យល់ដឹងពី «ផ្កាយកូនមាន់» និងមូលហេតុដែលផ្កាយខ្លះមានពន្លឺព្រិចៗ លើផ្ទៃមេឃផែនដី (អត្ថបទសំណូមពរ) (វីដេអូ)

953

(បរទេស)៖ ជាច្រើនឆ្នាំមកហើយដែលប្រិយមិត្តបានសំណូមពរឲ្យ Cambo Space ធ្វើអត្ថបទ និងវីដេអូអំពីផ្កាយកូនមាន់ ដូច្នេះពេលនេះសំណូមពររបស់ប្អូនបានសម្រេចហើយ ខណៈសំនួរមួយទៀតថា តើហេតុអ្វីបានជាផ្កាយមួយចំនួនលើផែនដី បញ្ចេញពន្លឺព្រិចៗ (ឡើងចុះៗ) នោះក៏នឹងត្រូវបកស្រាយក្នុងអត្ថបទនេះជាមួយគ្នាដែរ។

(Video From YouTube: Cambo Space Edu)
  • តើផ្កាយកូនមាន់នោះជាអ្វី?

សម្រាប់ក្រុម «ផ្កាយកូនមាន់» ដែលខ្មែរយើងតាំងពីបុរាណបានដាក់ឈ្មោះឲ្យនោះ មានទីតាំងស្ថិតក្នុងតារានិករ Taurus នៅមិនឆ្ងាយពីតារានិករ អូរ៉ាយអិន (Orion) (ផ្កាយយាមនង្គ័ល ឬ Orion’s Belt) នោះឡើយ ដែលជាហេតុនាំឲ្យមនុស្សម្នាលើភពផែនដី ងាយកត់ចំណាំនៅពេលយប់មកដល់ និងមេឃស្រឡះល្អ។

ទីតាំងរបស់ក្រុមផ្កាយកូនមាន់ (រូបភាពពីបរទេស)

ជនជាតិចិនពីបុរាណបានហៅក្រុមផ្កាយកូនមាន់នោះថា ម៉ៅ (mǎo) មានន័យថា «ផ្កាយក្បាលខ្លាមានប្រភពពីភាគខាងលិច» ខណៈជនជាតិក្រិកពីបុរាណហៅក្រុមផ្កាយនោះថា បងប្អូនស្រីទាំង៧ (the Seven Sisters) និងជនជាតិដើមនៅអាមេរិកខាងជើងវិញបានហៅថា ភ្លីយ៉ាឌីស (Pleiades) ដោយចង់សម្តៅលើក្មេងៗកំព្រា ឬក្មេងៗដែលវង្វេងចេញពី កុលសម្ព័ន្ធជាដើម។ បច្ចុប្បន្នេះ ឈ្មោះជាផ្លូវការក្នុងកម្មវិធីសិក្សានៅប្រទេសលោកខាងលិច បានហៅក្រុមផ្កាយកូនមាន់នោះថា Pleiades ហើយវាគឺជាកញ្ចុំផ្កាយមួយ (Pleiades Star Cluster) ដោយមានឈ្មោះបច្ចេកថា M45

  • ចម្ងាយ ចំនួន និងទំហំរបស់សមាជិកគោលៗនៃក្រុមផ្កាយកូនមាន់ (Pleiades Cluster)

ក្រុមផ្កាយកូនមាន់មានចម្ងាយជាមធ្យម ៤៤០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានKm)។ ប្រាកដណាស់ មនុស្សពីបុរាណនៅបច្ចិមប្រទេសបានហៅក្រុមផ្កាយកូនមាន់ថា បងប្អូនស្រីទាំង៧ ឬខ្លះហៅថាបងប្អូនប្រុសទាំង៧នោះ ទំនងដោយសារតែពួកគេមើលឃើញ ផ្កាយភ្លឺជាងគេចំនួន នៅក្នុងកញ្ចុំនោះឯង (បើមើលនឹងភ្នែកពីភពផែនដីទៅ)។ តែតាមការពិត Pleiades Cluster នោះមានសមាជិកជាផ្កាយទាំងតូច និងធំសរុបក្នុងចំនួនជាង ១,០០០ដួងឯណោះ ដែលស្ថិតនៅជាសម្ព័ន្ធជាមួយគ្នា ដូច្នេះហើយទើបតារាវិទូចាត់ថ្នាក់ពួកវាថាជា «កញ្ចុំផ្កាយ» (cluster)

យល់ដឹងពី «ផ្កាយកូនមាន់» និងមូលហេតុដែលផ្កាយខ្លះមានពន្លឺព្រិចៗ លើផ្ទៃមេឃផែនដី (អត្ថបទសំណូមពរ) (វីដេអូ)
ទិដ្ឋភាពកញ្ចុំផ្កាយកូនមាន់ (Pleiades Cluster) (រូបភាពពីបរទេស)

ទោះជាបែបនេះក្តី តារាចំនួនតែ ៩ដួងប៉ុណ្ណោះនៅក្នុងកញ្ចុំផ្កាយកូនមាន់នោះ ដែលនៅតែជាផ្កាយដ៏គួរចាប់អារម្មណ៍ខ្លាំង ពីសំណាក់មនុស្សតាំងពីបុរាណមកទល់នឹងបច្ចុប្បន្ន។ ជនជាតិក្រិកពីបុរាណបានដាក់ឈ្មោះឲ្យផ្កាយដែលគេហៅថា បងប្អូនស្រីទាំងនោះដូចជា អាល់សាយអូនី (Alcyone), អាស្តេរ៉ូប (Asterope), សេឡាណូ (Celaeno), អេឡិចត្រា (Electra), ម៉ៃយ៉ា (Maia), មារ៉ូព (Merope), និង តេយជែត (Taygete)

