តើការចុះចតយាន Apollo លើព្រះចន្ទជាការបោកប្រាស់? (វិភាគរកការពិត)

5

(បរទេស)៖ វាជាសំនួរដែលហួសសម័យសម្រាប់អ្នកធ្លាប់យល់ដឹងរួចមកហើយ ព្រោះវាមិនមែនជាប្រធានបទថ្មីឡើយសម្រាប់ Cambo Space។ ប៉ុន្តែឈានចូលមកដល់បេសកកម្ម Artemis II របស់អង្គការ NASA សហរដ្ឋអាមេរិកនេះ ប្រិយមិត្តមួយចំនួនបានសួរនាំ ឌឺដង ចោទប្រកាន់ និងខ្លះបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលថា ហេតុអ្វីបានជា Artemis II ត្រឹមតែជិះក្រឡឹងព្រះចន្ទ តែមិនចុះចត? ហើយថា តើការចុះចតយាន Apollo និងមនុស្សលើព្រះចន្ទ កាលពីទសវត្សរ៍ ១៩៦០ និង ១៩៧០ ជាការបោកប្រាស់ឬ?

ដើម្បីឲ្យអស់ចម្ងល់នេះម្តងទៀត Cambo Space សូមធ្វើការបកស្រាយជូនប្រិយមិត្ត ដែលមិនទាន់ដឹងឲ្យបានយល់ និងធ្វើការថ្លឹងថ្លែងការពិតដោយខ្លួនឯងទៅចុះ។ ប៉ុន្តែមុននឹងបកស្រាយរឿងនេះ ខ្ញុំផ្ទាល់ក៏សូមជម្រាបជូនបងប្អូនមុនដែរថា Cambo Space តែងតែបកស្រាយគ្រប់យ៉ាងចេញពី «ប្រភពផ្លូវការ» ហើយបើទោះបីជាពេលខ្លះ មានប្រភពមិនផ្លូវការ និងពាក្យចោទប្រកាន់នានាលេចឡើង ចំពោះប្រធានបទរសើបក្នុងវិស័យនេះ ក៏យើងតែងតែស្វែងរក «ប្រភពផ្លូវការ» មកដាក់ទន្ទឹមគ្នាឲ្យបងប្អូនធ្វើការថ្លឹងថ្លែងដោយខ្លួនឯងផងដែរ។

១៖ បេសកកម្ម Apollo ដឹកមនុស្សទៅចុះលើព្រះចន្ទ

បេសកកម្ម Apollo ដឹកក្រុមអវកាសយានិរបស់អង្គការ NASA ត្រូវបានបញ្ជូនទៅកាន់ព្រះចន្ទចំនួន ៩លើក ក្នុងនោះ ៦លើកបានចុះចតដោយជោគជ័យលើព្រះចន្ទ។ បេសកកម្ម Apollo 11 បានចុះចតមុនគេលើព្រះចន្ទ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៩ និងចុងក្រោយគេគឺ Apollo 17 នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៧២

យោងតាមទិន្នន័យពី NASA គិតចាប់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៣ ដែលជាអំលុងពេលនៃការចេញបេសកកម្ម Apollo ទាំងមូលនោះ អង្គការ NASA បានចំណាយថវិកាខ្ទង់ ២៥.៨ពាន់លានដុល្លារ (គិតជាតម្លៃលុយបច្ចុប្បន្នគឺជាង ៣១០ពាន់លានដុល្លារ)។ សម្រាប់បេសកកម្ម Artemis វិញគិតត្រឹមឆ្នាំ២០២៥ អង្គការ NASA បានចំណាយជិត ១០០ពាន់លានដុល្លារហើយ…។

២៖ ភស្តុតាងបន្សល់ទុកលើព្រះចន្ទ

មានអ្វីៗជាច្រើនដែលអវកាសយានិកនៃបេសកកម្ម Apollo បានទុកចោលលើព្រះចន្ទ ដែលសរុបចូលគ្នាគឺមានទម្ងន់ប្រមាណ ២០០តោនឯណោះដូចជា៖

  • ថង់ខ្ចប់លាមក, ទឹកនោម, កំអួត និងកាកសំណល់ផ្សេងៗទៀតសរុប ៩៦កញ្ចប់
  • ទង់ជាតិសហរដ្ឋអាមេរិកចំនួន ៦ដើម និងអដ្ឋិធាតុលោក Eugene Shoemaker (ជាធាតុមនុស្សម្នាក់គត់ពីផែនដី ដែលបានដាក់ដម្កល់លើព្រះចន្ទ)។
  • គ្រាប់កូនហ្គោលរបស់អវកាសយានិក Alan Shepard និងរូបថតក្រុមគ្រួសារអវកាសយានិក Charles Duke
  • គ្រឿងយន្តចល័ត (rover) ៣គ្រឿង (លើផ្ទៃព្រះចន្ទ), កំណាត់យាន (lunar module descent stages) ចំនួន ៦គ្រឿង (លើផ្ទៃព្រះចន្ទ) និងកំណាត់យាន (lunar module ascent stages) មួយចំនួនទៀត (អាចធ្លាក់ ឬស្ថិតក្នុងគន្លងគោចរនៅឡើយ)។
  • គ្រឿងបរិក្ខាមួយចំនួនដូចជា កាមេរ៉ា, ញញួរ, ពិល, ម៉ែត្រ និងផ្សេងទៀត…។

