យាន Psyche ហោះកាត់ប៉ូលខាងត្បូងភពអង្គារ ដើម្បីប្រើប្រាស់ភពអង្គារ…

2

(បរទេស)៖ ប្រិយមិត្តធ្លាប់សួរមកកាន់ Cambo Space ជារឿយៗថា តើយាននានាដែលហោះឆ្វេចឆ្វាចពេញប្រព័ន្ធព្រះអាទិត្យយើងនេះ ប្រើថាមអ្វីបានជាពួកវាអាចគោចរលឿន និងបានចម្ងាយរាប់រយរាប់ពាន់លានគីឡួម៉ែត្របែបនោះ? ពិតណាស់! ចម្លើយប្រាកដជាមាននៅក្នុងអត្ថបទ (វីដេអូ) ថ្មីនេះ តាមរយៈបេសកកម្មយាន Psyche ទៅកាន់អាចម៍ផ្កាយ សាយគី ១៦ (Psyche 16) ដែលស្ថិតនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) ចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) នោះឯង។

តែមុននឹងចូលទៅរកចម្លើយ ចូរមកតាមដានព័ត៌មានដ៏ថ្មីសន្លាងពីយាន Psyche នេះសិន ព្រោះវាទើបហោះកាត់ (flyby) ភពអង្គារកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា) ប៉ុណ្ណោះ ហើយនៅថ្ងៃទី២០ ខែឧសភានេះ រូបភាពពិសេសៗទើបត្រូវបានអង្គការ NASA បញ្ចេញឲ្យមនុស្សលោកលើផែនដីបានឃើញ។

  • យាន Psyche ហោះកាត់ភពព្រះអង្គារ

លោកអ្នកប្រាកដជាគិតថា រូបភាពទាំងអស់នេះគ្មានអ្វីពិសេសទេ ដោយវាចាញ់រូបភាពថតដោយបេសកកម្ម NASA និង ESA ដែលកំពុងគោចរជុំវិញភពអង្គារស្រាប់ដូចជា យាន MRO និង Mars Express នោះទៅទៀត។ យើងមិនអាចប្រកែកបានទេ ចំពោះការគិតបែបនេះ ប៉ុន្តែលក្ខណៈពិសេសមិនមែនស្ថិតនៅត្រង់គុណភាពរូបភាពទាំងនេះទេ តែស្ថិតនៅក្នុងបេសកកម្មដែលទៅផ្តិតវាយកមក។

Psyche ជាយានពិសេសដែលគេបញ្ជូនទៅសិក្សា Psyche 16 ដែលជាអាចម៍ផ្កាយខ្នាតធំ ពោពេញដោយសមាសធាតុរ៉ែមានតម្លៃពេញខ្លួន តែវាមិនមែនទៅជីកយករ៉ែទាំងនោះទេ ដោយគោលដៅសំខាន់គឺទៅសិក្សាអំពីរបៀបនៃការកកើតភពថ្ម (Rocky Planet) ដូចជាភពផែនដី ដោយយក Psyche 16 នោះជាឧទាហរណ៍ ព្រោះក្នុងនាមជាអាចម៍ផ្កាយដែលមានមុខកាត់ជាមធ្យម ២២៦km ដែលក្រុមអ្នកវិទ្យាសាស្ត្រចាត់ទុកថា ជាស្នូលនៃភពបរាជ័យមួយនោះអាចកំពុងលាក់អាថ៌កំបាំងនេះ…។

យាន Psyche ហោះកាត់ប៉ូលខាងត្បូងភពអង្គារ ដើម្បីប្រើប្រាស់ភពអង្គារ…
តំបន់ប៉ូលខាងត្បូងភពអង្គារថតដោយយាន Psyche (Credit: NASA / JPL-Caltech / ASU)
  • រូបភាពពិសេសៗដែល Psyche ថតបាន

