ភពរកឃើញដោយ Kepler មួយនេះ «ស្ទើរតែដូច» ភពផែនដីយើងតែម្តង! (មានវីដេអូ)
(បរទេស)៖ ស្វាគមន៍ឆ្នាំ២០២៦ ជាមួយភព (Exoplanet) ឈ្មោះ HD 137010 b ដែលអង្គការ NASA ទើបតែបញ្ចេញទិន្នន័យលម្អិតអំពីការសិក្សាលើវានៅចុងខែមករានេះប៉ុណ្ណោះ ហើយវាមានលក្ខណៈដូចភពផែនដីយើងខ្លាំង… នៅពេលដែលក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ដូចខ្លាំងនេះគឺពិតណាស់ពួកគេចង់សម្តៅទៅលើ ឱកាសដែលភពនោះអាចមាន «ជីវិត» នោះឯង។ តើ HD 137010 b ដូចផែនដីបែបណាខ្លះ? តើមានចំណុចស្ទើរដែរឬទេ? តស់! ទៅស្វែងយល់លទ្ធផលសិក្សាថ្មីនេះទាំងអស់គ្នា!
- ចំណុចសំខាន់ៗដែល HD 137010 b ដូចភពផែនដីយើងខ្លាំង
ចំណុចដូចគ្នាដំបូងគឺ HD 137010 b មានទំហំស្ទើរតែប៉ុនភពផែនដីតែម្តង (ផែនដីមានអង្កត់ផ្ចិតប្រវែង ១២,៧១២km) ខណៈការគោចរជុំវិញផ្កាយវាវិញ ភពនេះប្រើពេលប្រមាណ ៣៣៥ថ្ងៃនៃពេលវេលាលើផែនដីទើបបានមួយជុំ ឬស្មើនឹងមួយឆ្នាំរបស់វា (ផែនដីគោចរជុំវិញព្រះអាទិត្យ១ជុំប្រើពេល ៣៦៥ថ្ងៃ) ហើយស្ថិតនៅក្នុងគម្លាតដូចនឹងផែនដីទៀត (ផែនដីមានគម្លាតជាមធ្យម ១៥០លានkm ពីព្រះអាទិត្យ)។
ពិតណាស់ HD 137010 b មិនមែនជាភពថ្មីដែលទើបត្រូវបានរកឃើញនោះទេ ដោយវាត្រូវបានរកឃើញក្នុងទិន្នន័យនៃតេឡេស្កូបអវកាស Kepler កាលពីឆ្នាំ២០១៧ តាមរយៈបេសកកម្មចុងក្រោយគឺ K2 និងបានក្លាយជាផ្ទាំងស៊ីបរង់ចាំឲ្យ NASA ចាត់ការតាំងពីពេលនោះមកផងដែរ។
ចំណុចដូចគ្នាបន្ទាប់ទៀតនោះគឺផ្កាយដែល ភព HD 137010 b កំពុងគោចរជុំវិញនោះ មានលក្ខណៈស្រដៀងនឹងព្រះអាទិត្យយើងដែរ ដោយស្ថិតនៅក្នុងលំដាប់ K-dwarf ខណៈព្រះអាទិត្យយើងស្ថិតនៅក្នុងជំពូក Yellow dwarf ឬ G-type main-sequence star។ ផ្កាយលំដាប់ K-dwarf ដូចជា HD 137010 នោះ ត្រូវបានគេគណនាថា មានកម្តៅទាបជាងព្រះអាទិត្យយើងប្រមាណ ១,០០០អង្សាសេ ខណៈទំហំ និងម៉ាស គឺស្មើប្រហែលជាង ៧០% នៃព្រះអាទិត្យយើង។

ចំណុចដូចគ្នាចុងក្រោយ នោះគឺប្រាកដណាស់ការស្ថិតក្នុងតំបន់អំណោយផលដល់ការកើតជីវិត (Habitable Zone) ដែលផ្តល់ឱកាសឲ្យភពមួយអាចមានជីវិតកកើតឡើងនោះ។ យ៉ាងណាក៏ដោយ ចំណុចស្ទើរធំមួយនោះ គឺភព HD 137010 b មិនស្ថិតនៅកន្លែងក្តៅសមរម្យហើយសើម ដូចផែនដីឡើយ ទោះបីជាស្ថិតនៅគម្លាតពីផ្កាយវាដូចផែនដីយើងក៏ដោយ… ហេតុអ្វីទៅ? ព្រោះផ្កាយ HD 137010 នោះមានកម្តៅទាបជាងព្រះអាទិត្យយើងបន្តិច ដូច្នេះមានន័យថា ភព HD 137010 b នោះទទួលបានថាមពលកម្តៅខ្សោយជាងផែនដី ឬអាចខ្សោយជាងភពអង្គារ ដែលទទួលបានពីព្រះអាទិត្យយើងទៅទៀត… តែក៏មិនមែនមានន័យថា កម្តៅនោះខ្សោយពេកដែរ។

- ភាគរយនៃការមាន «ជីវិត» និងអ្វីដែលត្រូវធ្វើបន្ត
យោងតាមក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Riverside នៃរដ្ឋ California សហរដ្ឋអាមេរិក និងវិទ្យាស្ថាន Max Planck របស់អាល្លឺម៉ង់បានអះអាងថា ឱកាសមានប្រមាណ ៤០% ដែរដែលភព HD 137010 b អាចគោចរកៀកផ្កាយមេវាជាងការគិតរបស់យើង ដែលនឹងអាចឲ្យមានកម្តៅសមរម្យជាងអ្វី ដែលការសិក្សាដំបូងបានបង្ហាញខាងលើនេះ។ យ៉ាងណាក៏ដោយ ការស្ថិតនៅចម្ងាយប្រមាណ ១៤៦ឆ្នាំពន្លឺពីផែនដីនោះ គឺមិនមែនជារឿងលំបាកឡើយសម្រាប់ការសង្កេតបន្តនៅថ្ងៃអនាគត ដើម្បីស្វែងរកសញ្ញានៃជីវិត ដែលអាចមាននៅទីនោះ។
គួរបញ្ជាក់ថា នៅក្នុងការសិក្សាដោយប្រើប្រាស់កម្មវិធី AI ថ្មី ក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យថា អាចមានភពបន្ថែមទៀតនៅជុំវិញផ្កាយ HD 137010 នោះ ដែលប្រាកដណាស់ថា ត្រូវការបេសកកម្មតេឡេស្កូបអវកាសថ្មីៗទៀត ដើម្បីតាមដានបន្ត។ តេឡេស្កូប ២ ដែលនឹងបំពេញបេសកកម្មនេះគឺទី១៖ ឧបករណ៍សង្កេតភពដទៃមានឈ្មោះថា Terra Hunting Experiment ដែលនឹងបំពាក់រួចរាល់នៅក្នុងមន្ទីរសង្កេតតារា Isaac Newton Telescope នៅលើកោះ La Palma របស់ប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០២៦នេះ ព្រមទាំងតេឡេស្កូបអវកាស PLATO របស់អង្គការអវកាសអឺរ៉ុប ESA (ឬជាអ្នកបន្តវេនរបស់ Kepler) ដែលអាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦)