បន្ថែមពីខាងលើនេះ ជនជាតិក្រិកពីបុរាណក៏បានដាក់ឈ្មោះឲ្យផ្កាយភ្លឺខ្លាំង២ដួងទៀត នៅក្នុង Pleiades Cluster ផងដែរនោះគឺ អាត្លាស់ (Atlas) និង ភ្លីយ៉ន (Pleione)។ សម្រាប់ផ្កាយដែលមានទំហំធំជាងគេក្នុង Pleiades Cluster នោះគឺ Merope ដែលមានកាំ (radius) ប្រវែងវែងជាងកាំព្រះអាទិត្យយើងដល់ទៅជាង ៧ដងណោះ ហើយជាផ្កាយពណ៌ខៀវ-ស ស្ថិតក្នុងជំពូក B-type ដែលមានទំហំស្ទើរជាងតារាយក្ស (ស្ថិតក្នុងជំពូក subgiant star)។ សម្រាប់ផ្កាយដែលតូចជាងគេក្នុងចំណោមផ្កាយទាំងជាង ១,០០០ដួងក្នុងកញ្ចុំនោះ ក្រុមតារាវិទូមិនអាចដឹងច្បាស់នៅឡើយទេ។

ឈ្មោះនៃសមាជិកគួរឲ្យចាប់អារម្មណ៍ជាងគេនៃក្រុមផ្កាយកូនមាន់ (រូបភាពពីបរទេស)
  • តើភព (Exoplanet) ចំនួនប៉ុន្មានហើយ ត្រូវបានរកឃើញក្នុងកញ្ចុំផ្កាយកូនមាន់?

គិតត្រឹមឆ្នាំ២០២៤នេះ មិនទាន់ភព (Exoplanet) ផ្លូវការណាមួយត្រូវបានរកឃើញ នៅគោចរជុំវិញផ្កាយណាមួយក្នុងកញ្ចុំផ្កាយកូនមាន់នោះនៅឡើយទេ ប៉ុន្តែក្រុមតារាវិទូបានសង្ស័យ និងកំពុងបន្តការសង្កេតលើផ្កាយមួយដួង ដែលមានលេខសម្គាល់ថា HD 23514 នៅក្នុង Pleiades Cluster នោះ ដោយវាអាចកំពុងមានភពស្រដៀងនឹងផែនដី ភពអង្គារ ឬភពសុក្រ កំពុងតែកកើតនៅជុំវិញវា។

  • ហេតុអ្វីផ្កាយខ្លះលើមេឃផែនដីពេលរាត្រី តែងបញ្ចេញពន្លឺភ្លឹបភ្លែតៗ (ឡើងចុះ)?

សម្រាប់មូលហេតុដែលបង្កឲ្យមានបាតុភូតព្រិចៗនេះឡើង គឺដោយសារតែបរិយាកាសផែនដីជាចម្បងតែម្តង។ នៅពេលដែលពន្លឺផ្កាយទាំងនោះ ចល័តឆ្លងកាត់បរិយាកាសផែនដី វាបានរងឥទ្ធិពលពីខ្យល់បោកបក់នៅក្នុងបរិយាកាសផ្នែកខាងក្រោម ព្រមទាំងតំបន់មួយចំនួនដែលមានសីតុណ្ហភាព និងដង់ស៊ីតេខុសៗគ្នាផងដែរ ដែលសុទ្ធសឹងតែជាកត្តាអាចជំរុញឲ្យពន្លឺផ្កាយនានាប្រែប្រួលទម្រង់ (ព្រិចៗឡើងចុះៗ ឬភ្លឹបភ្លែតៗ) នៅពេលមនុស្សនៅលើដីមើលទៅលើផ្ទៃមេឃ។

តែពេលយើងស្ថិតនៅទីអវកាសដែលគ្មានបរិយាកាសផែនដី យើងនឹងមិនមើលឃើញផ្កាយមានពន្លឺព្រិចៗបែបនោះឡើយ។ រួចចុះពន្លឺពីភពនានាក្នុងប្រព័ន្ធយើងវិញ? ភពនៅក្នុងប្រព័ន្ធយើងដូចជាភពសុក្រ ពុធ ព្រហស្បតិ៍ សៅរ៍ និងអង្គារជាដើម សុទ្ធសឹងតែស្ថិតជិតៗផែនដីយើងខ្លាំងបំផុត បើធៀបនឹងផ្កាយនានាដែលស្ថិតនៅឆ្ងាយសែនឆ្ងាយ ចាប់ពីខ្ទង់រាប់ឆ្នាំពន្លឺឡើងទៅ ដូច្នេះពន្លឺរបស់ភពនានាក្នុងប្រព័ន្ធយើង ដែលបានមកពីចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យដែរនោះ មិនអាចបញ្ចេញភ្លឹបភ្លែតៗដូចផ្កាយនោះឡើយ លើផ្ទៃមេឃផែនដីពេលរាត្រី៕

រៀបរៀង និងប្រែសម្រួល៖ ឥន្ទ វត្ថា (រក្សាសិទ្ធិដោយ៖ Cambo Space)
ប្រភព៖ EarthSky / BYJU / Roya Museums Greenwich / NASA (ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤)

480×240 Banner