មិនខុសពីផែនដី ឬព្រះចន្ទរបស់យើងនោះទេ ភពអង្គារក៏អាចឲ្យយានអវកាស ថតបានរូបភាណជាលក្ខណៈមួយចំណិត, មានពន្លឺពាក់កណ្តាល, ជិតពេញ និងពេញពេញផងដែរ អាស្រ័យទៅលើជ្រុងដែលយាននោះហោះកាត់ ព្រោះទីឋានទាំងអស់នេះសុទ្ធសឹងតែគោចរជុំវិញព្រះអាទិត្យដូចគ្នា។ យើងអាចឃើញរូបភាពភពអង្គារពេលដែលគោចរឃើញមួយចំណិតពីចម្ងាយ រហូតទៅកាន់តែកៀកទៅៗ និងរហូតគោចរកាត់ប៉ូលខាងត្បូងភពអង្គារ តាមរយៈរូបភាពថតដោយ Psyche ទាំងអស់នេះ…។

ប្រាកដណាស់ នៅប៉ូលខាងត្បូងភពអង្គារពោពេញដោយកាតឹបទឹកកក ហើយនៅក្នុងរណ្តៅ (craters) នានា ក៏ឃើញមានដូចគ្នាដែរ គ្រាន់តែចំប៉ូលខាងត្បូងតែម្តងនោះ គឺមានច្រើនជាប្រចាំ។ រូបភាពមួយសន្លឹកនេះគឺជាតំបន់ដ៏គួរឲ្យចាប់អារម្មណ៍មួយមានឈ្មោះថា Syrtis Major ដែលបង្ហាញពីការតឹបទឹកកករសាត់ចេញពីក្រហូងនានា ដោយសារតែខ្យល់បក់បោកលើតំបន់នោះ ព្រោះភពអង្គារមានរង្វិលខ្ញាល់ និងទទួលរងជាប្រចាំនូវឥទ្ធិពលកម្តៅ និងខ្យល់ពីព្រះអាទិត្យ ដូច្នេះរដូវនៅលើភពនេះក៏មានដែរ គ្រាន់តែមិនដូចលើផែនដី…។

ជាការពិត យាន Psyche មិនមែនជាបេសកកម្មទៅសិក្សាភពអង្គារនោះទេ តែការឆ្លៀតថតបានរូបពិសេសទាំងអស់នេះ ក៏ជាការតេស្តប្រព័ន្ធដំណើរការទាំងអស់ដូចជា ប្រព័ន្ធទាក់ទងជាមួយចានតេឡេស្កូបទទួល និងបាញ់ទិន្នន័យល្បឿនលឿនកាន់ទីអវកាសឆ្ងាយ យើងហៅថា Deep Space NetworkDSN លើផែនដី មុននឹងទៅដល់ Psyche 16 នោះ។

តំបន់ Syrtis Major ភពអង្គារថតដោយយាន Psyche (Credit: NASA / JPL-Caltech / ASU)
  • ហេតុអ្វីត្រូវហោះកាត់ភពអង្គារ?

ដូចអ្វីដែលយើងបានបញ្ជាក់នៅខាងដើមអត្ថបទ (វីដេអូ) នោះឯង គឺយាន Psyche ត្រូវការកម្លាំងរបស់ភពអង្គារ ដើម្បីរុញខ្លួនឯងទៅមុខបន្ថែម។ តើកម្លាំងនោះជាអ្វី? ការហោះកាត់ភពអង្គារ គឺស្ថិតនៅក្នុងកៀកបំផុតនោះប្រមាណ ៤,៦០៩km តែប៉ុណ្ណោះ ដើម្បីប្រើប្រាស់កម្លាំងទំនាញ (Gravity) របស់ភពក្រហមនោះ រុញច្រានខ្លួនវាបន្ថែមរហូតកម្រិតមួយ ដែលវាអាចសារ៉េកំណត់ទិសដៅនៃដំណើរគោចរ ដោយមិនចាំបាច់ប្រើឥន្ធនៈលើយានដើម្បីកំណត់ ហើយវានឹងឆ្ពោះទៅរក Psyche នោះតែម្តង។

