ទីបំផុតពួកគេធ្វើបានសម្រេចហើយ! គោចរកៀកព្រះចន្ទ និងឆ្ងាយពីផែនដីបំផុត (វីដេអូ)

182

(បរទេស)៖ ទីបំផុតក្រុមអវកាសយានិកទាំង ៤រូប នៃបេសកកម្ម អាតេមីស ២ (Artemis II) បានបង្កើតប្រវត្តិសាស្ត្រថ្មីឡើងវិញ បន្ទាប់រយៈពេលជាង ៥០ឆ្នាំ នោះគឺការគោចរទៅកៀកព្រះចន្ទបំផុត ដែលត្រូវបានធ្វើឡើងចុងក្រោយដោយបេសកកម្ម Apollo 17 ក្នុងឆ្នាំ១៩៧២។ ការគោចរទៅកៀកព្រះចន្ទ ត្រូវបានចាប់ផ្តើមឡើងកាលពីវេលាម៉ោង ២៖៤៧នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ១៖៤៧នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា)។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

គិតចាប់តាំងពីការចាប់ផ្តើមគោចរទៅកៀកព្រះចន្ទកាលពីវេលាម៉ោង ២៖៤៧នាទីរសៀលថ្ងៃទី៦ ខែមេសា នោះ រហូតដល់បញ្ចប់ការគោចរឆ្វែលផ្នែកខាងក្រោយ (Far Side) របស់ព្រះចន្ទ ដែលមិនបែរមករកផែនដី គឺមានរយៈសរុប ៧ម៉ោង ហើយក្រោយបញ្ចប់នោះ យានអវកាស Orion បានកាច់ចង្កូតសម្តៅមករកភពផែនដីវិញ ដើម្បីចុះចតលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក)។

បើតាមទិន្នន័យពីអង្គការ NASA ឲ្យដឹងថា យាន Orion និងអវកាសយានិកទាំង ៤រូប បានស្ថិតនៅក្នុងគន្លងគោចរចម្ងាយតែ ៦,៥៤៥km ប៉ុណ្ណោះពីផ្ទៃព្រះចន្ទនៅវេលាម៉ោង ៧៖០២នាទីល្ងាចថ្ងៃទី៦ ខែមេសា (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ៦៖០២នាទីព្រឹកថ្ងៃទី៧ ខែមេសានេះ (ម៉ោងនៅភ្នំពេញ) ហើយពួកគេបានមើលឃើញ ផ្នែក far side របស់ព្រះចន្ទ ប៉ុន្តែស្ថិតនៅក្នុងភាគងងឹតដោយសារតែផ្នែក Near Side ដែលបែរមករកផែនដីនោះ ទើបឆ្លងកាត់ការពេញវង់នាប៉ុន្មានថ្ងៃកន្លងទៅនេះប៉ុណ្ណោះ…។

ទិដ្ឋភាពព្រះចន្ទដែលអង្គការ NASA បានបញ្ចេញកាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) មុនប៉ុន្មានម៉ោងនៃការចាប់ផ្តើមគោចរ flyby ដោយ Orion (Credit: NASA)

ប្រវត្តិសាស្ត្រថ្មីៗមួយចំនួនត្រូវបានបង្កើតឡើង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះដូចជា Artemis II និងអវកាសយានិកទាំង៤រូប បានក្លាយជាអ្នកដែលបានទៅកាន់ «ទីអវកាសឆ្ងាយពីភពផែនដីបំផុតមិនធ្លាប់មាន» នោះគឺចម្ងាយ ៤០៦,៧៧១km ពីភពផែនដី (កាលពីវេលាម៉ោង ៧៖០៧នាទីល្ងាច ថ្ងៃដដែលម៉ោងភាគខាងកើតសហរដ្ឋអាមេរិក) ដែលជាការបំបែកកំណត់ត្រាចាស់របស់បេសកកម្ម Apollo 13 ដែលបានធ្វើកាលពីឆ្នាំ១៩៧០ នៅក្នុងរយៈចម្ងាយតែ ៤០០,១៧១km ប៉ុណ្ណោះពីផែនដី។

នៅវេលាម៉ោង ៨៖៣៥នាទីយប់ថ្ងៃទី៦ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃទី៧ ខែមេសា (ម៉ោងនៅកម្ពុជា) គឺជាការចាប់ផ្តើមនៃបាតុភូតសូរ្យគ្រាសលើយាន Orion ហើយនេះក៏ជាលើកដំបូងក្នុងជីវិតផងដែរ សម្រាប់អវកាសយានិកទាំង ៤រូប ដែលអាចមើលឃើញបាតុភូតបែបនេះក្រៅពីភពផែនដី (សូរ្យគ្រាសបញ្ចប់នៅរយៈពេល ៥៧នាទី)។ សម្រាប់អំលុងពេលនៃការហោះកាត់ផ្នែកងងឹត (far side) របស់ព្រះចន្ទនោះ គឺតម្រូវឲ្យមានកាមេរ៉ាថតយកពន្លឺក្នុងកម្រិតខ្ពស់ (night mode) ដើម្បីអាចផ្តិតបានទិដ្ឋភាពផ្ទៃព្រះចន្ទក្នុងពេលងងឹតនោះបាន (រូបភាពដែលបញ្ជូនមកផែនដី នឹងត្រូវការពេលបន្តិច) ដោយពួកគេចាប់ផ្តើមសង្កេតផ្នែក far side របស់ព្រះចន្ទនៅអំលុងម៉ោង ៩៖២០នាទីយប់ថ្ងៃទី៦ ខែមេសា (ម៉ោងនៅអាមេរិក)។

អវកាសយានិក NASA និង CSA ក្នុងយាន Orion ពេលកំពុងគោចរទៅរកព្រះចន្ទ (Credit: NASA)

ចំពោះអវកាសយានិក Christina Koch វិញ គ្រាន់តែបានចាកចេញពីគន្លងគោចរជុំវិញផែនដីនោះ លោកស្រីបានក្លាយស្ត្រីដំបូង ដែលបានចាកចេញទៅកាន់ទីអវកាសឆ្ងាយពីភពផែនដីបំផុតទៅហើយ ខណៈកាលពីឆ្នាំ២០២០ លោកស្រីធ្លាប់ជាប់ឈ្មោះជាស្ត្រី ដែលស្ថិតនៅទីអវកាសយូរបំផុតគឺ ៣២៨ថ្ងៃ នៅក្នុងស្ថានីយអវកាសដែលមានកម្ពស់ជាមធ្យម ៤០០km ពីផ្ទៃផែនដីផងដែរ។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកស្រីក៏បានក្លាយជាស្ត្រីដំបូងបង្អស់ លើភពផែនដី ដែលបានជិះយានអវកាស គោចរទៅកាន់ព្រះចន្ទផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦)

480×240 Banner