Oops! តេឡេស្កូបអវកាស James Webb ឆ្លុះចំ «ភព-ពងមាន់ស្អុយ»
(បរទេស)៖ រឿងរ៉ាវនៃភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanets) ដែលពិសេសៗ និងចម្លែកៗ ពិតជាមានមិនចេះចប់មិនចេះហើយនោះទេ។ តួយ៉ាងនៅអំលុងខែមីនា ឆ្នាំ២០២៦នេះ តេឡេស្កូបអវកាស James Webb ទើបតែបានឆ្លុះចំភពពិសេសមួយ ដែលនៅពេលលោកអ្នកស្តាប់រហស្សនាមវាហើយ នឹងពិបាកជឿបន្តិច តែបើតាមទិន្នន័យសង្កេតធាតុផ្សំក្នុងបរិយាកាសភពនោះ ដោយឧបករណ៍វិទ្យាសាស្ត្រលើ James Webb យើងមិនអាចប្រកែកអំពីការពិតនេះបានទេ…។
ភពថ្មីដែល James Webb ទើបបានឆ្លុះបរិយាកាសខាងលើនេះមានរហស្សនាមថា «ភពពងមាន់ស្អុយ» ដោយឈ្មោះសម្គាល់ផ្លូវការរបស់វាគឺ L 98-59 d។ ភពនេះត្រូវបានតេឡេស្កូបអវកាស TESS ឆ្លុះឃើញកាលពីឆ្នាំ២០២១ និងក្រោយពីការសិក្សាបន្ថែម ក្រុមអ្នកវិទ្យាសាស្ត្របានសង្ស័យថាវា «អាចមានជីវិត» ព្រោះតែការសង្កេតនោះបានបង្ហាញតំរុយដ៏ពិសេសមួយថា វាអាចពោពេញដោយទឹក ឬមហាសមុទ្រ (Hycean ឬ Ocean World)…។
យ៉ាងណាក៏ដោយ បើតាមតេឡេស្កូបអវកាស James Webb ដែលមានឧបករណ៍ឆ្លុះបរិយាកាស និងវិភាគរកសមាសធាតុផ្សំស្តែងៗ នៅក្នុងបរិយាកាសភព Exoplanets នានានោះ បានបញ្ចេញលទ្ធផលសង្កេតបរិយាកាសភព L 98-59 d ដោយខុសទាំងស្រុងទៅនឹងលទ្ធផលសង្កេតកាលពីឆ្នាំ២០២១។ តើអ្វីខ្លះដែរខុសគ្នា? សូមតាមដានព័ត៌មានលម្អិតនេះដូចតទៅ៖
- បរិយាកាសដែលមានក្លិនដូច «ពងមាន់ស្អុយ»
ភព L 98-59 d ដែលមានទំហំស្មើនឹង ១.៦ដង នៃទំហំភពផែនដីយើងនោះ គោចរជុំវិញផ្កាយប្រភេទ Red Dwarf ឈ្មោះ L 98-59 ដែលជាជំពូកតារាក្រហមទំហំតូច។ ភពនេះត្រូវបានគេដឹងថា មានដង់ស៊ីតេទាបជាងផែនដីយើងឆ្ងាយណាស់ ដូច្នេះហើយទើបបរិយាកាសរបស់វា អាចទ្រទ្រង់បានត្រឹមតែឧស្ម័នមានម៉ាសស្រាល ហើយក្នុងនោះ James Webb បានសង្កេតឃើញវត្តមាន អ៊ីដ្រូសែន ស៊ុលភីត (Hydrogen Sulfide)។
សម្រាប់អ្នកដែលមិនទាន់ដឹង សមាសធាតុ អ៊ីដ្រូសែន ស៊ុលភីត នេះមានក្លិនដូចទៅនឹងក្លិន «ពងមាន់ស្អុយ» យ៉ាងដូច្នោះឯង។ យោងតាមទិន្នន័យពី James Webb ភព L 98-59 d គ្មានវត្តមានទឹក ឬមហាសមុទ្រទឹករាវលើផ្ទៃរបស់វាអ្វីនោះទេ តែវាបែរជាពោពេញដោយ សមុទ្រនៃកម្អែលភ្លើង (oceans of magma) និងបរិយាកាសនៃឧស្ម័ន ស្ពាន់ធ័រ-ឌីអុកស៊ីត (sulfur dioxide) និង អ៊ីដ្រូសែន-ស៊ុលភីត (hydrogen sulfide) យ៉ាងក្រាស់ឃ្មឹកទៅវិញ។

- គួរតែផ្លាស់ប្តូរទស្សនៈខុសឆ្គងពីមុន
ក្រោយពីបានសិក្សាលើទិន្ន័យពី James Webb ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស ដឹកនាំដោយអ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Harrison Nicholls បានថ្លែងយ៉ាងដូច្នេះថា «ការរកឃើញនេះបង្ហាញថា វិធីសាស្ត្រដែលក្រុមតារាវិទូបច្ចុប្បន្ន កំពុងប្រើប្រាស់ដើម្បីកំណត់បុគ្គលិកលក្ខណៈនៃភពតូចៗនៅប្រព័ន្ធផ្កាយដទៃនោះ ហាក់ដូចជាសាមញ្ញពេក។ ខណៈដែលភពម៉ាក់ម៉ាប្រភេទនេះ មើលទៅមិនអាចទ្រទ្រង់ជីវិតបាននោះ វាជាការឆ្លុះបញ្ចាំងពីភាពសម្បូរបែបនេះនៃ Exoplanets លើសពីការស្មានរបស់យើងទៅទៀត»។
គួរបញ្ជាក់ថា ការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះ ត្រូវបានធ្វើឡើងព្រោះតែទិន្នន័យដែលចេញពី James Webb ចំពោះភព L 98-59 d មានលក្ខណៈខុសឆ្ងាយពេក ទៅនឹងទិន្នន័យចេញពីតេឡេស្កូបអវកាស TESS និងតេឡេស្កូបលើដីផ្សេងទៀត។ ដូច្នេះពួកគេបានណែនាំថា ការសន្មតលើអ្វីមួយទៅថ្ងៃអនាគតគួរតែកុំត្រូវធ្វើឡើងលឿនពេក ដោយត្រូវរង់ចាំការសង្កេតបន្ត និងច្បាមលទ្ធផលស្រាវជ្រាវឲ្យអស់លទ្ធភាពសិន។

- រម្លឹកឡើងវិញអំពីប្រព័ន្ធផ្កាយ L 98-59
ក្រោយការរកឃើញដំបូងគឺ L 98-59 b នៅជុំវិញផ្កាយ L 98-59 ដែលមានចម្ងាយ ៣៥ឆ្នាំពន្លឺពីផែនដី កាលពីឆ្នាំ២០២១នោះ មកទល់នឹងខែសីហា ឆ្នាំ២០២៥ ភព (Exoplanets) ដល់ទៅចំនួន ៥ ហើយ ត្រូវបានរកឃើញជុំវិញផ្កាយ L 98-59 ក្នុងនោះមានដូចជា L 98-59 b, c, d, e និង f ខណៈ L 98-59 f គឺជាភពចុងក្រោយគេដែលទើបត្រូវបានប្រកាសចេញ ហើយវាអាចស្ថិតនៅក្នុងតំបន់អំណោយផលដល់ ការកកើតជីវិត (habitable zone) ថែមទៀតផង។ យើងនឹងរង់ចាំ James Webb សង្កេតភព L 98-59 f នេះនៅថ្ងៃអនាគត៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦)