ជុំវិញប្រតិបត្តិការនេះ អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Don Han ទទួលបន្ទុកខាងចាត់ចែងចង្អុលទិសដៅ ឲ្យបេសកកម្មយាន Psyche បានលើកឡើងថា «ថ្វីត្បិតតែយើង មានទំនុកចិត្តស្រាប់ទៅហើយចំពោះការគណនាទាំងអស់ និងគម្រោងហោះហើរនេះ ក៏ការត្រួតពិនិត្យទិន្នន័យនៃរលកសញ្ញាវិទ្យុទៅមក (រវាង Psyche និង DSN) បែបនេះ នៅតែជារឿងគួរឲ្យរំភើបខ្លាំង…។ យើងអាចបញ្ជាក់ពេលនេះថា ភពអង្គារបានជួយជម្រុញល្បឿនបន្ថែមសម្រាប់ Psyche ប្រមាណ ១,៦៨០km ក្នុងមួយម៉ោង ហើយបានសារ៉េទិសដៅនៃគន្លងគន្លងរបស់វាបាន ១ដឺក្រេ ជាមួយនឹងព្រះអាទិត្យ ហើយពេលនេះយានកំពុងស្ថិតនៅក្នុងដំណើរទៅរកអាចម៍ផ្កាយ Psyche 16 នោះហើយក្នុងល្បឿន ១៣៥,០០០km ក្នុងមួយម៉ោង ដោយនឹងទៅដល់នៅខែកំលុងចុងខែកក្កដា ឆ្នាំ២០២៩»

(Image Source: NASA)

គួរបញ្ជាក់ថា រាល់យាន (គ្រឿងយន្តអវកាស) ទាំងតូចទាំងធំ គឺមិនអាចខ្វះបានឡើយនូវការប្រើប្រាស់ កម្លាំង Gravity របស់ភពផែនដី និងភពនានាផ្សេងទៀតក្នុងគន្លងផ្លូវធ្វើដំណើរទៅរកគោលដៅចម្បងរបស់វា ដើម្បីជាកម្លាំងរុញច្រានល្បឿនទៅមុខបន្ថែម (gravity assist) ឬពាក្យពីដើមហៅថា ចំពាម (slingshot) ព្រោះនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ទីឋាននានាទាំងអស់ សុទ្ធតែផ្សាភ្ជាប់គ្នាដោយកម្លាំងទំនាញនឹងហើយ។ រឿងនេះងាយយល់ប៉ុណ្ណោះ ព្រោះពីភពមួយទៅភពមួយ សុទ្ធតែមានចម្ងាយពីរាប់សិបលាន ទៅរាប់រយរាប់ពាន់លានគីឡូម៉ែត្រពីភពផែនដី ហើយយើងគ្មានរ៉ុក្កែតមហាធំធេងឯណាដែលអាចបំពេញតម្រូវការនៃការធ្វើដំណើរដ៏ឆ្ងាយមហាសែនឆ្ងាយបែបនោះឡើយ…។

វិធីសាស្ត្រនៃការប្រើប្រាស់ Gravity Assist ជួយរុញច្រានយានអវកាសទៅមុខនេះ ជាគំនិតដែលត្រូវបានរំលេចចេញដំបូងដោយ អ្នកវិទ្យាសាស្ត្រសូវៀតលោក Yuri Kondratyuk កាលពីឆ្នាំ១៩១៨ និងក្រោយមកទៀតមានការសិក្សាបន្ថែមដោយ អ្នកវិទ្យាសាស្ត្របារាំងលោក Friedrich Zander នៅឆ្នាំ១៩២៥។ បន្តមកទៀតគឺវិស្វករជនជាតិអ៊ីតាលីលោក Gaetano Crocco បានបំបែកគំនិតនេះ ដោយគណនាបន្ថែមអំពីការប្រើប្រាស់ Gravity Assist ពីភពមួយទៅភពមួយ (Interplanetary Gravity Assists) នៅឆ្នាំ១៩៥៦។ តែយ៉ាងណា ចុងបញ្ចប់អ្នកបំបែកគំនិតនេះបានសម្រេច និងក្រោយមកបានយកមកប្រើប្រាស់ដោយជោគជ័យ គឺអ្នកវិទ្យាសាស្ត្រអង្គការ NASA នៃសហរដ្ឋអាមេរិក លោក Michael Minovitch កាលពីឆ្នាំ១៩៦១៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA / JPL-Caltech (ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦)

480×240 Banner