Breaking News៖ ជប៉ុនជោគជ័យក្នុងការចុះចតយាន លើព្រះចន្ទដោយរលូន ប៉ុន្តែជួបបញ្ហានៅពេលបន្ទាប់!

1,185

(បរទេស)៖ កាលពីវេលាម៉ោង ១០៖២០នាទីយប់ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ទីភ្នាក់ងារអវកាសជប៉ុន JAXA បានបញ្ជាយាន Smart Lander for Investigating Moon (SLIM) ឬមានរហស្សនាមមួយទៀតថា Moon Sniper ឲ្យចុះចតលើផ្ទៃព្រះចន្ទប្រកបដោយភាពរលូន (soft landing) ហើយជប៉ុនក៏អាចត្រូវបានចាត់ចូលជាប្រទេសទី ៥ លើពិភពលោក បន្ទាប់ពីអតីតសហភាពសូវៀត, សហរដ្ឋអាមេរិក, ចិន និងឥណ្ឌា ដែលអាចសម្រេចគោលដៅ ដ៏លំបាកបំផុតនេះបានផងដែរ។

ប៉ុន្តែនៅរយៈពេលប៉ុន្មានម៉ោងបន្ទាប់ទៀត (រំលងអធ្រាត្រ) ឈានចូលថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ ទើបទីភ្នាក់ងារអវកាសជប៉ុន JAXA បានប្រកាសថា យាន Moon Sniper នោះបានជួបបញ្ហាលើផ្នែកបន្ទះស្រូបពន្លឺព្រះអាទិត្យ (solar panels) របស់វា ដែលជាហេតុនាំឲ្យវាមិនអាចស្រូបយកថាមពល ពីព្រះអាទិត្យបានតាមការគ្រោងទុកឡើយ។ ក្រុមអ្នកតាមដានខ្លះ តាមរយៈការមើលទិន្នន័យពីការ Live របស់ JAXA បានអះអាងថា យាន SLIM បានចុះចត និងរមៀលអស់ប៉ុន្មានត្រលប់ រហូតបន្ទះស្រូបពន្លឺព្រះអាទិត្យវាត្រូវផ្កាប់ ឬបែរចេញពីព្រះអាទិត្យ ខុសពីការគ្រោងទុក។

សន្និសីទសារព័ត៌មានរបស់ JAXA (រូបភាពពី JAXA)

ជុំវិញរឿងនេះ ប្រធាន JAXA លោក Yamakawa Hiroshi បានថ្លែងកាលពីពេលទាបភ្លឺថ្ងៃសៅរ៍នេះថា «ជាដំបូង និងសំខាន់បំផុត ការចុះចតបានទទួលជោគជ័យ។ ទិន្នន័យពី SLIM កំពុងបន្តបញ្ជូនមកផែនដី បន្ទាប់ពីការចុះចតរួចរាល់ ដែលនេះជាភស្តុតាងបានបញ្ជាក់ថា ការប៉ុនប៉ងចុះចតដោយរលូនរបស់យើងបានសម្រេចគោលដៅហើយ។ ខ្ញុំគិតថានេះគឺជាការបើកផ្លូវមួយ សម្រាប់យើងហើយចាប់ពីពេលនេះ…»។

រូប 3D យានជប៉ុនលើព្រះចន្ទ (រូបភាពពី JAXA)

តែយ៉ាងណា នេះមិនមែនជារឿងល្អប៉ុន្មានឡើយសម្រាប់ SLIM ព្រោះប្រសិនបើគ្មានការស្រូបពន្លឺព្រះអាទិត្យទេនោះថាមពលមានស្រាប់ក្នុងយាននោះ អាចទ្រទ្រង់បេសកកម្មបានតែ ២ ទៅ ៣ម៉ោងប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ មន្ត្រីរបស់ JAXA បានអះអាងថា ទោះបីជាគ្មានថាមពលពីព្រះអាទិត្យ ក៏យើងនឹងបន្តបញ្ជាយាននោះឲ្យបាន ខណៈក្តីសង្ឃឹមនៅតែមាន ព្រោះនៅប៉ុន្មានសប្តាហ៍ខាងមុខ ព្រះអាទិត្យនឹងរះលើព្រះចន្ទត្រង់កម្រិតមុំថ្មី ដែលក្នុងឱកាសនោះអាចឲ្យ SLIM ស្រូបយកថាមពលពីព្រះអាទិត្យមកប្រើប្រាស់វិញកើតក៏ថាបាន។

មន្ត្រី JAXA បានអះអាងទៀតថា ប្រសិនបើបន្ទះសូឡាលើ SLIM អាចដំណើរការនៅប៉ុន្មានសប្តាហ៍ខាងមុខ នោះយាននេះនឹងអាចបន្តដំណើរការបាន ២ ទៅ ៣ថ្ងៃដែរ ព្រោះកម្តៅព្រះអាទិត្យលើព្រះចន្ទ ដែលអាចកើនដល់ ១០០អង្សាសេនោះ នឹងបំផ្លាញបន្ទះសូឡាលើយាននោះ ក្រោយការសាកថាមពលរួចតែម្តងនោះហើយ។

រូប 3D នៃយាន Moon Sniper លើព្រះចន្ទ (រូបភាពពី JAXA)

គួរបញ្ជាក់ថា ភាពតានតឹងបានកើតឡើង ក្រោយពីជប៉ុនបានប្រើប្រាស់ពេល ២០នាទី (ម៉ោង ១០៖០០នាទី ដល់ ១០៖២០នាទី ម៉ោងនៅកម្ពុជា) ដើម្បីចុះចតយានលើផ្ទៃព្រះចន្ទ និងការប៉ុនប៉ងធ្វើជាប្រទេសទី បន្ទាប់ពីអតីតសហភាពសូវៀត, សហរដ្ឋអាមេរិក, ប្រទេសចិន និងប្រទេសឥណ្ឌា ដែលអាចចុះចតយានដោយរលូន និងនៅដំណើរការប្រក្រតីលើព្រះចន្ទ។ ការអះអាងរបស់ជប៉ុនខាងលើនេះ អាចធ្វើឲ្យគ្រប់គ្នាស្រពិចស្រពិលថា គួរចាត់ជប៉ុនចូលជាប្រទេសទី ៥ ដែរឬយ៉ាងណា។ តែយ៉ាងណា ជប៉ុនពិតជាបានចុះចតយានលើព្រះចន្ទ ហើយយាននោះនៅតែអាចដំណើរការ និងបញ្ជូនទិន្នន័យមកផែនដីវិញបាន (ទោះបីជាមានរយៈពេលខ្លីក្តី)៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ JAXA/Japan Times/SPACE (ថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤)

480×240 Banner