របកគំហើញថ្មី! តំបន់អេក្វាទ័រភពអង្គារមាន «ទឹកកក» យ៉ាងក្រាស់កប់នៅក្រោមដី (ច្រើនណាស់) (មានវីដេអូ)
(បរទេស)៖ ផ្កាយរណប Mars Express របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលមានអាយុជាង ២០ឆ្នាំទៅហើយនោះ ទើបតែបានរកឃើញ «កំណប់ទឹកកក (water ice)» ក្នុងចំនួនច្រើន ស្ថិតនៅតាមតំបន់ខ្សែអេក្វាទ័រភពព្រះអង្គារ (Mars) នៅត្រង់តំបន់មួយឈ្មោះ Medusae Fossae Formation (MFF)។ យោងតាមការគណនាជាបឋម ប្រសិនបើទឹកកកទាំងអស់នោះរលាយ នោះនឹងអាចបង្កើតមហាសមុទ្រលើផ្ទៃភពអង្គារ ដែលមានជម្រៅទឹកចាប់ពី ១.៥ ទៅ ២.៧ ម៉ែត្រឯណោះ។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រ ESA បើទោះបីជាការរកឃើញ «កំណប់ទឹកកកនៅក្រោមដី» នេះមិនមែនជារឿងថ្មីបំផុតសម្រាប់តំបន់អេក្វាទ័រភពអង្គារក្តី ក៏ការរកឃើញក្នុងចំនួនដ៏ច្រើនបែបនេះ ពិតជាមិនធ្លាប់មាននោះឡើយ។ ប្រការនេះក៏កំពុងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ងឿងឆ្ងល់អំពីមូលហេតុនៃការបាត់បង់ទឹក ចេញពីផ្ទៃភពអង្គារ និងទ្រឹស្តីវិភាគអំពីការបាត់បង់ទឹករបស់ភពអង្គារ ទៅកាន់ទីអវកាសនោះផងដែរ។
ជុំវិញរបកគំហើញដ៏គួរឲ្យរំភើបនេះដែរ លោក Thomas Watters អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Smithsonian នៃសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈ ESA ថា «ពិតជាគួរឲ្យរំភើបរីករាយណាស់, សញ្ញាបានមកពីរ៉ាដា (លើតំបន់អេក្វាទ័រ) ស្របគ្នានឹងការរំពឹងទុករបស់យើងថា នឹងប្រទះឃើញពីស្រទាប់ទឹកកកនៅទីនោះ។ វាពិតជាស្រដៀងគ្នាទៅនឹងសញ្ញាចាប់បានពីប៉ូលរបស់ភពព្រះអង្គារ ដែលយើងដឹងថាមានវត្តមានកាតឹបទឹកកក ក្នុងចំនួនដ៏ច្រើនស្រាប់ទៅហើយនោះដែរ»។
បើតាមទិន្នន័យពី Mars Express កំណប់ទឹកកកថ្មីនេះ មានកម្រាស់ក្រាស់ណាស់ ដោយលាតសន្ធឹងរហូតដល់ ៣.៧គីឡូម៉ែត្រនៅក្រោមដី ហើយគ្របដណ្ដប់ដោយសំបកនៃផេះរឹង និងធូលីស្ងួតដែលមានកម្រាស់រាប់រយម៉ែត្រឯណោះ។ ទឹកកកនេះមិនមែនជាប្លុកទឹកសុទ្ធសាធនោះទេ ដោយវាស្ថិតនៅលាយឡំជាមួយធូលី យ៉ាងច្រើន។ ខណៈដែលវត្តមានរបស់ទឹកកកនៅជិតតំបន់អេក្វាទ័រ គឺជាទីតាំងដែលអាចបង្កភាពងាយស្រួលសម្រាប់បេសកកម្មអវកាសយានិកលើភពអង្គារនាពេលអនាគតនោះ ការកប់យ៉ាងជ្រៅទៅក្នុងដីបែបនេះក៏មានន័យថា ក្រុមអវកាសយានិកនឹងពិបាកក្នុងការជីកយកវា ដើម្បីចម្រាញ់ចេញជាទឹកស្អាតផងដែរ។
យ៉ាងណាក៏ដោយ តំបន់មានកំណប់ទឹកកក MFF ខាងលើនេះ មិនមែនជាទីតាំងថ្មី ដែល Mars Express ទើបសង្កេតឃើញនោះឡើយ ដោយកាលពី ១៥ឆ្នាំមុន ផ្កាយរណបនេះបានប្រទះឃើញ «សមាសធាតុពិសេស» នៅក្រោមតំបន់នោះ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចសន្មត់ថា ជាអ្វីឲ្យបាកដ។ យ៉ាងណាក៏ដោយ ក្រោយការសិក្សាអស់ជាច្រើនឆ្នាំ ទើបគេអាចសន្មត់ថា តំបន់ MFF នេះគឺជាទីខ្ពង់រាប ដែលបានកើតមានឡើងដោយសារតែកម្អែលភ្លើង (lava) ហូរកាត់ទីនោះប្រមាណ ៣ពាន់លានឆ្នាំមុន ខណៈតំបន់ទាំងមូលមានប្រវែង ៥,០០០គីឡូម៉ែត្រ។
បច្ចុប្បន្ននេះតំបន់ប្រជុំទីខ្ពង់រាប MFF ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីអតីតភ្នំភ្លើង Olympus (បើមើលទៅលើផែនទី) កំពុងគ្របដណ្តប់ដោយគំនរធូលី ដែលមានកម្ពស់រហូតដល់រាប់គីឡូម៉ែត្រ ហើយទីនេះក៏ត្រូវបានចាត់ទុកថា ជាជម្រុកនៃធូលីដ៏ច្រើនបំផុត ដែលតែងតែជួយឧបត្ថម្ភយ៉ាងក្រាស់ក្រែល ពេលកើតមានព្យុះធូលីតាមរដូវ នៅលើភពអង្គារ។ នៅទីបំផុតតាមរយៈប្រព័ន្ធរ៉ាដា MARSIS នៅលើផ្កាយរណប Mars Express ទើបគេអាចរកឃើញថា តាមពិតទៅ «សមាសធាតុពិសេស» នៅក្រោមតំបន់ខ្ពង់រាប MFF នោះគឺ «កំណប់ទឹកកក» ដ៏ច្រើនបំផុតមិនធ្លាប់ត្រូវបានជួបប្រទះ។
គួរបញ្ជាក់ថា យាន Mars Express របស់ ESA បានទៅដល់ភពអង្គារ កាលពីខែធ្នូ ឆ្នាំ២០០៣ ដោយស្ថិតក្នុងគោលដៅចម្បងបំផុត ក្នុងការស្វែងរកវត្តមានទឹកនៅក្នុងសំបកភពអង្គារ តាមរយៈការគោចរជុំវិញភពក្រហមនោះ។ អំលុងពេល ២០ឆ្នាំមកនេះ Mars Express បានបង្កើតផែនទី 3D នៃផ្ទៃភពអង្គារ, រកឃើញវត្តមានទឹកកកក្នុងសំបកភពអង្គារ, រកឃើញវត្តមានកាតឹបទឹកកកនៅតំបន់ប៉ូលក្នុងចំនួនដ៏ច្រើន និងការបន្តអង្កេតរកដាននៃឧស្ម័ន មេតាន (Methane) នៅក្នុងបរិយាកាសដ៏ស្តើងរបស់ភពអង្គារផងដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ESA (ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤)