ប្រព័ន្ធឡាស៊ែរ LiDAR ជីកកកាយទំហំពិតនៃ «ទីក្រុងអង្គរ» របស់កម្ពុជា
(បរទេស)៖ ប្រព័ន្ធឡាស៊ែរ ឡៃដា (LiDAR) ត្រូវបានប្រើប្រាស់ជាលើកដំបូងលើតំបន់អង្គរ (Angkor) របស់ប្រទេសកម្ពុជា តាំងតែពីឆ្នាំ២០១២ មកម្ល៉េះ ដឹកនាំដោយបណ្ឌិត Damian Evans (ជនជាតិអូស្ត្រាលីសញ្ជាតិកាណាដា) សហការជាមួយសមាគម LiDAR បុរាណវិទ្យាខ្មែរ (KALC)។
លោក Damian Evans ត្រូវបានទទួលស្គាល់ទាំងនៅថ្នាក់តំបន់ និងអន្តរជាតិថា ជាអ្នកដែលបាននាំយកប្រព័ន្ធឡាស៊ែរដំបូង មកជីកកកាយការពិតនៃតំបន់អង្គររបស់កម្ពុជា ដែលជាការបើកទំព័រឲ្យការសិក្សាប្រវត្តិសាស្ត្រ អំពីអរិយធម៌កំពូលនៃតំបន់អាស៊ីអាគ្នេយ៍មួយនេះ មិនថាតែសម្រាប់ការយល់ដឹងការពិត នៃប្រទេសកម្ពុជាពីបុរាណប៉ុណ្ណោះទេ តែក៏ជាការទាក់ទាញឲ្យសហគមន៍អន្តរជាតិ កាន់តែចាប់អារម្មណ៍ និងទទួលស្គាល់ភាពអស្ចារ្យនៃអាណាចក្រអង្គរពីបុរាណផងដែរ។
បណ្ឌិត Damian Evans បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីសប្រទេសបារាំង ដោយជំងឺមហារីកក្នុងខួរក្បាល។ ទោះបីជាការប្រើប្រើប្រាស់ Lidar លើតំបន់អង្គរបានចាប់ផ្តើមដំបូងកាលពីឆ្នាំ២០១២ តែកិច្ចការងាររបស់លោក Damian Evans នៅកម្ពុជាបានចាប់ផ្តើមតាំងតែពីអំឡុងទសវត្សរ៍ ១៩៩០ មកម្ល៉េះ។ ក្រោយទទួលមរណភាព បណ្ឌិត Damian Evans ត្រូវបានក្រុមបុរាណវិទូអន្តរជាតិប្រសិទ្ធនាមជូនថា «មនុស្សដែលបានបង្កើតផែនទីស្នូល នៃតំបន់អង្គរទាំងមូលដំបូងបំផុត»។
ជាការពិតណាស់ មុន LiDAR ចូលមកដល់ ការសិក្សាអំពីតំបន់អង្គរត្រូវបានពឹងផ្អែកលើ ទិន្នន័យនៃការសិក្សារយៈពេលជាង ៣០ឆ្នាំ ទាំងនៅលើដីផង និងផ្កាយរណបពីទីអវកាសផង។ ប៉ុន្តែការសិក្សាកាលពីអតីតកាលបែបនោះ នៅតែត្រូវបានក្រុមបុរាណវិទូជាច្រើនសង្ស័យថា ជាការយល់ដឹងរាក់ពេកចំពោះការពិតនៃអតីតអាណាចក្រខ្មែរ។
តួយ៉ាងនៅមុន LiDAR មកដល់ ទិន្នន័យបានបង្ហាញថា ស្នូលនៃទីក្រុងអង្គរអាចមានទំហំត្រឹមតែ ៩គីឡូម៉ែត្រក្រលាប៉ុណ្ណោះ ដោយអាចកំណត់ត្រឹមរបងរបស់អង្គរធំនោះឯង ខណៈតំបន់មានប្រជាជនរស់នៅជុំវិញ អាចមានទំហំដល់ ១,០០០គីឡូម៉ែត្រក្រលា ជាមួយនឹងចំនួនប្រជាជនសរុបដែលត្រូវបានគេគណនាថាខ្ទង់ ៣០,០០០នាក់ ទៅ ៩០,០០០នាក់។ តែយ៉ាងណា ទិន្នន័យពី LiDAR បានធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែកយ៉ាងខ្លាំង…។
- តើអ្វីទៅជាប្រព័ន្ធ LiDAR ទូទៅ?
មុននឹងចូលទៅនិយាយអំពីសមិទ្ធផលដែល LiDAR បានជីកកាយចំពោះក្រុងអង្គរពីបុរាណ របស់ខ្មែរយើងនោះ ចូរគ្រប់គ្នាយល់ដឹងសិនថា តើអ្វីទៅជាប្រព័ន្ធឡាស៊ែរ LiDAR។ ពាក្យពេញរបស់ LiDAR គឺ «Light Detection and Ranging» ដែលមានន័យថា «ឧបករណ៍សេនស័រ (sensor) កំណត់ និងគូសវាទីតាំងដោយពន្លឺឡាស៊ែរពីចម្ងាយ»។
ប្រព័ន្ធ LiDAR នេះមានបំពាក់នូវឧបករណ៍សម្រាប់បាញ់ពន្លឺឡាស៊ែរ (laser) ចេញយ៉ាងលឿនបណ្តាក់ៗគ្នា ដើម្បីវាស់វែងចម្ងាយ និងបង្កើតផែនទីភូមិសាស្ត្រជាលក្ខណៈ 3D យ៉ាងលម្អិត។ ជាទូទៅនៅក្នុងប្រព័ន្ធ LiDAR មួយរួមមាន៖ ឧបករណ៍ឡាស៊ែរមួយគ្រឿង, ម៉ាស៊ីនស្កេនមួយគ្រឿង និងឧបករណ៍ទទួល GPS មួយគ្រឿង។
សម្រាប់ប្រព័ន្ធ LiDAR ដែលត្រូវបានប្រើប្រាស់លើតំបន់អង្គរនោះ គឺមានឈ្មោះថា Airborne Laser Scanning ឬជាការស្គែនដោយប្រើឡាស៊ែរពីលើអាកាស (តាមរយៈឧទ្ធម្ភាគចក្រ)។ ការស្គែនពីលើអាកាសបែបនេះ គឺដោយសារតែតំបន់អង្គរស្ទើរតែទាំងមូល គ្របដណ្តប់ដោយរុក្ខជាតិ ឬព្រៃឈើយ៉ាងក្រាស់ ដែលបិទបាំងដានទីក្រុងពីបុរាណយ៉ាងធំមហាសាល។ ដូច្នេះមានតែការស្គែនពីលើអាកាសប៉ុណ្ណោះ ទើបអាចវែករកការពិតឃើញ។
- តើ LiDAR បានជីកកាយឃើញអ្វីខ្លះ ពេលមើលពីលើអាកាសនោះ?
នៅក្នុងអត្ថបទមួយដកស្រង់ពីវែបសាយ Futurity ដែលជាក្រុមការងារមិនរកប្រាក់កម្រៃមួយ លើកស្ទួយការសិក្សាស្រាវជ្រាវទូទាំងពិភពលោក បានចុះផ្សាយកាលពីឆ្នាំ២០២១ យ៉ាងដូច្នេះថា គិតតែតំបន់ក្នុងរង្វង់កណ្តាល ឬស្នូលនៃទីក្រុងអង្គរ (Greater Angkor region) មួយប៉ុណ្ណោះ ត្រូវបានគេគណនាថា ធ្លាប់មានប្រជាជនរស់នៅដល់ក្បែរ១លាននាក់ (អាចចន្លោះពី ៧សែន – ៩សែននាក់) ឯណោះនៅក្នុងសតវត្សរ៍ទី១២ និងទី ១៣។
តួលេខនេះបានធ្វើឲ្យទីក្រុងអង្គររបស់ខ្មែរយើង ប្រទាញប្រទង់ជាមួយនឹងទីក្រុង ខៃហ្វឹង (Kaifeng) នៃរាជវង្សជីន ឬជីង (Jin Dynasty) ក្នុងខេត្តហឺណានប្រទេសចិន កាលពីសតវត្សរ៍ទី១២ដូចគ្នា ក្នុងនាមជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតលើលោក។ ប្រសិនបើគិតពីតួលេខនៃការសន្និដ្ឋាន គឺទីក្រុង Kaifeng ជាប់លេខ១ ដោយមានប្រជាជនរស់នៅខ្ទង់ ១លាននាក់ កាលពីសម័យនោះ ខណៈទីក្រុងអង្គរជាប់លេខ២។
ប៉ុន្តែក្រុមបុរាណវិទូខ្លះបានផ្តល់លេខ១ឲ្យទីក្រុងអង្គរវិញ ដោយសារតែមានការគណនាបន្ថែមឃើញថា ទីក្រុងនេះធ្លាប់មានមនុស្សដល់ទៅ ជាង១លាននាក់ឯណោះ។ ក៏មានទីក្រុងមួយចំនួនទៀតផងដែរដូចជា ខុនស្ទិនទីណូផល (Constantinople) របស់អ៊ីតាលី និងគែរ (Cairo) របស់អេហ្ស៊ីប ដែលសុទ្ធសឹងតែស្ថិតនៅក្នុងចំណោម ទីក្រុងមានប្រជាជនរស់នៅច្រើនបំផុតក្នុងលោក កាលពីសតវត្សរ៍ទី១២នោះ តែក៏នៅតែតិចជាងទីក្រុងអង្គររបស់ខ្មែរ ខណៈទំហំផ្ទៃដីវិញក៏តូចជាងដែរ។