មូលហេតុដែលរបស់របរទាំងអស់ខាងលើនេះ ត្រូវបានទុកលើព្រះចន្ទនោះ ក៏ព្រោះតែខ្លះមិនអាចយកមកវិញ ឬស្រោចស្រង់បានទេ ឧទាហរណ៍កំណាត់នៃយានអវកាស។ ហើយសម្រាប់កាកសំណល់ចេញពីអវកាសយានិក និងគ្រឿងបរិក្ខាតូចតាច ដូចដែលត្រូវបានរៀបរាប់ជាច្រើនខាងលើនេះ ត្រូវបានទុកលើព្រះចន្ទ នោះគឺដោយសារតែបេសកម្មខ្លះ ត្រូវការឲ្យយានអវកាសដឹកយកសំណាក (ដុំថ្មព្រះចន្ទ) មកកាន់ផែនដីវិញ ដែលតម្រូវឲ្យអវកាសយានិកដករបស់មានទម្ងន់ខ្លះចេញពីយាន ដើម្បីអាចឲ្យពួកគេដឹកសំណាក (sample) នោះមកកាន់ផែនដីបាន។

តែ… ភស្តុតាងសំខាន់បំផុតមួយដែលអាចបង្ហាញថា មនុស្សធ្លាប់មានវត្តមានលើព្រះចន្ទពិតមែននោះគឺ «ដានជើង (Footprints)» របស់អវកាសយានិក ដែលធ្លាប់ចុះទៅជាន់ផ្ទៃព្រះចន្ទនោះឯង។ ក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា បើគ្មានហេតុការណ៍អ្វីកើតឡើងដូចជា អាចម៍ផ្កាយធ្លាក់ចំកន្លែងដែលអវកាសយានិកធ្លាប់ចុះចត និងដើរហើរនោះ ដានជើងរបស់ពួកគេនឹងរក្សាវត្តមានបានយ៉ាងហោចណាស់ ១០-១០០លានឆ្នាំឯណោះ ព្រោះព្រះចន្ទគ្មានខ្យល់ ភ្លៀង រញ្ជួយដីធ្ងន់ធ្ងរ ឬទឹកហូរ ដែលនាំឲ្យរលុបដានទាំងនោះឡើយ…។

  • មូលហេតុដែល NASA បញ្ចប់បេសកកម្ម Apollo

អំលុងទសវត្សរ៍ ១៩៦០ និង ១៩៧០ គឺជាពេលដែលសហរដ្ឋអាមេរិកបានចូលរួមយ៉ាងខ្លាំងទៅក្នុង «សង្គ្រាមត្រជាក់ (Cold War)» ដូចជាសង្គ្រាមវៀតណាម និងការប្រកួតប្រជែងដោយផ្ទាល់ លើគ្រប់វិស័យជាមួយសហភាពសូវៀត ក្នុងនោះវិស័យអវកាសមានភាពស្វិតស្វាញខ្លាំង។

ថវិកាប្រចាំឆ្នាំសម្រាប់ NASA ត្រូវបានកាត់បន្ថយជាប្រចាំគិតចាប់តាំងពីឆ្នាំ១៩៦៨ រហូតដល់កម្រិតមួយដែល NASA ត្រូវកាត់បន្ថយបេសកកម្ម និងផ្លាស់ប្តូរគោលដៅចម្បងខ្លះៗ ដើម្បីទប់ទល់ការចំណាយដែលធ្លាក់ចុះ និងរហូតដល់មនុស្សយ៉ាងណាស់ ៥០,០០០នាក់ មកពីស្ថាប័នពាក់ព័ន្ធ និងដៃគូសហការជាមួយអង្គការអវកាសនេះ លើគ្រប់វិស័យបានបាត់បង់ការងារធ្វើ…។

តែយ៉ាងណា អង្គការ NASA បានសម្រេចគោលដៅរបស់ខ្លួន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាគ្រប់យ៉ាង ដើម្បីបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ, ចុះចតលើផ្ទៃព្រះចន្ទ និងត្រឡប់មកវិញដោយសុវត្ថិភាពរួចរាល់ជាស្ថាពរទៅហើយ ហើយ NASA កាលណោះ ក៏គ្មានផែនការបង្កើតមូលដ្ឋានស្រាវជ្រាវលើព្រះចន្ទដែរ។ ដូច្នេះសហរដ្ឋអាមេរិកកាលណោះ បានចាត់ទុកថា បេសកកម្ម Apollo បានសម្រេចជោគជ័យពេញបរិបូណ៍។

  • ហេតុអ្វីបេសកកម្ម Artemis មិនចុះចតលើព្រះចន្ទងាយៗដូច Apollo?

