព្យាយាមសិក្សាបន្ថែម អំពីលក្ខណៈនៃភពដទៃតាមរយៈទិន្នន័យទាំងឡាយ បានមកពីបេសកកម្មតេឡេស្កូបអវកាសដូចជា Kepler និង TESS (Transiting Exoplanet Survey Satellite) ជាពិសេសគឺ James Webb។ ពួកគេជឿថា មានឱកាសដែលអាចទៅរួច សម្រាប់អរិយធម៌ជឿនលឿននៅលើភពណាមួយនោះ មានសមត្ថភាពក្នុងការសង្កេតមើល ការលេចធ្លាយរលកសញ្ញាវិទ្យុ ដែលបង្កើតឡើងដោយមនុស្ស ចេញពីភពផែនដីយើងនេះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science / The Royal Astronomical Society (ថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣)