ទិន្នន័យថ្មីអំពីតំបន់អង្គរខាងលើនេះ ពិតណាស់គឺទទួលបានមកពីការប្រើប្រាស់ LiDAR នោះឯង ហើយអ្វីដែលកាន់តែតួឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះ គឺទំហំរបស់ក្រុងអង្គរទាំងមូលតែម្តង ដោយគ្របដណ្តប់លើផ្ទៃដីដល់ទៅ ៣,០០០គីឡូម៉ែត្រក្រលាឯណោះ (ក្នុងនោះ ៣៥គីឡូម៉ែត្រក្រលាជាតំបន់កណ្តាលក្រុង) នៅក្នុងអំលុងពេលដែលអាណាចក្រអង្គរ ឈានដល់កម្រិតកំពូលនៃអំណាចអំលុងសតវត្សរ៍ទី ១២ និងទី ១៣ នៃគ.ស. ដូច្នេះអង្គរជាទីក្រុងដែលមានទំហំផ្ទៃដីធំជាងគេបំផុតលើពិភពលោក នៅក្នុងជំនាន់នោះហើយ។
គួរបញ្ជាក់ថា ទិន្នន័យបានមកពី LiDAR ដែលត្រូវបានប្រើប្រាស់លើតំបន់អង្គរចាប់ពីឆ្នាំ២០១២ និងបន្តការសិក្សាស្រាវជ្រាវដល់ឆ្នាំ២០១៥នោះ ក្រុមបុរាណវិទូបានរកឃើញ ដាននៃសំណង់បុរាណប្រមាណជាង ២០,០០០ទីតាំងឯណោះ ដែលគេមិនធ្លាប់ឃើញពីមុននៅក្នុងតំបន់កណ្តាលក្រុងអង្គរ (Greater Angkor Region) ឬបរិវេនអង្គរតូច និងអង្គរធំ ព្រមទាំងតំបន់ជុំវិញ។ ទិន្នន័យនេះ គឺបន្ថែមពីលើទិន្នន័យចាស់ដែលមានស្រាប់នោះគឺ ៥,០០០ទីតាំង ដូច្នេះចំនួនសរុបឡើងដល់ ២៥,០០០ទីតាំង។
យើងមិនអាចឃើញដាននៃសំណង់ ឬកន្លែងធ្លាប់មានសំណង់ដូចជាប្រាសាទ ប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ និងរហូតដល់លំនៅឋានរបស់ប្រជាជន ដោយគ្រាន់តែការសង្កេតនៅលើដី ឬតាមផ្កាយរណបធម្មតាៗនោះបានឡើយ។ LiDAR បានជួយយើងឲ្យវែករកឃើញដានទាំងនោះ តាមរយៈបច្ចេកវិទ្យាដ៏ពិសេសចុងក្រោយរបស់វា ដោយសូម្បីតែដាននៃផ្ទះប្រជាជនសម័យនោះ ក៏មានបង្ហាញចេញផងដែរ ហើយផ្ទះទាំងនោះត្រូវបានគេប៉ាន់ប្រមាណថា អាចមានសមាជិកយ៉ាងហោចណាស់ ៥នាក់ក្នុងផ្ទះ១ខ្នងៗ។

ក្រុមបុរាណវិទូអន្តរជាតិថែមទាំងបានពណ៌នាថា ដំណើរការនៃការអភិវឌ្ឍន៍ទីក្រុងអង្គរ គឺមិនសូវខុសពីការពង្រីកខ្លួននៃទីក្រុងទំនើបៗបច្ចុប្បន្ននេះឡើយ ដោយពួកគេអាចឃើញលម្អិតបំផុត ពីការពង្រីកចាប់ពីតំបន់កណ្តាលក្រុងរហូតដល់ផ្នែកជាយៗ ដែលមានភាពខុសប្លែកគ្នា និងមានការប្រែប្រួលពីសម័យកាលនៃព្រះមហាក្សត្រអង្គនិមួយៗ ទៅតាមសមត្ថភាពនៃការអភិវឌ្ឍន៍វិស័យសំណង់ដូចជា ប្រាសាទ លំនៅឋាន ផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ ដែលទាំងអស់នេះសុទ្ធសឹងតែធំធេង និងអស្ចារ្យជាងទិន្នន័យដែលមិនទាន់មានការសង្កេតដោយ LiDAR ឆ្ងាយណាស់៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Futurity / The Guardian (ថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦)