បងប្អូន… បច្ចេកវិទ្យាគ្រប់យ៉ាង គឺសុទ្ធសឹងតែត្រូវបានអភិវឌ្ឍទៅតាមសម័យកាលទាំងអស់…។ យើងអាចសួរជាសំនួរបែបនេះវិញថា តើយើងអាចយកទូរស័ព្ទកាលពីជំនាន់ ១៩៦០ មកខលចូលទូរស័ព្ទស្មាតហ្វូនជំនាន់នេះបានទេ? ចម្លើយគឺប្រាកដជាមិនបានទេ។ សម្រាប់បច្ចេកវិទ្យាយាន, រ៉ុក្កែត, ប្រព័ន្ធទាក់ទង និងប្រព័ន្ធបញ្ជាការលើយាន ក៏ត្រូវបានអភិវឌ្ឍទៅតាមសម័យកាលដែរ។

មួយវិញទៀត បច្ចេកវិទ្យាសម្រាប់បេសកកម្ម Artemis ជារួម គឺត្រូវបានអភិវឌ្ឍឡើងដើម្បីឲ្យមនុស្សលោកអាចបង្កើតមូលដ្ឋានរស់នៅ និងស្រាវជ្រាវជ្រាវអចិន្ត្រៃយ៍លើព្រះចន្ទ ឬបើនិយាយឲ្យចំគឺប៉ូលខាងត្បូងព្រះចន្ទ ដែលត្រូវបានគេគណនាថា មានសុវត្ថិភាពជាងគេ។ ដូច្នេះគ្រប់យ៉ាងត្រូវតែធ្វើការអភិវឌ្ឍន៍ប្រកបដោយ បច្ចេកវិទ្យាទំនើបចុងក្រោយ, ប្រព័ន្ធគាំពារអាយុជីវិតដ៏ប្រសើរ និងការរក្សាវត្តមានមនុស្សលើព្រះចន្ទរយៈពេលយូរ ដែលទាំងអស់នេះ យើងមិនអាចយកបច្ចេកទេសតាំងពីជាង ៥០ឆ្នាំមុន មកប្រើឡើងវិញបានឡើយ។

បេសកកម្ម Apollo 17 លើព្រះចន្ទក្នុងឆ្នាំ១៩៧២ (Image Credit: NASA / Apollo Mission)

សរុបមក ក្រោយពីបានឈ្វេងយល់ចំណុចខាងលើនេះ ប្រិយមិត្តអាចធ្វើការពិចារណាដោយខ្លួនឯងបាន (សម្រាប់អ្នកដែលនៅសង្ស័យ ឬមានទស្សនៈប្រកាន់ជាប់ជានិច្ចថា Apollo ចុះចតលើព្រះចន្ទជាការបោកប្រាស់ ឬហេតុអ្វីបានជាជាង ៥០ឆ្នាំមុនចុះចតបាន តែឥលូវបែរជាមិនហ៊ានចុះលើព្រះចន្ទនោះ)។ ខ្ញុំសរសេរអត្ថបទនេះ មិនមែនមានន័យថា ខ្ញុំកាន់ជើង ១០០% ទៅលើ NASA នោះទេ ប៉ុន្តែខ្ញុំគាំទ្រទៅលើភស្តុតាងជាក់ស្តែង និងតម្លៃពិតប្រាកដនៃការស្រាវជ្រាវ (បទពិសោធន៍ និងចំណេះដឹងដែលខ្ញុំមានអំពីវិស័យនេះ)។

ប្រសិនបើថ្ងៃអនាគត បេសកកម្មប្រទេសផ្សេងចុះទៅកន្លែងដែល NASA បានអះអាងថា ជាទីតាំង Apollo ធ្លាប់ចុះចតទាំង ៦លើក និងបន្សល់ទុកភស្តុតាងដូចដែលត្រូវបានរៀបរាប់ (ជាពិសេសដានជើងអវកាសយានិក) តែបើប្រទេសនោះបែរជារកមិនឃើញភស្តុតាងទាំងនោះវិញ នោះទើបការសង្ស័យរបស់លោកអ្នកជាការពិត…៕

រៀបរៀងដោយ៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦)

480×240 Banner